សង្គម​ស៊ីវិល​អំពាវនាវ​សុំ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ជូន សំណាង និង សំអឿន

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​អំពាវនាវ​សុំ​ឲ្យ​តុលាការ​កំពូល​រក​យុត្តិធម៌​ជូន​ទណ្ឌិត ប៊ន សំណាង និង សុខ សំអឿន។
ដោយ ម៉ៅ សុធានី
2008.12.31
Share on WhatsApp
Share on WhatsApp
សំណាង​សំអឿន ប៊ន សំណាង (រូប​ទី​២​ពី​ឆ្វេង) និង សុខ សំអឿន (រូប​ទី​២​ពី​ស្ដាំ) ខណៈ​ពេល​ដែល​សមត្ថកិច្ច​ប៉ូលិស​នាំ​ចូល​ទៅ​កាន់​សាលា​ឧទ្ធរណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១២ មេសា ២០០៧។
AFP Photo

នៅ​ថ្ងៃ​ពុធ​នេះ​តុលាការ​កំពូល​នឹង​បើក​សវនាការ​ពិនិត្យ​សើរើ​ក្តី​ទណ្ឌិត​ពីរ​រូប គឺ​លោក ប៊ន សំណាង និង សុខ សំអឿន ដែល​បាន​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​២០​ឆ្នាំ​ពីបទ​ថា​បាន​បាញ់​សម្លាប់ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​កាលពី​៥​ឆ្នាំ​មុន។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ជា​សម្ព័ន្ធ​អង្គការ​និង​សមាគម​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​២១​បាន​ធ្វើការ​អំពាវនាវ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​សុំ​ឲ្យ​តុលាការ​កំពូល​រក​យុត្តិធម៌​ជូន​ទណ្ឌិត​ទាំង​ពីរ​រូប​នេះ​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា ពុំ​មែន​ជា​ឃាតករ​ពិត​សម្លាប់ លោក ជា វិជ្ជា នោះ​ទេ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អំពាវនាវ​បី​ចំណុច​សំខាន់ៗ​ជា​គោល​ក្នុង​នោះ​មាន ៖ ទី​១ ស្នើសុំ​តុលាការ​កំពូល​លើក​យក​នីតិ​វិធី​នៃ​ការចាប់​ខ្លួន ការឃាត់​ខ្លួន ការឆែកឆេរ និង​ការប្រមូល​ភស្តុតាង​ដោយ​ប៉ូលិស​មក​ធ្វើការ​ពិចារណា​សា​ជា​ថ្មី។ ទី​២ សូម​តុលាការ​កំពូល​លើក​យក​ចម្លើយ​សាក្សី​ដោះ​បន្ទុក​ដែល​មេធាវី​បង្ហាញ​ពី​មុន ហើយ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​និង​សាលាឧទ្ធរណ៍​មិន​ព្រម​ធ្វើការ​ត្រួតពិនិត្យ​និង​ពិចារណា​ក្នុង​នោះ​រួម​ទាំង​កោសល្យវិច្ច័យ​ផងដែរ។ ទី​៣ ទទូច​សុំ​ឲ្យ​តុលាការ​កំពូល​ពិនិត្យ​ពិចារណា​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី វ៉ា សុធី សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ឃាតកម្ម​លើ​រូប លោក ជា វិ ជ្ជា ហើយ​បញ្ជាក់​ថា ទណ្ឌិត​ទាំង​ពីរ​នាក់​នេះ​ពុំ​មែន​ជា​ឃាតករ​បាញ់ លោក ជា វិជ្ជា ទេ។

លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ត្រូវ​ឃាតករ​បាញ់​សម្លាប់​ខណៈ​កំពុង​អាន​កាសែត​នៅ​មុខ​តូប​លក់​កាសែត​មួយ​ជាប់​នឹង​របង​វត្ត​លង្កា​ក្នុង​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២២ ខែ​មករា ឆ្នាំ​២០០៤៕


បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។