ទីប្រឹក្សាបច្ចេកទេសនៃអង្គការសេវាចិត្តសង្គម (PSO) លោក វ៉ាន កាម៉ុល អះអាងថាព្យាបាលចលនាដូសាហូ គឺជួយព្យាបាលផ្លូវចិត្ត ព្យាបាលចលនារាងកាយ និងព្យាបាលសាច់ដុំ ។ ការព្យាបាលនោះក្នុងគោលបំណងជួយឲ្យសាច់ដុំអវយវៈដែលពិការហើយនោះ អាចកម្រើកចលនាបានមកវិញ និងជំរុញឲ្យរាងកាយដែលមិនអាចកម្រើកបានមកអាចធ្វើការខ្លួនឯងបានបន្តិចម្តងៗ ។
លោក វ៉ាន កាម៉ុល បានឲ្យដឹងថា ៖ «ធ្វើឲ្យចលនារាងកាយរបស់គេអាចធ្វើការងារបានជាប្រចាំថ្ងៃ ដូចជាការហូបចុក ការផ្លាស់ប្ដូរ សម្លៀកបំពាក់ ឬក៏ការស្លៀកពាក់ ការគេង និងការងូតទឹក គឺយើងអាចជួយឲ្យកុមារខ្លួនឯង ចេះជួយខ្លួនឯង ហើយវាសម្រាលបន្ទុកដល់អ្នកថែទាំ និងអាណាព្យាបាល» ។
លោក វ៉ាន កាម៉ុល បន្តថាជួយព្យាបាលចលនាដូសាហូជូនជនពិការកម្ពុជា បានចាប់ផ្តើមពីឆ្នាំ ២០០២ មក ។ ក្រុមអ្នកស្ម័គ្រចិត្តជនជាតិជប៉ុនមានគ្រូចិត្តសាស្រ្ត៥នាក់ និងនិស្សិតចិត្តសាស្រ្ត៥នាក់ បានចុះមកធ្វើចលនារាងកាយដល់ជនពិការកម្ពុជាក្នុង១ឆ្នាំ ២ដង ។
លោក វ៉ាន កាម៉ុល បន្ថែមថាជនពិការចាស់ក្មេង ខ្វិនខ្វង់ ស្វិតដៃជើង ជាង១០០នាក់ បានទទួលការព្យាបាលមិនគិតថ្លៃ ។ លោកថាអ្នកជំងឺលើសឈាមមិនអាចកម្រើកអវៈយវៈមួយចំហៀងខ្លួន ក្រោយការធ្វើចលនាសាច់ដុំអ្នកជំងឺនោះអាចកម្រើកដៃជើងបានខ្លះ ។
លោក វ៉ាន កាម៉ុល បានមានប្រសាសន៍ថា ៖ «នៅសៀមរាប ៤នាក់ ដែលបានជាសះស្បើយទាំងស្រុង ។ មនុស្សចាស់គាត់វិកលចរិត ឡប់សតិ ដោយសារបញ្ហាផ្លូវចិត្ត ។ នៅភ្នំពេញនេះមានជា២នាក់ដែរ មនុស្សធំមួយ និងក្មេងម្នាក់ ។ មនុស្សធំគាត់លើសឈាម ដៃជើងរបស់គាត់ពិការ ក្រោយមកយើងបានធ្វើឲ្យគាត់អាចប្រើប្រាស់ដៃ ហើយនិងជើងរបស់គាត់ ។ គាត់អាចនិយាយបានច្បាស់ជាងមុន ហើយនិងគាត់អាចប្រើដៃក្នុងការសរសេរ ហើយគាត់អាចដើរបានល្អជាងមុនភាគច្រើន» ។
អ្នកស្រី គង់ ធួក មកពីឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឲ្យដឹងថាកូនស្រីគាត់ឈ្មោះ សុជាតិ អាយុ១៦ឆ្នាំ នាងមិនអាចក្រឡាប់និងក្រោកអង្គុយបានដោយកនិងចង្កេះទន់ ។ គាត់លំបាកក្នុងការថែទាំលើកដាក់កូន១៦ឆ្នាំមកហើយ ។ ក្រោយពេលមន្រ្តីអង្គការស្រាវជ្រាវយកកូនមកធ្វើលំហាត់ចលនាដូសាហូ កូនគាត់អាចកិលពីរទេះចូលបន្ទប់ទឹកខ្លួនឯង ប៉ុន្តែដៃនៅខ្វេវមិនទាន់អាចទាញត្រង់បាន ។
