កម្ពុជា​និង​ថៃ​សម្រេច​ផ្អាក​គម្រោង​ជួប​ចរចា​ពី​បញ្ហា​ព្រំដែន​នៅ​សៀមរាប

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​សម្រេច​ផ្អាក​ជា​បន្ទាន់​នូវ​គម្រោងការ​ជួប​ចរចា​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​គ្រោង​ធ្វើ​នៅ​ថៃ្ង​ទី​២៩ ខែ​សីហា​នេះ ដោយ​មាន​សំណើ​ពី​ភាគី​ថៃ​សុំ​ផ្អាក ដោយ​គ្មាន​ថៃ្ងកំណត់​ធ្វើ​វិញ​នៅ​ពេល​ណា​ទ្បើយ ។
ដោយ សុខ សេរី
2008.08.28
កិច្ចប្រជុំ កិច្ច​ចរចា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​និង​ថៃ កាលពី​ថ្ងៃ​ទី​១៩ សីហា ២០០៨ នៅ​ក្នុង​ក្រុង​ហួហ៊ីន ប្រទេស​ថៃ។
RFA Photo/Pong Khemerak

លោក​ឧត្តមសេនីយ៍ឯក នាង ផាត ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​ចរចា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ៖ «អត់​ទេ​ផ្អាក​ហើយ ថៃ​សុំ​ពន្យារ​ពេល គេ​អត់​ប្រាប់​មូលហេតុ​ទេ ប៉ុន្តែ​យើង​ដឹង​ថា​ប្រហែល​ជា​មក​ពី​ផ្ទៃ​ក្នុង​ស្រុក​គេ​ហើយ យើង​មើល​ទៅ ។ ...គេ​ថា អត់​ដឹង​ពេល​ណា​ទេ គេ​សុំ​ពន្យារ​ពេល​សិន ។ ក្រុម​ការងារ​គេ​មក​ធ្វើការ​ជាមួយ​ក្រុម​យើង​អស់​ហើយ ម្សិលមិញ ។ ឥឡូវ​គេ​ទៅ​វិញ​ថ្ងៃ​នេះ​អស់​ហើយ គេ​មក​៣០​នាក់ ធ្វើការ​ជាមួយ​ពួក​ខ្ញុំ ហើយ​ខ្ញុំ​អត់​ទៅ ខ្ញុំ​នៅ​ភ្នំពេញ ថ្ងៃ​នេះ​បាន​ត្រូវ​ទៅ គេ​ផ្អាក​អ៊ីចឹង យើង​មិន​បាច់​ទៅ​អី»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​បាន​ធ្វើ​បាតុកម្ម​អហិង្សា​មិន​បាន​សម្រេច កាលពី​ថៃ្ង​ទី​១៧ ខែ​សីហា​សប្តាហ៍​កន្លង​ទៅ ក្នុង​ការសម្ដែង​មតិ​ប្រឆាំង​ការឈ្លានពាន​របស់​កងទ័ព​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​នោះ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ចំពោះ​ការផ្អាក​គម្រោងការ​ចរចា នៅ​ថ្ងៃ​ទី២៩ សីហា​នេះ ថា ៖ «ជំនួប​ប្រជុំ​រវាង​កម្ពុជា ខ្ញុំ​គិត​ថា​វា​អត់​មាន​បាន​ផល​ប្រយោជន៍​អី​ទេ គ្រាន់តែ​ជា​ការពន្យារ​ពេល​របស់​ភាគី​សៀម ហើយ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​អូសបន្លាយ​ពេល​វេលា​ទៅ​តាម​ភាគី​សៀម ពីព្រោះ​សៀម​គេ​ជា​អ្នក​ឈ្លានពាន​មក​លើ​អធិបតេយភាព បូរណភាព​ទឹក​ដី​នៃ​កម្ពុជា ។ ដូច្នេះ​យើង​ក្នុង​នាម​ជា​ជន​រងគ្រោះ​យើង​ត្រូវតែ​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ។ យើង​មិន​ត្រូវ​ឲ្យ​អូសបន្លាយ​ឲ្យ​ចេះតែ​យូរ​ទៅៗ ម្ដង​ហើយ​ម្ដង​ទៀត​ទេ»

សូម​រំឭក​ថា​មន្រ្តី​ជាន់ខ្ពស់​របស់​កម្ពុជា​និង​ថៃ​បាន​ជួប​ប្រជុំ​ចរចា​ទ្វេ​ភាគី​ចំនួន​បី​លើក​រួច​មក​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​កងទ័ព​ថៃ​ចូល​មក​រំលោភ​នឹង​ឈ្លានពាន​នៅ​លើ​ទឹក​ដី​កម្ពុជា ត្រង់​តំបន់​ប្រាសាទ​ព្រះវិហារ​និង​តំបន់​ប្រាសាទ​តាមាន់​ធំ​របស់​កម្ពុជា ប៉ុន្តែ​សេចក្តី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា កង​យោធា​ថៃ​នៅតែ​បន្ត​ឈរជើង​នៅ​តំបន់​នោះ​នឹង​រាតត្បាត​ទៅ​កន្លែង​ដទៃ​ទៀត ក្នុង​ទឹក​ដី​កម្ពុជា​នៅ​ជាប់​ព្រំដែន​ថៃ ។

កាលពី​ថៃ្ង​ទី​២២ ខែ​សីហា​សប្តាហ៍​កន្លង​ទៅ​នេះ លោក​នាយ​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា បាន​សរសេរ​លិខិត​ឆ្លើយតប​នឹង​លោក Samak Sundaravej នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ថៃ​ជាមួយ​នឹង​ការសង្ឃឹម​ថា កិច្ចប្រជុំ​លើក​ទី​២ រវាង​ប្រធាន​ក្រុម​ការងារ​សម្រប​សម្រួល​បណ្តោះអាសន្ន និង​ប្រធាន​គណៈកម្មាធិការ​តំបន់​ព្រំដែន​ថៃ នៅ​ថៃ្ង​ទី​២៩ ខែ​សីហា​ខាង​មុខ​នេះ នឹង​នាំ​មក​នូវ​ការដក​កងទ័ព​ដែល​នៅ​សេសសល់​ទាំងអស់​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​ព្រមទាំង​បញ្ឈប់​នូវ​កំណើន​យោធា​កើត​មាន​នៅ​តាម​តំបន់​ព្រំដែន​ផ្សេងៗ​ទៀត ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។