សេចក្តីអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអង្គការខាងលើទទួលកិច្ចអន្តរាគមន៍ពីក្រុមគ្រួសារក្មេងរងគ្រោះ ដើម្បីនាំនាងទៅកាន់មជ្ឈមណ្ឌល ប្រយោជន៍ជួយព្យាបាលនិងស្តារនីតិសម្បទាដោយសារនាងបានក្លាយទៅជាជំពូកកុមារមានវិបត្តិផ្លូវចិត្ត ។
នាយកប្រតិបត្តិ លោក ប៊ូ តុង បញ្ជាក់ ៖ «ទុករឿងគ្នាចោលរាប់ខែរាប់ឆ្នាំអ៊ីចឹង ធ្វើឲ្យគ្នាមានដំបៅផ្លូវចិត្តខ្លាំងណាស់ ។ មុននឹងយកទៅលក់ហ្នឹង រំលោភ២ដងសិន ហើយបានយកនាងហ្នឹងទៅលក់ឲ្យផ្ទះបនតែម្ដង...» ។
តាមអតីតមេធាវីនៃអង្គការជំនួយផ្នែកច្បាប់នាំកម្ពុជា លោក នី ចាន់ឌី ដែលជាអ្នកការពារក្តីឲ្យជនរងគ្រោះបញ្ជាក់ថា លោកបានដាក់ពាក្យបណ្តឹងករណីខាងលើជូនព្រះរាជអាជ្ញាអមតុលាការខេត្តរតនគិរីតាំងពីចុងឆ្នាំ២០០៦មក ក៏ប៉ុន្តែពុំទាន់ឃើញមានចំណាត់ការយ៉ាងណាក្នុងរឿងក្តីនេះនៅឡើយ ។
លោក នី ចាន់ឌី បានមានប្រសាសន៍ថា ៖ «ខ្ញុំស៊ើបអង្កេតខ្ញុំមកវិញ ខ្ញុំបានទាក់ទងព្រះរាជអាជ្ញា ក្រោយមកមិនដឹងព្រះរាជអាជ្ញាចោទឬមិនចោទទេ ព្រោះខ្ញុំដូរមកនេះមក» ។
តាមកំណត់ហេតុបំភ្លឺរបស់ជនរងគ្រោះឲ្យដឹងថា កាលពីខែតុលា ឆ្នាំ២០០៦ ក្មេងស្រីអាយុ ១៤ឆ្នាំ ជនជាតិភាគតិចគ្រឹង រស់នៅឃុំល្អក់ ស្រុកអូរជុំ ត្រូវបុរសវ័យកណ្តាលជនជាតិភាគតិចដូចគ្នា ឈ្មោះ សាឡោះ បោកប្រាស់រកការងារឲ្យនាងធ្វើ ក៏ប៉ុន្តែបាននាំនាងទៅរំលោភហើយលក់ទៅឲ្យផ្ទះបនឈ្មោះ តាបាក់ មានទីតាំងនៅក្រោយមន្ទីរពេទ្យខេត្ត បន្ទាប់មកមេបនបានបង្ខំនាងឲ្យប្រើប្រាស់គ្រឿងញៀន និងបម្រើផ្លូវភេទ ក៏ប៉ុន្តែដោយសារនាងជាជនជាតិភាគតិចមិនចេះបម្រើភ្ញៀវ ទើបមេបនវាយធ្វើបាបនិងបណ្តេញចេញពីផ្ទះ បន្ទាប់មកក្រុមគ្រួសារនាងបានផ្តល់ព័ត៌មាននេះទៅក្រុមសិទ្ធិមនុស្សដើម្បីជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ ។
ព្រះរាជអាជ្ញាអមតុលាការខេត្ត លោក ម៉ី សាខន មានប្រសាសន៍បញ្ជាក់ថា មានរឿងក្តីជាច្រើនដែលឋិតក្រោមការស៊ើបអង្កេតរបស់លោក ចំពោះរឿងក្តីខាងលើ លោកមិនប្រាកដថាយ៉ាងណានៅឡើយទេ ហើយលោកអះអាងថា ធ្វើការពិនិត្យរឿងក្ដីនេះឡើងវិញ ។
លោក ម៉ី សាខន បានឲ្យដឹងថា ៖ «វាអាចច្រើនទៅវាច្រឡំ ឬក៏បញ្ជូនចេញ ឬក៏យ៉ាងម៉េចនោះណា៎ សំណុំហេតុផលម៉េច ក៏មានភស្តុតាងគ្រប់គ្រាន់ អាណាមិនចោទ...» ។
មេធាវីនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា លោក ម៉ៅ សាវី ដែលកាន់រឿងក្តីនេះបន្តពីលោក នី ចាន់ឌី បញ្ជាក់ថាលោកនឹងរៀបចំបណ្តឹងជាថ្មីទៀត ជូនព្រះរាជអាជ្ញាដើម្បីសើរើរឿងក្តីនិងទាមទារឲ្យមានការផ្តន្ទាទោសជនពាក់ព័ន្ធដើម្បីផ្តល់យុត្តិធម៌ដល់កូនក្តីលោកនិងក្រុមគ្រួសារពួកគេ ។
លោក ម៉ៅ សាវី បានមានប្រសាសន៍ថា ៖ «គាត់បានមកជួបខ្ញុំ ហើយក៏បាននាំជនរងគ្រោះមក ដោយសាររឿងហ្នឹងជារឿងក្ដីអ្នកស្រុកតាំងពីមុនមក ទាក់ទងនឹងមេធាវី ប៉ុន្តែត្រូវជាពូមិនដឹង បងមិនដឹងមកពឹង ហើយដោយសារឯកសារហ្នឹង គាត់បានបំពេញបែបបទតុលាការ អ៊ីចឹងយើងគិតថា អ៊ីចឹងកុំឲ្យពិបាកធ្វើ យើងគិតថា យកជនល្មើសហើយប្ដឹងទៅក្រុមប្រឹក្សាថ្មីតែម្ដងទៅ» ។
របាយការណ៍ប្រចាំឆ្នាំ២០០៧-២០០៨ របស់អាជ្ញាធរខេត្តរតនគិរីឲ្យដឹងថា បទល្មើសរំលោភសេពសន្ថវៈកើតមាន១០ករណីប្រៀបធៀបឆ្នាំ២០០៦ដែលមានតែមួយករណីតែប៉ុណ្ណោះ ៕