លោកឧត្ដមសេនីយ៍ទោបានបញ្ជាក់ថា សកម្មភាពថៃសហការល្អជាមួយកម្ពុជាដូចសព្វដងនោះគឺខុសពីធម្មតា សូម្បីតែដំណើរទស្សនកិច្ចរបស់កូនស្ដេចថៃដែលគេដឹងថាមកកាន់ស្រុកប៉ាត់ត្យា ក្នុងខែត្រស្រះកែវ នាថ្ងៃទី៣១នេះ ក៏ការិយាល័យទំនាក់ទំនងព្រំដែនមិនទទួលបានព័ត៌មានដែរ ។
លោកឧត្ដមសេនីយ៍ទោ សុខ ភាព បានឲ្យដឹងថា ៖ «តាមមើលដូចរឿងព្រះវិហារ គេមកក៏មិនប្រាប់យើង ។ ដូច្នេះគេធ្វើអីគេឈប់ផ្ដល់ព័ត៌មានឲ្យយើងហើយ គេធ្វើតាមផែនការរបស់គេ» ។
ចំណែកឯលោក ម៉ៅ រ៉ៃ មេបញ្ជាការវរសេនាតូចការពារព្រំដែន៨០៧ បានឲ្យដឹងតាមរយៈអ្នកស៊ើបការណ៍ថា ថៃកាលពីថ្ងៃទី១៦ ខែកក្កដា បានបញ្ជូនកងទ័ពជាឯកសណ្ឋានប៉ារ៉ានិងទាហានឈុតខ្មៅប្រមាណ២០០នាក់ ដាក់នៅចំណុច០៣ ក្បែរជើងភ្នំដងរែកក្នុងស្រុកប៉ាត់ត្យា ខែត្រស្រះកែវ ដោយមានរថពាសដែកចំនួន១៥គ្រឿងប្រចាំការនៅទីនោះ ដោយភាគីថៃអះអាងថាការដាក់កម្លាំងនៅទីនោះគឺដើម្បីការពារស្ដេចថៃចុះមកពិនិត្យមើលតំបន់អភិវឌ្ឍន៍នៅទីនោះ ។
លោក ម៉ៅ រ៉ៃ បានមានប្រសាសន៍ថា ៖ «ប៉ុន្តែបើរថក្រោះហើយនិងអាស្គុត ហើយនិងកម្លាំង យើងឃើញនឹងភ្នែកជាក់ស្ដែងតែម្ដង» ។
លោក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៩៩១ បានឲ្យដឹងថានៅថ្ងៃទី៣១ ខាងកម្លាំងការពារព្រំដែនសង្កេតឃើញឧទ្ធម្ភាគចក្រចំនួន៥គ្រឿង បានហោះហើរតាមក្រវ៉ាត់ព្រំដែននៅក្នុងទឹកដីថៃ តាមបណ្ដោយព្រំដែននៃស្រុកកំរៀង ខែត្របាត់ដំបង ឆ្ពោះទៅកាន់ស្រុកប៉ាត់ត្យា ខែត្រស្រះកែវ ប្រទេសថៃ ដើម្បីការពារដំណើរទស្សនកិច្ចរបស់ស្ដេចថៃ ។
លោក ហាំ វណ្ណៈ បានឲ្យដឹងថា ៖ «មានចំនួនឧទ្ធម្ភាគចក្រប្រហែលជា៥គ្រឿងដែលឆ្លងកាត់ដី មិនមែនខាងយើងទេ គ្រាន់តែវាបើកអៀបព្រំដែនដើម្បីទៅប៉ាត់ត្យា» ។
លោក សយ វណ្ណារ៉េត មេបញ្ជាការកង៥០៣ការពារក្រវ៉ាត់ព្រំដែនក្នុងខែត្របន្ទាយមានជ័យបានថ្លែងថា ការដាក់ពង្រាយកម្លាំងទ័ពរបស់ថៃនិងគ្រឿងសព្វាវុធផ្សេងៗនៅតាមព្រំដែន គឺជាយុទ្ធសាស្ត្ររបស់ភាគីថៃដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនឲ្យមានកិច្ចចរចាតាមនយោបាយការទូតតែប៉ុណ្ណោះ ។
ក្រោយពីការចូលលុកលុយឈ្លានពានរបស់ថៃប្រទេសកម្ពុជាបានជួបចរចាជាមួយនឹងប្រទេសថៃចំនួន២លើករួចមកហើយ ដើម្បីឲ្យមានការដកទ័ពចេញ ប៉ុន្តែការចរចាចុងក្រោយនៅខែត្រសៀមរាប កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ ភាគីទាំងពីរបានយល់ព្រមដកទ័ពចេញពីតំបន់នោះ ប៉ុន្តែរហូតមកដល់ពេលនេះសកម្មភាពចល័តទ័ពនៅតែមានដដែលនៅតាមតំបន់ព្រំដែន ៕