ពិធីបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធចំពោះអ្នកកាសែតជប៉ុន លោក កូគី អីស៊ិយ៉ាម៉ា នៅវត្តឧណ្ណាលោម នៅរាជធានីភ្នំពេញ នៅថ្ងៃទី៦ កុម្ភៈ គឺជាផ្នែកមួយនៃពិធីរំលឹកវិញ្ញាណក្ខន្ធធំមួយរៀបចំដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចំពោះអ្នកកាសែតបរទេសសរុបចំនួន ៣៧នាក់ ដែលបានស្លាប់ក្នុងបេសកកម្មយកព័ត៌មាននៅក្នុងសង្គ្រាមនៅកម្ពុជា កន្លងមក។
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននៃរបបសេនាប្រមុខ លន់ នល់ លោក ឆាំង សុង និងអ្នកកាសែតបរទេសជាច្រើននាក់ទៀត ព្រមទាំងតំណាងស្ថានទូតបរទេសមួយចំនួនចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធចំពោះអ្នកកាសែតទាំង ៣៧នាក់នោះ។
ក្រសួងព័ត៌មានបានសាងសង់ស្តូបរំលឹកវិញ្ញាណក្ខន្ធមួយនៅមុខសណ្ឋាគារឡឺរ៉ូយ៉ាល់ (Le Royal) ដើម្បីធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធនៅថ្ងៃទី៦ ខែកុម្ភៈ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា មានអ្នកកាសែតជប៉ុន សរុបចំនួន ១០នាក់ បានស្លាប់នៅក្នុងសង្គ្រាមនៅប្រទេសកម្ពុជា នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅក្នុងចំណោមអ្នកកាសែតបរទេសសរុប ៣៧នាក់នោះ។
អ្នកស្រី យូកូ អីស៊ិយ៉ាម៉ា (Yoko Ishiyama) ជាភរិយារបស់អ្នកកាសែតជនជាតិជប៉ុន ម្នាក់ ឈ្មោះ កូគី អីស៊ិយ៉ាម៉ា ដែលបានស្លាប់នៅក្នុងសង្គ្រាមនៅកម្ពុជា កាលពីឆ្នាំ១៩៧៤ កន្លងទៅ បាននិយាយប្រាប់អ្នកកាសែតនៅក្បែរស្តូបគោរពវិញ្ញាណក្ខន្ឋ នៅថ្ងៃទី៦ ខែកុម្ភៈ ថា ស្វាមីរបស់អ្នកស្រីបានបំពេញបេសកកម្មយកព័ត៌មានយ៉ាងក្លាហាននៅកម្ពុជា។
អ្នកស្រី យូកូ អីស៊ិយ៉ាម៉ា៖ «ខ្ញុំមកទីនេះ គឺបួងសួងសុំឲ្យព្រលឹងរបស់ស្វាមីខ្ញុំ ទៅសោយសុខនៅឋានសួគ៌ា ហើយសុំកុំព្រួយបារម្ភអ្វីចំពោះកូនៗ ពីព្រោះកូនប្រុស និងកូនស្រីរបស់យើង បានធំហើយនៅពេលនេះ។ កូនប្រុស គឺជាកូនបង ចំណែកឯកូនស្រី គឺជាកូនពៅ។ កូនប្រុសរបស់យើងក៏បានក្លាយជាអ្នកកាសែតអាជីពម្នាក់ដែរ»។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ឃ្យូដូ លោក ពុយ គា និងជាអ្នកសម្របសម្រួលឲ្យមានពិធីរំលឹកវិញ្ញាណក្ខន្ធនេះ បានថ្លែងប្រាប់អ្នកកាសែតថា នេះជាការរំលឹកវិញ្ញាណក្ខន្ធលើកទី២ តាំងពីឆ្នាំ២០១០ កន្លងមក៖ «គឺទី១ ដោយសារថាយើងមានធ្វើស្តូបធំមួយនៅមុខសណ្ឋាគារឡឺរ៉ូយ៉ាល់ ជាស្តូបអនុស្សាវរីយ៍ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកកាសែតជនជាតិបរទេសទាំងអស់ ហើយនិងខ្មែរយើងដែលបានស្លាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គឺមានចំនួន ៣៧រូប។ ហើយដោយឡែកនៅទីនេះ គឺមានស្តូបអនុស្សាវរីយ៍រំលឹកវិញ្ញាណក្ខន្ធម្នាក់ទៀតដល់ជនជាតិជប៉ុន មួយរូប ដែលគ្រួសាររបស់គាត់ មានន័យថា ប្រពន្ធរបស់គាត់នៅរស់រានមានជីវិតនៅឡើយ ហើយបច្ចុប្បន្ននេះ ប្រពន្ធរបស់គាត់អាយុ ៦៧ឆ្នាំហើយ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ឆាំង សុង បានដឹកនាំក្រុមអ្នកកាសែតជាតិ និងអន្តរជាតិជាច្រើននាក់ ទៅរំលឹកវិញ្ញាណក្ខន្ធចំពោះអ្នកកាសែតចំនួន ៩នាក់ទៀត ដែលត្រូវបានទាហានខ្មែរក្រហមសម្លាប់នៅក្បែរវត្តពោធិ៍ នៅក្នុងឃុំពោធិ៍ធំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។