កុងត្រូល​ជជុះ​កើន​ឡើង​នៅ​ស្ទឹងត្រែង

ប្រជា​ពល​រដ្ឋ​នៅ​តែ​សំដែង​ការ​ថ្នាំង​ថ្នាក់​ចំពោះ​ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដែល​រំខាន​ដោយ​ក្រុម​សមត្ថកិច្ច។

0:00 / 0:00

ប្រជា​ពល​រដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​សង្កេត​ឃើញ​ថា សមត្ថកិច្ច​មក​ពី​ស្ថាប័ន​ផ្សេងៗ គ្នា បាន​បង្កើត​ឡើង​នូវ​កន្លែង​ត្រួត​ពិនិត្យ​នៅ​លើ​កំណាត់​ជា​ផ្លូវ​ជាតិ​ពី​ទី​រួម​ខេត្ត ទៅ​ទី​រួម​ស្រុក សៀម​ប៉ាង មាន​ជាង ១០​កន្លែង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ១០០​គីឡូ​ម៉ែត្រ។ ការ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​បែប​អនាធិបតេយ្យ​នេះ គឺ​ដើម្បី​ស្ទាក់​ឃាត់​រថយន្ត ឬ​ការ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​គ្រប់​ប្រភេទ ដើម្បី​ស្វែង​រក​វត្ថុ​ល្មើស​ហើយ​តម្រូវ​ឲ្យ​បង់​ប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​ចាប់​ខ្លួន​ជន​ល្មើស និង​រិប​អូស​យក​វត្ថុ​តាង​ទាំង​នោះ។

ការ​បង្កើត​ឡើង​នូវ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ដង​ផ្លូវ​នេះ កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ទី​តាំង​ខ្លះ​មាន​ក្រុម​សមត្ថកិច្ច​នគរបាល ខ្លះ​មាន​កង​រាជ​អាវុធ​ហត្ថ ស្ថាប័ន​ព្រៃ​ឈើ ហើយ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខ្លះ​ទៀត​មាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​នៅ​ប្រចាំ​ការ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​នោះ។ ហើយ​រហូត​មក​ទល់​និង​បច្ចុប្បន្ន​នេះ​ប្រជា​ពល​រដ្ឋ និង​មន្ត្រី​រាជ​ការ​ខ្លះ​ឲ្យ​ដឹង​ថា ទីតាំង​ត្រួត​ពិនិត្យ​នេះ​កើន​ឡើង​កាន់​តែ​ច្រើន។ បើ​គេ​ធ្វើ​ដំណើរ​តាម​កំណាត់​ផ្លូវ​ខាង​លើ​នេះ ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង រហូត​មក គេ​ឃើញ​មាន​កន្លែង​ត្រួត​ពិនិត្យ​នៅ​គល់​ស្ពាន​សេកុង ផ្លូវ​បំបែក​កន្ទុយ​គោ កន្លែង​វាយ​ថ្ម​ចិន នៅ​ចំណុច​មុខ​វត្ត​គីឡូ​លេខ​៨ ផ្លូវ​បំបែក​ភូមិ​ស្តៅ វាល​ព្រីង ផ្លូវ​បំបែក​អូរ​ស្វាយ មុខ​ផ្ទះ​ពេទ្យ​រ៉ា ចំណុច​វាល​ប៉ារ៉ា ណា​អូង សំរោង កាចាញ​ទឹក និង​ទី​រួម​ស្រុក​សៀមប៉ាង។

ប្រជា​ពល​រដ្ឋ​រស់​នៅ​ស្រុក​សៀមប៉ាង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​មិន​ដឹង​ថា​តើ​ការ​បង្កើត​កន្លែង​ឆែក​ឆេរ​ទាំង​នោះ​មាន​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ថ្នាក់​ណា​ខ្លះ​ទេ ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ក្រុម​សមត្ថកិច្ច​កន្លែង​ខ្លះ​មក​ធ្វើ​ការ​ដាក់​ប៉ុស្តិ៍​ស្ទាក់​ឃាត់​រថយន្ត​តែ​វេលា​យប់ រហូត​ភ្លឺ​ពួក​គេ​បាន​ដក​ចេញ​វិញ ហើយ​ទីតាំង​ខ្លះ​ដាក់​របាំង​តាម​ដង​ផ្លូវ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​រថយន្ត ឬ​អ្នក​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ឈប់​ដើម្បី​ក្រុម​សមត្ថកិច្ច​ទាំង​នោះ​ធ្វើ​ការ​ត្រួត​ពិនិត្យ ៖ "ឡាន​គេ​មក​ឈប់​អ៊ីចឹង​ទៅ​មាន​ប៉ូលិស​សេដ្ឋកិច្ច ប៉ូលិស​អី​មក​ឈប់​នៅ​មុខ​ថ្នល់​ទៅ មក​ឈប់​តែ​ពេល​យប់​ទេ ដល់​ថ្ងៃ​ឡើង​ព្រឹក​ឡើង​ទៅ​វិញ​អស់"

