កុមារ​ចេញ​ធ្វើ​ពលកម្ម​នៅ​ប៉ោយប៉ែត​នៅតែ​មាន​ចំនួន​ច្រើន

ចំនួន​កុមារ​ខ្មែរ​ដែល​ចេញ​ធ្វើ​ពលកម្ម​ដើម្បី​រក​ចំណូល​ចិញ្ចឹម​ជីវិត​នៅតែ​មាន​ច្រើន នៅ​ក្នុង​ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។

មន្ត្រី​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា អត្រា​ពលកម្ម​កុមារ​ក្នុង​ឃុំ​ប៉ោយប៉ែត នៅ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ក្នុង​ឆ្នាំ ២០០៨ នេះ ពោល​គឺ​នៅ​មាន​ចំនួន ១៦០០​នាក់ ដែល​ក្នុង​នោះ​កុមារ​ជាង​៥០% មិន​បាន​ទទួល​ការសិក្សា​ទាល់តែ​សោះ ។

អ្នកស្រី ប៊ុត ស៊ីលន ប្រធាន​ប្រតិបត្តិ​នៃ​សាខា​អង្គការ​ពលកម្ម​កុមារ​អន្តរជាតិ (ILO) ប្រចាំ​ឃុំ​ប៉ោយប៉ែត និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទទួល​បន្ទុក​ផែ្នក​សង្គមកិច្ច ស្រ្តី និង​កុមារ មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ឡឹម ពិសិដ្ឋ ឲ្យ​ដឹង​បន្ថែម​ថា ៖ «ក្មេង​អូស​រទេះ​នៅ​លើ​ស្ពាន និង​ក្មេង​លី​ខោ​អាវ​គីប​នៅ​ក្រោម​ស្ពាន ។ ១៦០០​នាក់​ហ្នឹង​មាន​ក្មេង​ខ្លះ​វា​បោះបង់​ចោល​សាលា ក្មេង​ខ្លះ​វា​បាន​ទៅ​រៀន​ពាក់កណ្ដាល​ថ្ងៃ ឆ្លៀត​ទៅ​ធ្វើ​ពលកម្ម​ពាក់កណ្ដាល ។ ក្មេង​អស់​ហ្នឹង​មាន​ក្មេង​ខ្លះ​វា​រៀន​មួយ​ពេល មក​អូស​រទេះ​មួយ​ពេល ហ្នឹង​ចំពោះ​ក្មេង​ធំៗ ឯ​ក្មេង​តូចៗ​វា​ទៅ​ជួយ​អូស​រទេះ​សុទ្ធសាធ​ដោយ​ពុំ​បាន​ចូល​សាលារៀន»

អ្នកស្រី​បន្ត​ថា ក្នុង​ចំណោម​កុមារ​ទាំងអស់​នោះ​រួមមាន​កុមារ​ដែល​ងាយ​នឹង​ទទួល​រងគ្រោះ​ចំនួន​ជាង ៥០០​នាក់​ចាប់ពី​អាយុ ៣ ទៅ ៦​ឆ្នាំ ដែល​ទៅ​តាម​ឪពុក​ម្តាយ និង​កុមារ​ចាប់ពី​អាយុ ១០ ទៅ ១៧​ឆ្នាំ ចំនួន​ជាង ១​ពាន់​នាក់​ដែល​កំពុង​ធ្វើ​ពលកម្ម ។

អ្នកស្រី​បន្ត​ថា ជាង៤០% នៃ​កុមារ​ទាំង​នោះ​បាន​ចំណាយ​ពេលវេលា​របស់​គេ​ពាក់កណ្តាល ទៅ​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​អង្គការ ILO ចំណែក​ពេល​ពាក់កណ្តាល​ទៀត គេ​ត្រូវ​ទៅ​ធ្វើការ​ចិញ្ចឹម​គ្រួសារ ។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា ក្រៅពី​នោះ​កុមារ​ជាង ៥០% នៃ​កុមារ​ជាង ១៦០០​នាក់ មិន​បាន​ចូល​សាលារៀន​ទេ ដោយសារ​ឪពុក​ម្តាយ​របស់​គេ​ក្រីក្រ មាន​ជំងឺ ហើយ​កុមារ​ទាំង​នោះ​ត្រូវ​ចេញ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ ។