អ្នកស្រី គង់ ធួក បានឲ្យដឹងថា ៖ «ពីមុនមកវាងើបអង្គុយអត់កើតទេ ដៃជើងខ្វៀនខ្វង់ទាំងអស់ កវាក៏ទន់ដែរ ។ ដល់ពេលឥឡូវលោកគ្រូគាត់យកមកធ្វើនៅហ្នឹង បានធូរច្រើន ។ វាអង្គុយកើត កវារឹង ឥឡូវបានរំកិលចូលបន្ទប់ទឹកកើតទៀត» ។
អ្នកស្រី ប៉ែន វាន្នី នៅភូមិបឹងទំពន់ យកកូនស្រីអាយុ៧ឆ្នាំមកព្យាបាលចលនាដូសាហូ ឲ្យដឹងថាគាត់ទម្ងន់បាន៧ខែគាត់មានជំងឺ ។ គាត់ប្រើថ្នាំច្រើនទំនងប៉ះពាល់សុខភាពកូន ទើបកូនស្រីប្រសូតមកមិនអាចកម្រើកខ្លួនបាន ដេកតែមួយចំហៀងខ្លួន នាំឲ្យប៉ោងឆ្អឹងជំនីរមួយចំហៀង ។ ប៉ុន្តែរាងកាយលូតលាស់ធម្មតាគ្រាន់តែមិនចេះនិយាយ មិនកម្រើកដៃជើង តែនាងអាចស្តាប់បាន ។
អ្នកស្រី ប៉ែន វាន្នី បានមានប្រសាសន៍ថា ៖ «បានធូរវាចេះក្រឡាប់ ហើយដៃហ្នឹងមុនដំបូងក្រងង់ទេ ដល់ឥឡូវវាលាបាន យើងនិយាយទៅវាស្ដាប់បានទាំងអស់ ឮសូររឿងកំប្លែងវាដេកស្ដាប់សើច» ។
គ្រូដែលកំពុងតែព្យាបាលចលនាឲ្យកុមារ លោក សូ វុធ អះអាងថាកុមារាតូចស្វិត មានដៃជើងខ្វិនខ្វង់ កុមារានេះដេកតែមួយចំហៀងខ្លួនតាំងពីកើតមក៨ឆ្នាំហើយ ធ្វើឲ្យឆ្អឹងជំនីរប៉ោង និងទ្រូងផតខ្លាំងនាំឲ្យលំបាកដកដង្ហើម ។ កុមារនេះត្រូវជួយព្យាបាលចលនាសាច់ដុំតាមបែបដូសាហូនោះ ដើម្បីដាស់សាច់ដុំស្វិតចង់ងាប់ទៅហើយនោះ ឲ្យមានចលនាបន្តិចម្តងៗមកវិញ ។
លោក សូ វុធ បានបញ្ជាក់ថា ៖ «ទ្រូងវាផត ឆ្អឹងជំនីរវាមានសម្ពាធខ្លាំងទៅលើសួតវា វាដកដង្ហើមពិបាក ។ ដល់ពេលយើងធ្វើដូសាហូទៅ យើងបើកស្មាវាដើម្បីឲ្យទ្រូងហ្នឹងវាបើកបន្តិច សង្កត់ទ្រូងនេះ ឧន យើងធ្វើគ្រប់ក្បាច់ទាំងអស់ ឲ្យវាស្រួលដកដង្ហើម ។ ហើយកូននេះវាស្រួលដកដង្ហើមនៅពេលដែលវាអង្គុយ ពេលវាអង្គុយយើងចាប់ទាញស្មាវា បើកស្មាវា យើងពត់ឆ្អឹងស្លាបប្រចៀវបន្តិចទៅ ដើម្បីបើកទ្រូងវាឲ្យវាធូរបន្តិចទៅ វាដកដង្ហើមស្រួល» ។
និសិ្សតសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា លី ហួង អះអាងថាគាត់រៀនខាងចិត្តសាស្រ្ត ។គាត់ស្ម័គ្រចិត្តជួយជនពិការ ពិសេសកុមារដែលគ្នាមិនអាចកម្រើករាងកាយបាន ដោយប្រើលំហាត់ចលនាដូសាហូ ដែលមានគ្រូមកពីប្រទេសជប៉ុនបង្ហាត់ឲ្យចេះអនុវត្តទៅលើជនពិការឲ្យគេចេះជួយទប់ខ្លួនឯង ។
