សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានមានព្រះរាជបន្ទូលកាលពីព្រឹកថ្ងៃពុធ នៅវត្តកែវសិក្ខាគិរីស្វារៈ ឬវត្តប្រាសាទព្រះវិហារក្នុងទឹកដីខ្មែរអំពីគម្រោងនៃពិធីនេះ៖ «គណៈសង្ឃនាយក សង្ឃនាយករង សុទ្ធតែរាជាគណៈ សុទ្ធតែសម្ដេចៗ សុំបូជាក្រុងពាលីសុំទឹកសុំដី សុំឲ្យទីនេះកន្លែងនេះមានសុខសន្តិភាព ចាប់តាំងពីថ្ងៃទី១ទៅ ។ អាត្មាប្រកាសថា សុខចិត្តយើងបង្ហូរទឹកភ្នែកវាប្រសើរជាងបង្ហូរឈាមគ្នា ។ ថៃក៏ព្រះពុទ្ធសាសនាដូចគ្នា» ។
ចំពោះព្រះសង្ឃដីការបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ខាងលើនេះ ខ្មែរនៅឯនាយសមុទ្រជាច្រើនរួមមានតំណាងសមាគមខ្មែរនៅប្រទេសហុល្លង់ផង បានសម្តែងការមិនសប្បាយចិត្តយ៉ាងខ្លាំងដែលព្រះអង្គប្រកាសថា សុខចិត្តបង្ហូរទឹកភ្នែកតែមិនបង្ហូរឈាមជាមួយថៃ ព្រោះថាខ្មែរដែលប្រកាន់ខ្លួនថាជាអ្នកស្នេហាជាតិនោះនឹងមិនព្រមបង្ហូរទឹកភ្នែក ក្រោយបាត់បង់ទឹកដីឲ្យថៃនោះឡើយ ផ្ទុយទៅវិញគេបានប្រកាសថានឹងស្ម័គ្រចិត្តចូលជាយោធាបង្ហូរឈាមជាមួយសត្រូវឈ្លានពានវិញ ។
ក្នុងពេលេជាមួយគ្នានោះព្រះសង្ឃដីការបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដដែលនេះក៏ធ្វើឲ្យខ្មែរទាំងក្នុងទាំងក្រៅប្រទេសភាគច្រើនមិនអាចយល់បានថា ព្រះអង្គប្រាថ្នាចង់បញ្ចេញយោបល់ពីរឿងអ្វី ?
លោក ឱក សឿម តំណាងមូលនិធិសង្គមកិច្ចពោធិព្រឹក្សនៅរដ្ឋ Virginia របស់កាសែតពោធិព្រឹក្សនៅសហរដ្ឋអាមេរិកមានប្រសាសន៍ពោរពេញទៅដោយចម្ងល់ក្នុងចិត្តដូច្នេះ ៖ «ខ្ញុំដូចយល់ថា ត្រូវខុសមិនដឹងទេ យល់ថាដូចជាសុខចិត្តឲ្យគេយកដីហើយអង្គុយយំទៅ ។ ពាក្យលោកប្រើហ្នឹងខ្ញុំមិនយល់ មិនយល់ស្របជាមួយលោក មិនយល់ដូចលោកទេ លោកមិនដឹងជាចង់មានន័យថាម៉េច ស៊ូស្រក់ទឹកភ្នែក ? អាហ្នឹងបើអាចបកប្រែថា យើងឲ្យដីទៅគេ យើងអង្គុយយំតែម្ដងទៅ មិនធ្វើសង្គ្រាម ។ បើប្រែទៅតាមសំឡេងមួយទៀត បើប្រែទៅតាមការនឹកឃើញថា សុំយំធ្វើជាសន្តិភាព បួងសួងអីអ៊ីចឹងទៅចុះ មិនប្រើអាវុធ ចង់និយាយថាអង្គុយយំឲ្យគេអាណិតទៅវិញ អ៊ីចឹង ? ដូចជាអ៊ីចឹងទេ ? ខ្ញុំពិបាកយល់ដែរខ្ញុំមិនយល់ដែរ សួរគេសួរឯង ម៉េចក៏មានពុទ្ធដីកាអ៊ីចឹង ? ហើយខ្ញុំអាចយល់ថាដូចជាសុខចិត្តសម្រក់ទឹកភ្នែកស្ដាយដី គេយកក៏យកទៅចុះ ដូចអ៊ីចឹង តាមខ្ញុំយល់កាត់ទៅ» ។
មិនតែប៉ុណ្ណោះព្រះតេជព្រះគុណ ចន្ថន ព្រះចៅអធិការវត្តខ្មែរ ពុទ្ធិការាម នៅរដ្ឋ Maryland ក៏មានសង្ឃដីកាថាពុំអាចយល់បានថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ប្រាថ្នាចង់និយាយពីអ្វីដែរ ។
ព្រះតេជព្រះគុណ ចន្ថន បានមានដីកាថា ៖ «មិនដឹងមិនយល់ទេ អាត្មាស្ដាប់ឆ្ងល់ដែរ ? ឆ្ងល់ពីលោកដែរមិនដឹងយល់ថាម៉េច ? មិនយល់ពីលោកមានសង្ឃដីកាហ្នឹងដែរ អាត្មាកំពុងតែគិតមើលគេយល់ថាម៉េច ? នាំលោកសង្ឃទៅអង្គុយស្រក់ទឹកភ្នែកមានន័យថាម៉េច ? អាត្មាមិនយល់ដែរហ្នឹង ទាល់តែសួរព្រះអង្គផ្ទាល់តែម្ដង បើអាត្មា អាត្មាមិនយល់ទេ ។ ឥឡូវសភាពការណ៍កំពុងតែកុនទៅហើយ យើងត្រូវប្រឹង សមត្ថភាពមានប៉ុន្មានជួយទប់ជួយការពារតាមគ្រប់វិធីដែលយើងមាន ។ បើលោកមានសង្ឃដីកាអ៊ីចឹងអាត្មាមិនយល់ទេ» ។
ទោះជាយ៉ាងណាក្តីសូមរំឭកថា ពិធីបួងសួងសុំសន្តិភាពរបស់សម្តេចសង្ឃរាជខ្មែរអង្គបច្ចុប្បន្ននេះ នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃសុក្រស្អែកនេះ ៕