ចំណោទ​ថវិកា​សាលាក្ដី​ខ្មែរក្រហម​ដោះស្រាយ​បាន​មួយជំហាន

បញ្ហា​ព្រួយ​បារម្ភ​ដោយ​ខ្លាចក្រែង​ថា​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​នឹង​អាច​រាំងស្ទះ ដោយសារតែ​ចំណោទ​ថវិកា​បាន​ដោះស្រាយ​មួយ​ជំហាន​ទៅមុខ​បន្តិច​ហើយ ។

អ្នក​នាំពាក្យ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា កញ្ញា Helen Javis បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ការ​សន្យា​ជំនួយ​សម្រាប់​ខែ​មេសា​នេះ​នូវ​ទឹកប្រាក់​៤​សែន​៥​ម៉ឺន​ដុល្លារ ពី​ប្រទេស​ អូស្ត្រាលី នឹង​អាច​រំពឹង​ថា ប្រាក់​នោះ​អាច​នឹង​ចំណាយ​បាន​គ្រប់គ្រាន់ រហូតដល់​ចុង​ខែ​កក្កដា សម្រាប់​ក្រុម​អ្នក​ធ្វើការ​ខ្មែរ​ក្នុង​សាលាក្តី​នោះ ។

សូម​ជម្រាប​ថា ប្រាក់​ដែល​សម្រាប់​បើក​ឲ្យ​ភាគី​ខ្មែរ​ដែល​ត្រូវ​ធ្វើការ​នៅ​នឹង​សាលាក្តី នឹង​ត្រូវ​មាន​ទាំងអស់ ១៣​លាន​៣​សែន​ដុល្លារ សម្រាប់​រយៈពេល​៣​ឆ្នាំ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០០៦ គិត​ទៅ​ទល់​នឹង​ចុង​ឆ្នាំ​២០០៩ ។

មន្ត្រី​សាលាក្តី​បាន​និយាយ​មុន​នេះ​ថា ប្រាក់​ដែល​ខ្វះ​គឺ​នៅ​ចំនួន​៤​លាន​៩​សែន​ដុល្លារ​នោះ​ថែម​ទៀត ៕