កញ្ញា លី ហួង បានឲ្យដឹងថា ៖ «ខ្ញុំចាប់ឲ្យគេអង្គុយទៅ ហើយយកដៃទប់ត្រគាកគេ ដើម្បីជួយត្រគាកគេឲ្យរាងទន់ ហើយខ្ញុំយកសាច់កៀនកំភួនជើងយកទៅទប់ខ្នងគេ ដើម្បីឲ្យខ្នងគេហ្នឹងត្រង់ ហើយបានខ្ញុំចាប់យកដៃរបស់ខ្ញុំហ្នឹងទប់ស្មារបស់គេ ដើម្បីឲ្យជំហររបស់គេបានត្រង់ល្អ» ។
ប្រធានកម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ូ កេវណ្ណា មានប្រសាសន៍ថាការជួយស្តារនីតិសម្បទាក្នុងប្រទេសកម្ពុជា មិនទាន់ឈានដូចប្រទេសជឿនលឿនទេ ។ លោកថានៅប្រទេសជប៉ុនកុមារមានជំងឺកាយសម្បទា ការព្យាបាលមាន៣យ៉ាង ដំបូងចាក់ថ្នាំការពារ បន្ទាប់មកព្យាបាល ចុងក្រោយគឺសង្រ្គោះ ។
លោកថាការព្យាបាលចាប់ពីទារកកើតរហូតអាយុ៦ខែ គេអាចវះកាត់ឬធ្វើចលនាសាច់ដុំ ។ នៅប្រទេសកម្ពុជាអ្នកជំងឺកាយសម្បទាមានតែព្យាបាលធ្វើចលនាសាច់ដុំមួយមុខគត់ប៉ុណ្ណោះ ។
លោកវេជ្ជបណ្ឌិត អ៊ូ កេវណ្ណា បានមានប្រសាសន៍ថា ៖ «បើយើងមិនបង្រៀនវាឲ្យសកម្មពេក វាទៅអត់រួចទេ វាទៅជាគាំង ឬពិការតែម្ដង ប៉ុន្តែបើយើងជួយពីឥឡូវ ដូចខាងពេទ្យជប៉ុនគេធ្វើហ្នឹង គឺវាជាការត្រឹមត្រូវ ព្រោះវាជួយធ្វើឲ្យសាច់ដុំហ្នឹងអាចឈានទៅដល់ភាពមួយ គេហៅថាចលនាសកម្មដោយខ្លួនឯងបាន ។ ដំបូងយើងជួយគេសិន កាលណាជួយគេរួច គេនឹងជួយខ្លួនគេដោយខ្លួនគេតែម្ដង» ។
ពុំមានការអះអាងពីក្រុមគ្រូពេទ្យចំពោះទារកនិងកុមារដែលកើតមកមានកាយសម្បទាមិនប្រក្រតីនេះដោយសារមូលហេតុអ្វី ឬមានចំនួនប៉ុន្មានឡើយ ។ ប៉ុន្តែតាមយោបល់គ្រួសារកុមារពិការទាំងនោះឲ្យដឹងថា ពេលគាត់ទម្ងន់គាត់ខ្វះអាហារហូបគ្រប់គ្រាន់ ឬគាត់ធ្វើដំណើរទៅព្រៃកើតជំងឺគ្រុនចាញ់ ឬគាត់រស់នៅលើសំរាម ឬកន្លែងកខ្វក់ខ្លាំង ឬគាត់រងនូវជាតិគីមីពុលបាញ់លើដំណាំជាដើម ។
មន្រ្តីអង្គការសេវាចិត្តសង្គម (PSO) ឲ្យដឹងថាការព្យាបាលដែលមានក្រុមជនជាតិជប៉ុនចុះបង្ហាត់ផ្ទាល់មាន៩លើកមកហើយចាប់ពីឆ្នាំ២០០២មក ។ ហើយខាងក្រុមអង្គការនោះបានចុះទៅជួយធ្វើចលនាដូសាហូដល់លំនៅឋានជនពិការ កុមារ និងមនុស្សចាស់ រាល់សប្តាហ៍ទៀតផង ។ ការព្យាបាលនោះឧបត្ថម្ភថវិកាមួយឆ្នាំ ២វគ្គ ដោយសប្បុរសជនជនជាតិជប៉ុន ផ្តល់ថវិកាចំនួន៥០០០ដុល្លារក្នុងមួយវគ្គ ព្យាបាលជនពិការ ១៧ ទៅ ២០នាក់ ពុំមានគិតថ្លៃឡើយ ៕