គោ​ក្របី​ជាង​២០០​ក្បាល​កើត​ជំងឺ​អុត​ក្ដាម​នៅ​ខេត្ត​ក្រចេះ

សត្វ​គោ​ក្របី​ជា​ច្រើន​នៅ​ឃុំ​សោប ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ កំពុង​កើត​មាន​ជំងឺ​ឆ្លង​រាតត្បាត​តៗ​គ្នា ចំ​រដូវ​ភ្លៀង​ធ្លាក់ បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​បារម្ភ​ពី​ការ​ខ្វះ​ខាត​កម្លាំង​អូស​​ទាញ ក្នុង​មុខ​របរ​កសិកម្ម​ធ្វើ​ស្រែ​ចម្ការ​របស់​ពួក​គាត់។

0:00 / 0:00

អ្នក​ភូមិ​ព្រែក​ព្រលូង ឃុំ​សោប ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ថា​គោ​ក្របី​មួយ​ចំនួន​កំពុង​កើត​ជំងឺ​អុត​ក្ដាម ហើយ​ឆ្លង​រាល​ដាល​ពេញ​ភូមិ និង​មិន​អាច​ប្រើ​ឲ្យ​ភ្ជួរ​រាស់​បាន​ឡើយ។

អ្នក​ស្រី ជា ផល្លី ដែល​មាន​ចិញ្ចឹម​ចំនួន​គោ​បី​ក្បាល និង​ក្របី​ប្រាំ​ក្បាល បាន​អះអាង​ថា​សត្វ​គោ និង​ក្របី​របស់​គាត់ មាន​ជំងឺ​អុត​ក្ដាម​ទាំង​អស់ មិន​អាច​បម្រើ​ការ​ភ្ជួរ​រាស់​បាន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មាន​ការ​បារម្ភ។ អ្នក​ស្រី​រៀប​រាប់​ពី​ជំងឺ​នោះ​ថា ៖ «វា​កើត​អុត​ក្ដាម​ចាប់​ផ្ដើម​ឡើង​ហៀ​ទឹក​មាត់​អត់​ស៊ី​ស្មៅ ឈឺ​ជើង ដំបៅ ចាក់​ថ្នាំ​បាន​ស៊ី»

បុរស​ជា​កសិករ​ម្នាក់​ទៀត ឈ្មោះ ធី ចិញ្ចឹម​គោ​ចំនួន ៨​ក្បាល បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​គោ ៨​ក្បាល វា​ឈឺ​អស់​៦​ហើយ ហើយ​ចំ​គោ​ដែល​មាន​កម្លាំង​សម្រាប់​ទឹម​ភ្ជួរ​រាស់​ស្រែ​ទៀត​ផង ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​រក​ប្រាក់​ដើម្បី​ជួល​ម៉ាស៊ីន​គេ​ភ្ជួរ ព្រោះ​ថា​ទោះ​ចាក់​ថ្នាំ​ទៅ​បាន​ធូរ​ក៏​ដោយ ក៏​មិន​អាច​យក​ទៅ​ភ្ជួរ​ភ្លាមៗ បាន​ដែរ ខ្លាច​វា​លាប់​ជំងឺ​មក​វិញ។

លោក ធី និង​ពល​រដ្ឋ​ដទៃ​ទៀត​សំណូមពរ​ឲ្យ​មាន​ការ​ជួយ​ទប់​ស្កាត់​នូវ​ជំងឺ​ឆ្លង​នេះ ៖ «ព្រួយ​អត់​លុយ​ជួល​គេ​ភ្ជួរ​ស្រែ»

លោក អ៊ូ ឆាយ​ផេង ប្រធាន​សហគមន៍ បន្ទាប់​ពី​ទទួល​ដំណឹង​ថា​មាន​សត្វ​គោ ក្របី​ឈឺ​រហូត​ដល់​ទៅ​ប្រមាណ​ជិត​ពីរ​រយ​ក្បាល​ហើយ​នោះ ក៏​បាន​ធ្វើ​របាយ​ការណ៍​ជូន​មេ​ឃុំ និង​មន្ត្រី​ពេទ្យ​សត្វ ដើម្បី​សុំ​ការ​សង្គ្រោះ​ទប់​ស្កាត់​បន្ទាន់ កុំ​ឲ្យ​ជំងឺ​នេះ​រាល​ដាល​ទៅ​ទៀត។

មេ​ឃុំ​សោប គឺ​លោក សំរឹទ្ធ អឿន បាន​បញ្ជាក់​ថា មាន​គោ​ក្របី​ឈឺ​ច្រើន​មែន សូម្បី​តែ​គោ​លោក​ក៏​ឈឺ​ដែរ តែ​វា​ឈឺ​ដោយ​កន្លែង​ទេ ព្រោះ​ភូមិ​នេះ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជា​មុន​ទូទាំង​ឃុំ​រួច​ហើយ តែ​លោក​នៅ​តែ​ស្នើ​សុំ​ទៅ​ខាង​កសិកម្ម​ឲ្យ​ជួយ​ការ​ពារ​ទប់​ស្កាត់​តាម​សំណូមពរ​ប្រជា​ពល​រដ្ឋ​ថែម​ទៀត​ដែរ ៖ «គិត​ទៅ​ប្រហែល​ពីរ​រយ​ក្បាល តែ​ស្កាល​អស់​វិញ​ខ្លះ​ដែរ ដោយ​ពេទ្យ​សត្វ​ជួយ​ឲ្យ​ថ្នាំ​អី»

មន្ត្រី​ពេទ្យ​សត្វ​មិន​ទាន់​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំវិញ​ការ​ផ្ទុះ​ជំងឺ​លើ​សត្វ​គោ ក្របី​នេះ ប៉ុន្តែ​នាយក​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ គឺ​លោក គុយ ហួត បាន​បញ្ជាក់​ថា ជំងឺ​អុត​ក្ដាម​បាន​កើត​រាល​ដាល​ស្ទើរ​គ្រប់​ភូមិ​តែ​មិន​បណ្ដាល​ឲ្យ​ងាប់​ទេ។ តែ​ទោះ​យ៉ាង​ណា​ក្តី លោក​នឹង​បញ្ជូន​ជំនាញ​ឲ្យ​ទៅ​ពិនិត្យ​មើល​ពី​បញ្ហា​នេះ។ អ្នក​ស្រុក​ខ្លះ​អះ​អាង​ថា ជំងឺ​អុត​ក្ដាម​នេះ អាច​ឆ្លង​តាម​ការ​ចល័ត​គោ​ក្របី​ពី​ខេត្ត​កំពង់ចាម តាម​ស្រុក​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា ពិសេស​គឺ​ស្រុក​ស្ទឹង​ត្រង់ ដែល​មាន​គោ​ក្របី​ឈឺ​ច្រើន៕