ប្រជា​ពល​រដ្ឋ​ម្នាក់​ទៀត​ដែល​មាន​ទី​លំនៅ​នៅ​ជិត​ទីតាំង​ត្រួត​ពិនិត្យ​មួយ​នៅ​តំបន់​វាល​ប៉ារ៉ា សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​កំណាត់​ផ្លូវ​នោះ​ជា​តំបន់​លួច​ធ្វើ​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ខុស​ច្បាប់​ពី​តំបន់​ព្រំដែន​ជាប់​ប្រទេស​លាវ ចូល​មក​កាន់​ខេត្ត​ស្ទឹងត្រែង ហេតុ​នេះ​ហើយ បាន​ជា​ក្រុម​សមត្ថកិច្ច​ទាំង​នោះ​ដាក់​ទីតាំង​ត្រួត​ពិនិត្យ​ដើម្បី​ទារ​ប្រាក់​ពី​រថយន្ត ឬ​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ខុស​ច្បាប់ ដែល​ឆ្លង​កាត់​ស្ទើរ​រៀង​រាល់​យប់​តាម​ដង​ផ្លូវ​នោះ ៖ "បង​អើយ បង​ម៉ា​យប់ៗ ចង់​បាក់​ហើយ​ដី ម៉ា​យប់​ចង់ ១០​ឡាន ប្រាំ​ដណ្ដប់​ឡាន​ទើប​យប់​មិញ​ហ្នឹង​អន់។ ឡាន​ដឹក​គ្រញូង​នៅ​មុខ​ផ្ទះ​ខ្ញុំ​ហ្នឹង ប៉ូលិស​ឈរ​យក​លុយ​នៅ​នោះ ហើយ​ខាង​ណោះ​ផ្ទះ​ខ្ញុំ​ក៏​មាន​ប៉ុស្តិ៍​គេ​មួយ​ដែរ ប៉ុស្តិ៍​គេ​មាន​សង​ខាង​ហ្មង ថ្ងៃ​គេ​អត់​ដាក់​ទេ ដល់​យប់​ម៉ង បង​ឯង​ចង់​ដឹង យប់​ឡើង​បង​ឯង​បើក​ឡាន​តាម​ហ្នឹង​ឃើញ​ហើយ យប់​ចាំ​ចូល​មក​ដឹង​ហ្មង ពុក​រលួយ​ជា​ទី​បំផុត។ប្រជា​ពល​រដ្ឋ​អារ​សសរ ៤​ដើម​ធ្វើ​ផ្ទះ ដី​ក្រុមហ៊ុន​សុំ​គេ​បាន​ប៉ូលិស​ទារ​គ្នា​ម៉ា​រយ ហាសិប​រៀល ថ្ងៃ​មុន​អា​ភ័ស្រ្ត​យុំ​ទឹក​ភ្នែក​ទឹក​សំបោរ ២៥​ម៉ឺន"

ប្រភព​ប្រជា​ពល​រដ្ឋ​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​រថយន្ត​ដឹក​ឈើ​ប្រណិត​ខុស​ច្បាប់​មួយ​គ្រឿង ត្រូវ​បង់​ប្រាក់​ឲ្យ​ក្រុម​អ្នក​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ពី ៥០​ដុល្លារ​ឡើង​ដល់​រាប់​រយ​ដុល្លារ ហើយ​សូម្បី​ម៉ូតូ​ប្រជា​ពល​រដ្ឋ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ខុស​ច្បាប់​មួយ​គ្រឿង​ក៏​ត្រូវ​បង់​ប្រាក់​ពី ១០០០០​ទៅ​២០០០០០​រៀល ឲ្យ​ក្រុម​ត្រួត​ពិនិត្យ​ដែរ ទើប​អាច​ឆ្លង​កាត់​ទី​នោះ​បាន។

