ក្នុងសេចក្តីប្រកាសថ្ងៃច័ន្ទនេះអង្គការសង្គមស៊ីវិលបានទទូចដល់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរគួរតែដោះស្រាយតាមរូបមន្តពីរគឺ ទី១ មិនត្រូវប្រើប្រាស់កម្លាំងទ័ពដើម្បីដោះស្រាយនោះទេ។ ភាគីទាំង២ គួរដកកងទ័ពចេញពីតំបន់ជម្លោះឲ្យនៅក្នុងស្ថានភាពមុនទំនាស់។ រាល់ទីតាំងទំនាស់ដែលមិនទាន់អាចដោះស្រាយបាននាបច្ចុប្បន្នដោយមានភាពមិនច្បាស់លាស់នោះ រដ្ឋាភិបាលនៃប្រទេសទាំង២ចាត់តាំងគណៈកម្មការដោះស្រាយបញ្ហាព្រំដែនស៊ីវិលដើម្បីបន្តដោះស្រាយឲ្យបានឆាប់។
ទី២ ប្រទេសទាំង២ត្រូវតែបង្កើនសកម្មភាពក្នុងការដោះស្រាយបញ្ហាខាងលើឲ្យសកម្ម ទាំងទ្វេភាគីនិងពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌអង្គការសហប្រជាជាតិដើម្បីឈានទៅបញ្ចប់ជម្លោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាពិសេសសូមឲ្យសមាជិកអាស៊ានលើកយកបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជានិងថៃដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាននៅខែធ្នូ ឆ្នាំ២០០៨ខាងមុខ ដើម្បីរកដំណោះស្រាយដល់បញ្ហានេះ៕