អៀង ធីរឹទ្ធ ឡើង​សម្ពាធ​ឈាម​នៅ​ក្នុង​សវនាការ

នៅ​អំឡុង​សវនាការ​លើ​សំណុំរឿង​បណ្តឹង​ឧទ្ធរណ៍​ជំទាស់​ដីកា​ឃុំ​ខ្លួន​បណ្តោះអាសន្ន នា​ថ្ងៃ​ទី​២១ ឧសភា​នេះ លោកស្រី អៀង ធីរឹទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​ខ្មែរក្រហម បាន​ឡើង​សម្ពាធ​ឈាម រហូត​ដល់​មិន​អាច​ស៊ូទ្រាំ​តទល់​ក្នុង​សវនាការ​នោះ ។

0:00 / 0:00

ការ​ឡើង​សម្ពាធ​ឈាម​នេះ គឺ​បណ្តាល​មក​ពី​សំណួរ​មួយ​ចំនួន​នៅ​ក្នុង​សវនាការ​សម្ងាត់ និង​ភាព​ក្រៀវក្រោធ​របស់​លោកស្រី អៀង ធីរឹទ្ធ ៖ «ដោយ​ឈាម​ខ្ញុំ​ឡើង​ខ្ពស់​ពេក ខ្ញុំ​ទ្រាំ​អត់​បាន ខ្ញុំ​មាន​ជំងឺ​ឡើង​ឈាម មិញ​ខ្ញុំ​ខឹង​ទៅ វា​ឡើង​ឈាម​តែម្ដង ។ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​អស់​លោក លោកស្រី បន្ត​មិន​បាច់​មាន​ខ្ញុំ​ទេ មាន​មេធាវី​ខ្ញុំ​ទាំង​ពីរ​នៅ​នេះ​ហើយ ហើយ​សូម​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ។ ព្រោះ​ការ​ដែល​រៀបចំ​បណ្ដាក់​គ្នា ចម្លើយ​មិញ​វា​ខុស​ស្រឡះ​តែម្ដង មិន​ដឹង​អ្នក​ណា​គេ​រៀបចំ ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​អត់​មាន​ប៉ះពាល់​អី​ដូច​គេ​ថា​ទេ»

បន្ទាប់​មក​លោកស្រី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​ទៅ​កាន់​បន្ទប់​សម្រាក ដោយ​ទុក​តួនាទី​ដល់​សហមេធាវី​ទាំង​ពីរ​បន្ត​ការ​តវ៉ា​រហូត​ដល់​ចប់​អង្គ​សវនាការ ។

លោកស្រី អៀង ធីរឹទ្ធ បាន​ជាប់​ឃុំ​ជាមួយ​ប្តី​របស់​លោកស្រី​គឺ​លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​របប​ខ្មែរក្រហម ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ មក ដោយសារ​លោកស្រី​រង​ការ​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ហើយ​ការ​ប្តឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ពេល​នេះ​គឺ​ត្រូវ​សហមេធាវី​សំអាង​ថា លោកស្រី អៀង ធីរឹទ្ធ មាន​ជំងឺ​ផ្នែក​ផ្លូវ​ចិត្ត ។

នៅក្នុង​ការ​ចាប់ផ្តើម​នៃ​អង្គ​សវនាការ លោកស្រី អៀង ធីរឹទ្ធ បាន​ឆ្លើយ​តប​នូវ​សំណួរ​របស់​លោក​ចៅក្រម ប្រាក់ គឹមសាន្ត យ៉ាង​ដូច្នេះ​ថា ៖

អៀង ធីរឹទ្ធ ៖ ឈ្មោះ​ដើម ខៀវ ធីរឹទ្ធ តែ​ដល់​រៀប​ការ​ទៅ យក​តាម​ឈ្មោះ​ប្ដី ទៅ​ជា អៀង ធីរឹទ្ធ ។ ប្រាក់ គឹមសាន្ត ៖ លោកស្រី​មាន​ឈ្មោះ​ហៅ​ក្រៅ​ទេ ? អៀង ធីរឹទ្ធ ៖ មាន ឈ្មោះ ភា ។ ប្រាក់ គឹមសាន្ត ៖ លោកស្រី​អាយុ​ប៉ុន្មាន ? អៀង ធីរឹទ្ធ ៖ ៧៦​ឆ្នាំ... សញ្ជាតិ​ខ្មែរ ។ ប្រាក់ គឹមសាន្ត ៖ មាន​មុខ​របរ​ជា​អ្វី ? អៀង ធីរឹទ្ធ ៖ សាស្រ្តាចារ្យ​ភាសា​អង់គ្លេស ។

