ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជាបាន សម្ដែងការព្រួយបារម្ភថា តំណាងស្ថានទូតនានានិងតំណាងសហគមន៍អន្តរជាតិមួយចំនួនក្នុងប្រទេស កម្ពុជាអាចមកចូលរួមតិចតួចដើម្បីតាមដានសវនាការរបស់តុលាការកំពូល ដែលគ្រោងនឹងជម្រះក្តីនៅថៃ្ងទី៣១ ខែធ្នូខាងមុខឆាប់ៗនេះ លើករណី ប៊ន សំណាង និង សុខ សំអឿន ដោយសារតែថៃ្ងបើកសវនាការនោះជិតដល់ថៃ្ងចូលឆ្នាំសកល ឆ្នាំ២០០៩ ជាថៃ្ងឈប់សម្រាក។
លោក អំ សំអាត ប្រធានផែ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូនៅក្នុងចំណោមអង្គការសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «អ៊ីចឹងធ្វើឲ្យអង្គសវនាការហ្នឹងមិនមានអង្គទូត ឬក៏ភ្ញៀវអន្តរជាតិច្រើនចូលរួមនៅក្នុងនោះ បើមានក៏មានតិចដែរនៅក្នុងការចូលរួមស្ដាប់សវនាការនៅថ្ងៃនោះ ហើយយើងក៏មានការព្រួយបារម្ភដែរអំពីបញ្ហានៃការសម្រេចរបស់តុលាការកំពូល»។
ទាក់ទងនឹងការព្រួយបារម្ភខាងលើនេះ លោក John Johnson មន្រ្តីអ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ស្ថានទូតអាមេរិកនឹងចាត់តំណាងរបស់ខ្លួនដើម្បីតាមដានមើលដំណើរការនៃសវនាការនៅពេលខាងមុខ លើករណី ប៊ន សំណាង និង សុខ សំអឿន នៅឯតុលាការកំពូលនៅថៃ្ងទី៣១ ដំណាច់ខែធ្នូខាងមុខនេះ។
ផ្អែកតាមប្រភពបានឲ្យដឹងថា ស្ថានទូតអង់គ្លេសនិងស្ថានទូតអាល្លឺម៉ង់បានសន្យាថានឹងបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួមដើម្បីតាមដានមើលដំណើរការនៃសវនាការរបស់តុលាការកំពូលនាពេលខាងមុខ ប៉ុនែ្តស្ថានទូតអូស្រ្តាលីនៅមិនទាន់ច្បាស់លាស់នៅឡើយក្នុងការបញ្ជូនតំណាងរបស់ខ្លួន។
លោក ហុង កឹមសួន មេធាវីរបស់ សុខ សំអឿន បានមានប្រសាសន៍ថា លោកបានត្រៀមឯកសាររួចរាល់អស់ហើយដើម្បីតទល់ក្តីនៅឯតុលាការកំពូលនាពេលខាងមុខនេះ។
លោក ហុង កឹមសួន បានមានប្រសាសន៍ថា ៖ «យើងមានភស្តុតាងរបស់យើងបូកជាមួយនឹងអង្គច្បាប់របស់យើង។ ខ្ញុំគិតថាកូនក្ដីខ្ញុំជាមនុស្សល្អ មនុស្សបរិសុទ្ធ មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ យើងនៅសង្ឃឹមថាតុលាការកំពូលនេះ លោកនឹងពិចារណាទាំងផ្លូវច្បាប់ នឹងឲ្យកូនខ្ញុំបានយុត្តិធម៌»។
មិនអាចទាក់ទងមន្រ្តីតុលាការកំពូលដើម្បីប្រតិកម្មទៅនឹងការព្រួយបារម្ភរបស់តំណាងអង្គការសង្គមស៊ីវិលខាងលើនេះបានភ្លាមៗទេចំពោះសវនាការនៅពេលខាងមុខនេះ។
សូមរំឭកថា ប៊ន សំណាង និង សុខ សំអឿន ត្រូវបានតុលាការក្រុងភ្នំពេញបានកាត់ទោសកាលពីខែសីហា ឆ្នាំ២០០៥កន្លងទៅ ឲ្យជាប់គុកម្នាក់ៗ២០ឆ្នាំក្រោមបទចោទប្រកាន់ថាបានបាញ់សម្លាប់ លោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករកម្ពុជាកាលពីថៃ្ងទី២២ ខែមករា ឆ្នាំ២០០៤កន្លងទៅ។
ក្រោយមកតុលាការសាលាឧទ្ធរណ៍បានបើកសវនាការកាលពីខែមេសា ឆ្នាំ២០០៧កន្លងទៅតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញចាត់ទុកថាជាបានការ។
កាលពីពេលថ្មីៗនេះនៅមុនពេលបើកសវនាការរបស់តុលាការកំពូលថៃ្ងទី៣១ ខែធ្នូខាងមុខនេះ មានការទាមទារជាច្រើនពីសំណាក់ក្រុមគ្រួសារ មេធាវី អង្គការសិទ្ធិមនុស្សជាតិនិងអន្តជាតិសុំឲ្យតុលាការនិងអាជ្ញាធរកម្ពុជាដោះលែង ប៊ន សំណាង និង សុខ សំអឿន នោះ ឲ្យមានសេរីភាពវិញដោយគេសំអាងទៅលើភស្តុតាងនិងសាក្សីបញ្ជាក់ថា អ្នកទាំងពីរមិនមែនជាឃាតករពិតប្រាកដទេ៕