លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទួលបន្ទុកផ្នែកកិច្ចការអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទីស្នាក់ការនៅរដ្ឋ New Jersey សហរដ្ឋអាមេរិក (ស.រ.អា.) មានប្រសាសន៍ថាលោកនាយករដ្ឋមន្ត្រីខ្មែរនៅពុំទាន់មានកម្លាំងខ្លាំងក្លាអាចដោះស្រាយបញ្ហានេះបានឡើយ ខុសពីសម្តេចព្រះនរោត្តម សីហនុ ដែលប្រៀបបានទៅនឹងស្រាទំពាំងបាយជូរកាន់តែចាស់កាន់តែខ្លាំង ។
លោក ប្រាក់ សេរីវុឌ្ឍ បានមានប្រសាសន៍ថា ៖ «ខ្ញុំយល់ថាអ្នកដែលមានលទ្ធភាពចេញមុខតតាំងរឿងហ្នឹងតាមផ្លូវនយោបាយការទូតអន្តរជាតិហ្នឹង ។ ខ្ញុំយល់ថា កម្លាំងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់ឯងក្នុងនាមជានាយករដ្ឋមន្ត្រីហ្នឹងមិនគ្រប់កម្លាំងសម្រាប់ទៅតវ៉ាជាមួយនឹងអន្តរជាតិទេ ។ ខ្ញុំនិយាយនេះអត់មានការបង្អាប់អីចំពោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ថាខ្ញុំគោរពក្នុងនាមគាត់ជាអ្នកដឹកនាំខ្មែរបានបោះឆ្នោតជាប់ជាផ្លូវការ ប៉ុន្តែខ្ញុំចង់ឃើញកម្លាំងមួយទៀតបន្ថែមពីលើដើម្បីឲ្យគ្រប់ដៃគូ ដៃឆ្វេង ដៃស្ដាំ គឺព្រះមហាវីរក្សត្រ ព្រះបាទ នរោត្ដម សីហនុ លោកថ្វីត្បិតតែមានព្រះជន្មាយុចាស់ជរាហើយតាមផ្លូវកម្លាំងកាយសុខភាព ក៏ប៉ុន្តែតាមផ្លូវជីវិតនយោបាយរបស់លោក ជាពិសេសគឺរឿងការទូតអន្តរជាតិ លោកប្រៀបបាននឹងស្រាដែលគេទុកយូរឆ្នាំ យូរណាស់កាន់តែខ្លាំងណាស់ បានន័យថាលោកមានទឹកមាត់ប្រៃក្នុងការតវ៉ារឿងប្រាសាទព្រះវិហារ រឿងបញ្ហាផ្សេងៗទាក់ទងនឹងព្រំដែន ព្រោះលោកជាអ្នកដឹកនាំមួយដែលមានអាយុវែងជាងគេនៅក្នុងចំណោមអ្នកដឹកនាំពិភពលោក ហើយបានតាមទាន់ស្ថានការណ៍ទាំងប៉ុន្មានដែលទាក់ទងនឹងប្រទេសកម្ពុជា» ៕