គម្រោងកម្មវិធីនេះនឹងផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ទៅលើសកម្មភាពនានារបស់កសិករក្នុងរដូវវស្សានេះ គឺចាប់ពីខែកក្កដាទៅទល់នឹងខែកញ្ញា ហើយនិងក្នុងរដូវប្រាំងចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៨ ដល់ខែមករា ឆ្នាំ២០០៩ ដែលនោះនឹងធានាឲ្យមានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុកនារដូវប្រមូលផលខាងមុខ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ រាយការណ៍ថាគម្រោងកម្មវិធីនេះគឺជាផ្នែកមួយនៃផែនការរយៈពេលខ្លីក្នុងការដោះស្រាយបញ្ហាទំនិញឡើងថ្លៃ ដែលផ្តួចផ្តើមឡើងដោយអង្គការ FAO តាំងពីចុងឆ្នាំ២០០៧ តាមរយៈការបង្កើនការផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក។
ចំពោះផែនការរយៈពេលមធ្យមនិងរយៈពេលវែងវិញនោះ អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិនឹងជួយក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតជាសំខាន់ទៅលើការបង្កើនផលិតកម្ម ការសាងសង់ប្រព័ន្ធធារាសាស្ត្រ និងការកែលម្អទីតម្កល់ទុកភោគផលកសិកម្មដែលប្រមូលបាននោះ៕