រ៉ន រិទ្ធិ អាយុ​ទើប ១៧​ឆ្នាំ ស៊ីឈ្នួល​អូស​រទេះ​នៅ​ក្នុង​ដី​ថៃ ពុំ​បាន​រៀនសូត្រ​ទេ បាន​ថ្លែង​ត្អូញត្អែរ​ថា រូប​គេ​និង​បងប្អូន​៤​នាក់​ទៀត បាន​នាំគ្នា​ទៅ​ស៊ីឈ្នួល​អូស​រទេះ បាំង​ឆ័ត្រ ក្នុង​ផ្សារ​ថៃ​នៅ​ស្រុក​អារញ្ញ ជាប់​ខេត្ត​បន្ទាយមានជ័យ​នោះ ដើម្បី​យក​ប្រាក់​ចិញ្ចឹម​ម្តាយ​ឈឺ​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​ដីថ្មី ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ។

កុមារា រ៉ន រិទ្ធិ បាន​និយាយ​ថា ៖ «អត់​បាន​រៀន ខ្ញុំ​ចូល​មក​៨​ឆ្នាំ មក​រក​លុយ​លើ​ទឹក​ដី​គេ គ្រួសារ​ទ័លច្រក​ពេក ម៉ែ​ខ្ញុំ​គាត់​ឈឺ​ជំងឺ​ប្រចាំ​កាយ ២​ឆ្នាំ​មក​ហើយ ឱពុក​ស្លាប់​បាត់​ហើយ»

ចំណែក​កុមារី ហាន ណាក់ នៅ​ភូមិ​បាលិលេយ្យ និង​កុមារ​ផ្សេងៗ​ទៀត ដែល​ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ មិន​ខុស​ពី​កុមារ រ៉ន រិទ្ធិ ដែរ​នោះ គឺ​ពួកគេ​សុទ្ធតែ​មិន​បាន​ចូល​រៀន បើទោះ​ជា​សាលារៀន​របស់​រដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ បាន​ផ្តល់​សេវា​អប់រំ​ដល់​ពួកគេ​ដោយ​មិន​គិត​ថ្លៃ​ក្តី ៖ «ថ្នាក់​ទី​២ ខ្ញុំ​ឈប់​រៀន ម៉ែ​ខ្ញុំ​ជំពាក់​គេ​វ័ណ្ឌ ខ្ញុំ​ឈប់​រៀន​ដើរ​រក​លុយ​សង ។ ឈប់​រៀន​ហើយ គ្រួសារ​ខ្ញុំ​អត់​មាន​លុយ មក​រកស៊ី ៣​នាក់​បង​ប្អូន​នៅ​ស្រុក​នេះ ផ្ទះ​អត់​មាន​ផង ។ បាំង​ឆ័ត្រ អាយុ ១៧ មួយ​ថ្ងៃ​ជួនកាល​បាន ២០​បាត ៥០​បាត ៦០​ប៉ុណ្ណឹង​ឯង អូស​រទេះ ៥​ឆ្នាំ​ហើយ»

យោងតាម​ស្ថិតិ​របស់​ក្រុមប្រឹក្សា​ឃុំ​ប៉ោយប៉ែត កុមារ​អាយុ​ក្រោម​១៧​ឆ្នាំ មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ ។ កុមារ​ពលកម្ម​មាន​ចំនួន​ជិត ២​ពាន់​នាក់​ក្នុង​ឆ្នាំ​២០០៨ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៧ ដែល​មាន​ចំនួន​ជាង ៥​ពាន់​នាក់ ។ កាលពី​ឆ្នាំ​២០០៦ កុមារ​ចេញ​ធ្វើ​ពលកម្ម​នៅ​ប៉ោយប៉ែត ធ្វើការ​នៅ​ផ្សារ​ថៃ មាន​ចំនួន​រហូត​ដល់​ជាង ៧​ពាន់​នាក់ ។ សេចក្តី​ថ្លែង​ពី​ស្ថានភាព​កុមារ​អ្នក​ក្រីក្រ​ទាំង​នេះ ត្រូវ​បាន​ថ្លែង​ឡើង នៅ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ថ្ងៃ​ទី​១ ខែ​មិថុនា ថ្ងៃ​ស្អែក​នេះ ៕