សហគមន៍​ខ្មែរ​ក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្កោលទោស​រដ្ឋអំណាច​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ២៣ ធ្នូ បន្ទាប់ពី​ដឹង​ថា​រដ្ឋការ​ក្រុង​ហាណូយ​បាន​ដកហូត​ទិដ្ឋាការ​វិញ​ពី​មន្ត្រី​តំណាង​សហភាព​អឺរ៉ុប​២​រូប​ដែល​បម្រុង​ឡើង​យន្តហោះ​ពី​ក្រុង​ភ្នំពេញ​ទៅ​កាន់​ប្រទេស​វៀតណាម។

0:00 / 0:00

លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​បន្ទាប់​ពី​ទទួល​ដំណឹង​ថា លោក ម៉ាកូ ជែស៊ីនតូ ប៉ានែលឡា ជា​សមាជិក​សភា​អឺរ៉ុប និង​លោក ម៉ាកូ ប៉្រឺឌូកា សមាជិក​ព្រឹទ្ធសភា​អ៊ីតាលី ត្រូវ​គេ​ហាម​មិន​ឲ្យ​ជិះ​យន្តហោះ​ទៅ​វៀតណាម​នោះ​ថា​នេះ​ជា​ការបង្ហាញ​នូវ​ភាព​រំលោភ​សិទ្ធិ​មិន​រើស​មនុស្ស​នៃ​រដ្ឋអំណាច​កុម្មុយនីស្ត។

លោក ថាច់ ង៉ុកថាច់ បាន​មាន​ប្រសាសន៍​ថា ៖ «យួន​មាន​ការហាមឃាត់​ហ្នឹង​គឺ​មិន​ត្រឹមតែ​មូលហេតុ​នៃ​ការ​ទៅ​ជួបជុំ​បង​ប្អូន​ខ្មែរ​យើង​នៅ​ប្រទេស​កម្ពុជា​ដោយ​ការស្នើសុំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ទេ។ គិត​ថា​គេ​មាន​ការខឹង​សម្បា​ចំពោះ​គំនាប​របស់​សភា​អឺរ៉ុប ព្រោះ​លោក​ទាំង​ពីរ​នាក់​ហ្នឹង​ជា​មេ​ដឹកនាំ ហើយ​ជា​សមាជិក​នៃ​សភា​អឺរ៉ុប​នៅ​ប៊ែលហ្ស៊ិក។ អាហ្នឹង​គឺ​បង្ហាញ​ថា​ការជិះជាន់​លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម​កាន់តែ​តឹងតែង​ឡើងៗ ដូច​ដែល​ពិភពលោក ដូច​ដែល​សភា​អឺរ៉ុប​បាន​គុណ​គូរ​មើល​នោះ»

តាម​សេចក្ដី​ថ្លែងការណ៍​នៃ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម មន្ត្រី​សមាជិក​សភា​នៃ​សហភាព​អឺរ៉ុប​ទាំង​ពីរ​រូប​បាន​ទទួល​ទិដ្ឋាការ​ផ្លូវការ​ត្រឹមត្រូវ​ពី​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​រួច​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ចូល​ស្រុក​គេ​ទៅ​វិញ។

លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ទៀត​ថា ៖ «មន្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​ទៅ​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​បាទ​បាន​ទាក់ទង​ជាមួយ​នឹង​លោក​នៅ​ថ្ងៃ​ទី​១៧ ដើម្បី​ឲ្យ​មាន​ការជួបជុំ​ជាមួយ​នឹង​បង​ប្អូន​ខ្មែរ​ក្រោម ព្រម​ទាំង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​នៅ​វត្ត​សាមគ្គីរង្សី។ មូលហេតុ​ដែល​លោក​មាន​បំណង​ទៅ​ប្រទេស​យួន​ហ្នឹង​ដើម្បី​ចង់​ជួប​រដ្ឋាភិបាល​យួន​ស្ដីអំពី​បញ្ហា​៥ខ​ដែល​សភា​អឺរ៉ុប​ដែល​បាន​ធ្វើ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ទី​២២ ២៣ ខែ​១០​កន្លង​ទៅ​ហ្នឹង ដើម្បី​ឲ្យ​រដ្ឋាភិបាល​យួន​ត្រូវតែ​គោរព»

មន្ត្រី​ពី​សភា​សហភាព​អឺរ៉ុប​ទាំង​ពីរ​រូប​មាន​បំណង​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ដើម្បី​ចង់​ស្វែងយល់​អំពី​ការចោទ​ថា​រដ្ឋអំណាច​វៀតណាម​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម៕