ការស្នើសុំលើកពេលសវនាការរបស់ អៀង សារី គឺបានធ្វើឡើងបន្ទាប់ពីកិច្ចសវនាការដែលធ្វើរហូតមកទល់នឹងរសៀលថ្ងៃច័ន្ទដដែលនេះ រយៈពេល៤ម៉ោងប៉ុណ្ណោះ ។
លោក អាង ឧត្តម ដែលជាមេធាវីរបស់លោក អៀង សារី មានប្រសាសន៍ស្នើសុំយ៉ាងដូច្នេះថា ៖ «ស្នើសុំតុលាការសម្រេចតាមសំណើនិងសំណូមពររបស់យើងខ្ញុំដែលបានលើកហើយ គឺសុំផ្អាកសវនាការត្រឹមនេះដោយមូលហេតុសុខភាព លោក អៀង សារី» ។
ចំណែកឯលោកវេជ្ជបណ្ឌិត នេត្រ ផល្លា ដែលបានត្រួតពិនិត្យសុខភាពលោក អៀង សារី នៅមុនពេលដែលក្រុមចៅក្រមនៃអង្គបុរេជំនុំជម្រះសម្រចតាមការស្នើសុំនោះបានថ្លែងថា អៀង សារី មានជំងឺប្រចាំកាយដូចអាការៈក្អករ៉ាំរៃ ជំងឺហើមសួត និងបញ្ហាសម្ពាធឈាម ។
លោកវេជ្ជបណ្ឌិត នេត្រ ផល្លា បានឲ្យដឹងថា ៖ «ព្រោះជំងឺរបស់គាត់នេះគឺជាជំងឺយូរមកហើយ ត្រូវតាមដានព្យាបាលគាត់រាល់ថ្ងៃអ៊ីចឹង ដូច្នេះអាហ្នឹងវាមានពាក់ព័ន្ធទៅលើខាង Stress ខាងអីអ៊ីចឹងទៀត កាលណាមានអ៊ីចឹងវាអាចមានបញ្ហាហ្នឹងសំខាន់រឿងសម្ពាធឈាម» ។
សូមជម្រាបថាបញ្ហាសុខភាពនេះត្រូវបានលោកមេធាវី អាង ឧត្តម បានសម្តែងការព្រួយបារម្ភទុកជាមុន តាំងពីនៅមុនថ្ងៃបើកសវនាការនោះម៉្លេះថា អៀង សារី នឹងមិនអាចទ្រាំទ្រអង្គុយក្នុងសវនាការបានយូរឡើយ ។
នៅមុនការសុំលើកពេលនេះ អៀង សារី ដែលមានវ័យ៨៣ឆ្នាំហើយនោះត្រូវបានក្រុមសន្តិសុខជួយលើកឲ្យងើបឡើងឆ្លើយតបនឹងសំណួររបស់លោកចៅក្រម ប្រាក់ គឹមសាន យ៉ាងដូច្នេះថា ៖
ប្រាក់ គឹមសាន ៖ ជនត្រូវចោទ លោក អៀង សារី សូមអញ្ជើញក្រោកឈរ ។ លោកឈ្មោះអ្វី ? មានឈ្មោះហៅក្រៅឬទេ ? អៀង សារី ៖ វ៉ាន់ ។ ប្រាក់ គឹមសាន ៖ អាយុប៉ុន្មានឆ្នាំ ? អៀង សារី ៖ ២៤ ខែតុលា ឆ្នាំ១៩២៥ ។ ប្រាក់ គឹមសាន ៖ សញ្ជាតិអ្វី ? អៀង សារី ៖ ខ្មែរ... ។
សូមជម្រាបបន្ថែមថា អៀង សារី ធ្លាប់ត្រូវបានតុលាការប្រជាជនបដិវត្តន៍កាត់ទោសប្រហារជីវិតដោយកំបាំងមុខ កាលពីខែសីហា ឆ្នាំ១៩៧៩ ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម ដែលរបបនោះបានបណ្តាលឲ្យមានការស្លាប់រង្គាលមនុស្សប្រមាណ ១លាន៧សែននាក់ ។
សម្រាប់សាលាក្តីវិសាមញ្ញដែលមានអង្គការសហប្រជាជាតិចូលរួមនេះ អៀង សារី ត្រូវបានសហចៅក្រមស៊ើបអង្កេតចោទពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ។
អៀង សារី បានជាប់ឃុំបណ្តោះអាសន្នជាមួយអតីតមេខ្មែរក្រហម៤រូបទៀតដែលរួមមានទាំងប្រពន្ធរបស់លោកផង គឺលោកស្រី អៀង ធីរិទ្ធ ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៧មក ។
ករណីបណ្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំរបស់ អៀង សារី ត្រូវគេគ្រោងធ្វើបន្តនៅថ្ងៃអង្គារតទៅទៀត ៕