វិធីមួយដែលអាចជួយបន្ថយបរិមាណសំរាមបានគឺ ការយកសម្រាមប្រភេទខ្លះមកច្នៃប្រឌិតប្រែរូបជារបស់ប្រើប្រាស់មានប្រយោជន៍។
ក្នុងន័យនេះអង្គការដែលធ្វើការងារទាក់ទងនឹងបរិស្ថានបានធ្វើការតាំងបង្ហាញផលិតផលជាវត្ថុអនុស្សាវរីយ៍ដោយធ្វើពីសំរាមនាទីក្រុងភ្នំពេញ ដើម្បីជួយលើកស្ទួយដល់បរិស្ថាននិងអនាម័យរបស់ទីក្រុង។
នាយកប្រតិបត្តិអង្គការយុវជនខ្មែរនិងការអភិវឌ្ឍសង្គម លោក ឈួន បូរិទ្ធិ បានឲ្យដឹងថា ការតាំងពិព័រណ៍ផលិតផលធ្វើពីសំរាមនេះគឺដើម្បីបំផុសដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នករស់នៅក្នុងទីក្រុងភ្នំពេញឲ្យចេះគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ និងដើម្បីធានាសោភ័ណភាពរបស់ទីក្រុងឲ្យមានអនាម័យ។
លោកបានបន្តថា ការតាំងពិព័រណ៍នេះក៏បានផ្ដល់ឱកាសឲ្យយុវជនខ្មែរបញ្ចេញសមត្ថភាពក្នុងការកែច្នៃសំរាមឲ្យក្លាយទៅជាវត្ថុអនុស្សាវរីយ៍ផងដែរ។
លោក ឈួន បូរិទ្ធិ បានបញ្ជាក់ថា ៖ «អ្វីដែលខ្ញុំសង្ឃឹមនោះគឺថា គាត់នឹងចូលរួមចំណែកក្នុងការសម្អាតទីក្រុងរបស់យើង ទុកដាក់សំរាម គិតថាសំរាមណាជារបស់រឹង របស់រាវ ដែលយើងត្រូវបោះចោលយ៉ាងម៉េច ហើយសំរាមណាដែលយើងគិតថាវាមានប្រយោជន៍ ដូចជាដបទឹកសុទ្ធអ៊ីចឹងបើសិនណាជាគាត់ទុកឬយ៉ាងម៉េច អាហ្នឹងគាត់អាចប្រគល់ឲ្យអង្គការយើងដើម្បីយកដបទឹកសុទ្ធមកកែច្នៃធ្វើជាផើងផ្កាផើងអី»។
លោក ឈួន បូរិទ្ធិ បានឲ្យដឹងថែមទៀតថា សំរាមដែលយកមកកែច្នៃជាវត្ថុអនុស្សាវរីយ៍ទាំងនោះគឺក្រដាសនិងឈើដែលគេបោះចោល សំបកពងទាកូន បំពង់បឺត ថង់ប្លាស្ទិក និងកម្ទេចក្រណាត់ជាដើម។
លោក ឈួន បូរិទ្ធិ បានបន្តទៀតថា ក្នុងការតាំងពិព័រណ៍លើកនេះមានការបង្ហាញដល់សាធារណជននូវសម្ភារៈជាវត្ថុអនុស្សាវរីយ៍ចំនួន៥០មុខ រួមមានកូនកង់ កូនរថយន្ត អគារខ្ពស់ សាកលវិទ្យាល័យ ផ្ទះឈើ ផ្ទះធ្វើពីបំពង់បឺត ទោង និងស្បែកជើងជាដើម។
លោក ឈួន បូរិទ្ធិ បានឲ្យដឹងផងដែរថា អង្គការរបស់លោកបានធ្វើការតាំងពិព័រណ៍ផលិតផលធ្វើពីសំរាមបានចំនួនបួនលើកហើយដែលប្រព្រឹត្តទៅនៅមុខផ្សារ Pencil មាត់ទន្លេ ហើយម្ដងៗទាក់ទាញអ្នកទស្សនាបានរាប់រយនាក់។
គួរជម្រាបថា បើតាមមន្រ្តីក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីឲ្យដឹងថា ក្នុងមួយថ្ងៃក្រុមហ៊ុនប្រមូលសំរាមបានជិត២០០តោនក្នុងទីក្រុងភ្នំពេញ៕