ប្រាក់ គឹមសាន្ត ៖ ទី​លំនៅ​មុនពេល​ចាប់​ខ្លួន ? អៀង ធីរឹទ្ធ ៖ មុន​ពេល​ចាប់​ខ្លួន នៅ​ផ្លូវ​លេខ ២១ ផ្លូវ ៤៧​B សង្កាត់​ទន្លេបាសាក់ ក្រុង​ភ្នំពេញ ។ ប្រាក់ គឹមសាន្ត ៖ ប្ដី​អ្នកស្រី​ឈ្មោះ​អ្វី ? អៀង ធីរឹទ្ធ ៖ ឈ្មោះ អៀង សារី ។ ប្រាក់ គឹមសាន្ត ៖ មាន​កូន​ប៉ុន្មាន​នាក់ ? អៀង ធីរឹទ្ធ ៖ ៤ ឫ​ក៏​ ៣ ទេ ? ប្រាក់ គឹមសាន្ត ៖ មាន​កូន​ប៉ុន្មាន​នាក់ ? អៀង ធីរឹទ្ធ ៖ ៤​នាក់​យ៉ាងតិច ។ ប្រាក់ គឹមសាន្ត ៖ តើ​លោកស្រី​មាន​ពឹង​អ្នក​ការពារ ឬ​មេធាវី​ទេ ? អៀង ធីរឹទ្ធ ៖ មាន​មេធាវី​ហើយ ។

ទោះបីជា​យ៉ាងណា​ក៏ដោយ​លោក​ចៅក្រម ហ៊ួត វុទ្ធី តំណាង​ឲ្យ​ចៅក្រម​ជាតិ​និង​ចៅក្រម​អន្តរជាតិ នៃ​អង្គ​បុរេជំនុំជម្រះ​បាន​ថ្លែង​ថា ជន​ជាប់ចោទ អៀង ធីរឹទ្ធ ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច គឺ​បាន​រួមចំណែក​ដឹកនាំ អនុវត្ត​គោលនយោបាយ​ខ្មែរ​ក្រហម ដែល​ក្នុង​នោះ​រួម​មាន ការ​ជម្លៀស​ប្រជាជន ការ​ដាក់​ឃុំឃាំង និង​ការ​សម្លាប់​បំផុត​ពូជ​ជាដើម ។ លោក​ចៅក្រម​ថ្លែង​បន្ត​ថា អៀង ធីរឹទ្ធ អាច​ប្រឈម​ការ​ជាប់​គុក​អស់​មួយ​ជីវិត ។

ចំណែក​ឯ​តំណាង​សហ​ព្រះរាជអាជ្ញា និង​មេធាវី​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទាមទារ​ឲ្យ​សាលាក្តី​វិសាមញ្ញ​បន្ត​ឃុំ​ខ្លួន អៀង ធីរឹទ្ធ ត​ទៅ​ទៀត ដើម្បី​ធានា​ដល់​នីតិ​វិធី​នៃ​ការ​ស៊ើបអង្កេត ចៀសវាង​ការ​រត់​គេច​របស់​ជន​ជាប់​ចោទ ការពារ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការពារ​សន្តិសុខ​សាក្សី ។

ក៏ប៉ុន្តែ​លោក ផាត់ ពៅស៊ាង ដែល​ជា​មេធាវី​របស់ អៀង ធីរឹទ្ធ បាន​ជំទាស់​ទៅ​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ ហើយ​អះអាង​ថា​កូនក្តី​របស់​លោក នឹង​មិន​រត់​គេច​ឬ​បង្ក​ការ​គំរាម​កំហែង​ដល់​សាក្សី​ណា​ម្នាក់​នោះ​ទេ ។

នា​ល្ងាច​ថ្ងៃ​ដដែល​នោះ លោក​ចៅក្រម ប្រាក់ គឹមសាន្ត បាន​ប្រកាស​បញ្ចប់​សវនាការ ក៏ប៉ុន្តែ​លទ្ធផល​ដែល​សម្រេច​ថា​នឹង​ត្រូវ​ដោះលែង ឬ​បន្ត​ឃុំ​ខ្លួន អៀង ធីរឹទ្ធ ត​ទៅ​ទៀត​នោះ នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ ៕