នាយក​រដ្ឋមន្ត្រី​ព្រមាន​ក្រុមហ៊ុន​ព្រៃ​សម្បទាន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចំពោះ​ក្រុមហ៊ុន​ព្រៃ​សម្បទាន​នានា​នៅ​កម្ពុជា​ថា រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​កាប់​ឈើ​ក្នុង​រយៈពេល​យូរ​ត​ទៅ​ទៀត​ទេ ដូច្នេះ​ក្រុមហ៊ុន​ទាំង​នោះ​អាច​បញ្ឈប់​ការ​រកស៊ី​នៅ​កម្ពុជា ហើយ​ប្រគល់​ព្រៃ​សម្បទាន​ទាំង​នោះ​ឲ្យ​ទៅ​រដ្ឋ​គ្រប់គ្រង​វិញ ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅ​ក្នុង​ឱកាស​បិទ​សន្និសីទ​ជាតិ​ស្ដីពី​ការ​រីកចម្រើន​របស់​ប្រជាពលរដ្ឋ តាម​រយៈ​សមិទ្ធិផល​នានា​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល នៅ​សាល​សន្និសីទ​ចតុមុខ នៅ​ថ្ងៃ​ទី​១ មិថុនា ដែល​មាន​មន្ត្រី​ជាន់ខ្ពស់​ទូទាំង​ប្រទេស​ចូលរួម​ប្រមាណ ៨០០​នាក់​យ៉ាងដូច្នេះថា ៖ «ចំណុច​នេះ​ក៏​សូម​បញ្ជាក់​ថា រឿង​កាប់​ឈើ​នេះ​ទុក​វា​សិន​ទៅ កុំ​ពឹង​ផ្អែក​ទៅ​លើ​ចំណូល​ព្រៃ​ឈើ ប៉ុន្មាន​ឆ្នាំ​ហើយ​យើង​អត់​ដែល​មាន​ចំណូល​ពី​ឈើ​ទេ យើង​ប្រើប្រាស់​ចំណូល​មិន​មែន​ផ្នែក​ណា​មួយ​ចេញ​ពី​ឈើ​ទេ ។ ឈើ​វា​អត់​ទ្រោម​ទេ ទុក​វា​នៅ​ហ្នឹង​សិន​ទៅ កាប់​ឈើ​បង្កើត​នូវ​អំពើ​ពុករលួយ​មួយ​ធំ​ណាស់ គ្រប់គ្រង​លែង​កើត​ហើយ ទុក​វា​នៅ​ហ្នឹង​សិន ហ្នឹង​ទី​១ ។ ទី​២ ស្ពាន ផ្លូវ​ថ្មី​នេះ ធ្វើ​ហើយ កាប់​ឈើ​ខ្ទេច​ខ្ទាំ​អា​ហ្នឹង អា​លុយ​លក់​ឈើ​បាន​មក​ហ្នឹង វា​មិន​គ្រប់គ្រាន់​នឹង​ជួសជុល​ផ្លូវ​ទេ ។ អ៊ីចឹង​បាន​ខ្ញុំ​សុំ​ស្នើ​អ្នក​ព្រៃ​សម្បទាន​ទាំងឡាយ​ហ្នឹង បើសិន​ថា ទេ​បើ​គង់​មិន​បាន​កាប់​ដដែល ក៏​មិន​ដក​ខ្លួន​ចេញ​ដែរ ក៏​ខ្ញុំ​អរ​ដែរ ទុក​ក៏​មិន​ទាន់​ឲ្យ​កាប់​ដែរ បំរាម​ដឹក​ជញ្ជូន​ឈើ​ហ្នឹង នៅ​បន្ត​ទៅ​ទៀត បន្ត​ក្នុង​រយៈពេល​វែង ព្រោះ​ខ្ញុំ​មើល​ឃើញ​ហើយ អត់​កាប់​ម៉េច ? គ្មាន​ចំណូល​ព្រៃ​ឈើ រក​បានដែរ»

តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​ដែល​ចែក​ផ្សាយ​នៅ​ក្នុង​ឱកាស​សន្និសីទ​ជាតិ​នោះ បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ចំនួន​១៧ បាន​ត្រូវ​លុប​ចោល​កិច្ច​ព្រមព្រៀង ហើយ​ដកហូត​បាន​ព្រៃ​សម្បទាន​សរុប​ចំនួន​២៤​កន្លែង ស្មើ​នឹង​ជាង ៣​លាន​៥​សែន​ហិកតា ។ បច្ចុប្បន្ន​នៅ​១៩​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​មាន​សហគមន៍​ការពារ​ព្រៃឈើ​ចំនួន​៣០០​កន្លែង ៕