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សៀមប៉ាង លោក ជីនភីន មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា ករណី​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​ស្រុក​សៀមប៉ាង​នេះ គឺ​ជា​ការ​បង្កើត​បែប​អានាធិបតេយ្យ ដែល​មិន​មាន​ការ​អនុញ្ញាត។ លោក​បន្ត​ថា វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​កើត​មាន​បញ្ហា​នេះ។

សេចក្ដី​រាយ​ការណ៍​របស់​សមាគម​អាដហុក​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ ភាព​អានាធិបតេយ្យ​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​តែ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​មក​លក់​ចែក​ចាយ​តាម​ទីតាំង​សិប្បកម្ម​ជា​ច្រើន​ទី​តាំង នៅ​ក្នុង​ខេត្ត និង​បន្ត​ដឹក​ជញ្ជូន​នាំ​ចេញ​ដោយ​ខុស​ច្បាប់​ទៅ​បណ្ដា​ខេត្ត​ផ្សេងៗ ទៀត និង​ទី​ផ្សារ​ឯ​ក្រុង​ភ្នំពេញ។

បុគ្គលិក​អង្កេត​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា លោក​តែង​តែ​ទទួល​បាន​សេចក្ដី​រាយ​ការណ៍​ពី​ប្រជា​ពល​រដ្ឋ​អ្នក​រក​ស៊ី​ដឹក​ជញ្ជូន​តាម​ដង​ផ្លូវ ទាំង​ផ្លូវ​ទឹក​ក៏​ដូច​ជា​ផ្លូវ​គោក នៅ​តំបន់​នោះ ថា​ក្រុម​សមត្ថកិច្ច​ដែល​ដាក់​កម្លាំង​ឆែក​ឆេរ​បាន​ធ្វើ​ការ​គាប​សង្កត់ និង​ជំរិត​ទារ​ប្រាក់ ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ពិបាក​ក្នុង​ការ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ណាស់ ៖ "ខាង​កម្លាំង​សមត្ថកិច្ច​តាម​ផ្លូវ​ជើង​ទឹក ដែល​គាត់​ចុះ​ពី​លើ​មក​ហ្នឹង គឺ​យក ៣០​ម៉ឺន ហើយ​ចាប់​យក​ឈើ​គាត់​ទៀត។ ថា​យើង​សង្កេត​មើល​ផ្លូវ​គោក​វិញ​ក៏​មាន​ដែរ ដូច​គាត់​ដឹក​តាម​ម៉ូតូ​អី ប្រហែល​ជា​មួយ​រយ​គីឡូ​ពីរ​រយ​គីឡូ​អ៊ីចឹង ខាង​ជំនាញ ឬ​ខាង​សមត្ថកិច្ច​មួយ​ចំនួន​នៅ​លើ​ដង​ផ្លូវ​អ៊ីចឹង​ស្ទាក់​យក​ពី​គាត់​ម្នាក់ ៥​ដុល្លារ ឬ​១០​ដុល្លារ ប៉ុន្តែ​អា​ឈ្មួញ​ធំៗ វិញ​ច្រើន​តែ​រួច។ យើង​សង្កេត​មើល​អា​ចុង​ក្រោយ​ម៉ា​រយៈ​ពេល​ក្រោយ​ចូល​ឆ្នាំ​នេះ ឃើញ​ថា​កម្លាំង​ដែល​បញ្ជា​ដោយ​លោក​អភិបាល​ខេត្ត​ហ្នឹង ចុះ​ត្រួត​ពិនិត្យ​អា​កុង​ត្រូល​ជជុះ​ហ្នឹង អា​សកម្មភាព​បទ​ល្មើស​អី​ផ្សេងៗ ហ្នឹង វា​រៀប​រយ​ដែរ"

អភិបាល​ក្រុង​ស្ទឹងត្រែង លោក ផឹក សុបិន្ត មាន​ប្រសាសន៍​បញ្ជាក់​ថា មិន​មាន​ការ​អនុញ្ញាត​ណា​មួយ​ឲ្យ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​តាម​ដង​ផ្លូវ​នៅ​មូលដ្ឋាន​លោក​នោះ​ទេ លោក​បន្ត​ថា ក្រុម​មន្ត្រី​អាជ្ញាធរ​បាន​អនុវត្ត​បទ​បញ្ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ស្ដីពី​បម្រាម​មិន​ឲ្យ​មាន​កុងត្រូល​ជជុះ​រំខាន​ការ​ធ្វើ​ដំណើរ​ប្រជា​ពល​រដ្ឋ​នោះ​ទេ ៖ "មាន​ប៉ុស្តិ៍​មក​ពី​ណា​នៅ​តាម​ផ្លូវ​ហ្នឹង ដូច​មិន​ឃើញ​មាន​ប៉ុស្តិ៍​ផង​ខ្ញុំ​នៅ​ហ្នឹង។ប៉ុន្តែ​ខ្ញុំ​អត់​មាន​ឲ្យ​ដាក់​ប៉ុស្តិ៍​អី​នៅ​ហ្នឹង​ទេ។ គោល​ការណ៍​ពី​ណា សម្ដេច​ប្រកាស​កោកៗ ហើយ ពី​ណា​មាន​គោល​ការណ៍​ឲ្យ​ដាក់​ប៉ុស្តិ៍ ហើយ​ប៉ុស្តិ៍​ហ្នឹង​ប៉ុស្តិ៍​របៀប​ម៉េច​អូន​ឯង​និយាយ​សួរ​ហ្នឹង។ សួរ​ទៅ​ខាង​សមត្ថកិច្ច​បង​ឲ្យ​សូរ​ទៅ​ខាង​សមត្ថកិច្ច​គេ​មាន​ទេ"

អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សូផាត មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា ខេត្ត​មិន​បាន​បង្កើត​ឲ្យ​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ណា​មួយ​នៅ​តាម​ដង​ផ្លូវ​នោះ​ទេ។ លោក​បន្ត​ថា​នឹង​ស្រាវជ្រាវ​បញ្ហា​នេះ ៖ "ក្រែង​វា​លួច​ពេល​យប់​ពេល​អី​ទេ មាន​ប៉ុស្តិ៍​ឯណា? បាទ​ឲ្យ​តែ​លួច​ដាក់​សុទ្ធ​តែ​បទ​ល្មើស"

នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​ធ្វើ​ការ​ក្រើន​រំលឹក និង​ព្រមាន​ធ្ងន់ៗ ច្រើន​លើក​មក​ហើយ ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង​ជួយ​មើល​ផ្លូវ​ហាម​មិន​ឲ្យ​មាន​កុងត្រូល​អានាធិបតេយ្យ រំខាន​ការ​ធ្វើ​ដំណើរ​ប្រជា​ពល​រដ្ឋ ក៏​ប៉ុន្តែ​នៅ​ស្ទើរ​គ្រប់​ដង​ផ្លូវ​ជាតិ គេ​សង្កេត​ឃើញ​មាន​របាំង​របស់​ក្រុម​សមត្ថកិច្ច​ដាក់​រាំង​ផ្លូវ​ក្រោម​គោល​ការណ៍​ត្រួត​ពិនិត្យ​ចរាចរ ឬ​អាវុធ​ជាតិ​ផ្ទុះ។ ក្រៅ​ពី​នោះ ក៏​មាន​ក្រុម​សមត្ថកិច្ច​ច្រើន​ប្រភេទ​ទៀត ប្រើ​ប្រាស់​រថយន្ត​ប្រដេញ​តាម​ចាប់​រថយន្ត​ណា​ដែល​មិន​បាន​ចូល​បង់​ប្រាក់​ទៅ​ឲ្យ​ពួក​គេ ដែល​មាន​ស្នាក់​ការ​នៅ​តាម​ដង​ផ្លូវ​ជាតិ​នោះ។

យ៉ាង​នេះ​ក្តី ប្រជា​ពល​រដ្ឋ និង​មន្ត្រី​រាជ​ការ​មួយ​ចំនួន ដែល​មាន​ការ​ថ្នាំង​ថ្នាក់​ជា​មួយ​ការ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ដង​ផ្លូវ​មាន​ប្រសាសន៍​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​លប់​បំបាត់​កុងត្រូល​អានាធិបតេយ្យ​ដែល​នៅ​តែ​កើត​មាន​តាម​ដង​ផ្លូវ​នោះ៕