មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ភ្នំពេញ​ត្រូវ​ការ​ថវិកា​សម្រាប់​ដំណើរ​ការ​ឆ្នាំ​២០១៣

ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​កម្ពុជា ក្នុង​ចំណោម​ទារក​ដែល​ទើប​កើត ១ពាន់​នាក់ មាន ៨​នាក់​មាន​រោគ​បេះដូង​ពី​កំណើត ដែល​ត្រូវ​ការ​ព្យាបាល​វះ​កាត់​ជា​ចាំបាច់។

0:00 / 0:00

មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ភ្នំពេញ ដែល​ជា​កន្លែង​តែ​មួយ​គត់​ផ្តល់​ការ​វះ​កាត់​ជំងឺ​បេះដូង​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ត្រូវ​ការ​ថវិកា​បន្ថែម​សម្រាប់​ដំណើរ​ការ​ឆ្នាំ​២០១៣។ មន្ត្រី​គ្រប់គ្រង​មជ្ឈមណ្ឌល អំពាវនាវ​ដល់​សប្បុរស​ជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជួយ​ផ្តល់​ថវិកា ដើម្បី​រួម​គ្នា​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ ជាពិសេស​កុមារ​នៃ​ក្រុម​គ្រួសារ​ក្រីក្រ។

ចាប់​តាំង​ពី​ដំណើរ​ការ​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​២០០១ មក មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ភ្នំពេញ (Phnom Penh Heart Center = PPHC) បាន​ផ្តល់​ការ​វះ​កាត់​ដល់​ទារក កុមារ និង​មនុស្ស​ពេញ​វ័យ ដែល​មាន​ជំងឺ​បេះដូង​ប្រមាណ​ជាង ៣.៣០០​នាក់ ក្នុង​នោះ ៦៥% គឺ​ជា​រោគ​បេះដូង​ពី​កំណើត។ បច្ចុប្បន្ន មាន​អ្នក​ជំងឺ​ចំនួន​ជាង ២​ពាន់​នាក់​ទៀត​ដែល​កំពុង​រង់ចាំ​ទទួល​ការ​វះ​កាត់។

ទាក់​ទង​នឹង​ដំណើរ​ការ​ផ្តល់​សេវា​ពិនិត្យ ព្យាបាល និង​វះ​កាត់​ដល់​អ្នក​ជំងឺ​បេះដូង ដែល​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ​នេះ សហ​នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល លោក​វេជ្ជបណ្ឌិត ហេង តៃគ្រី មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ភ្នំពេញ ខ្វះ​ថវិកា​ចំនួន ៥០​ម៉ឺន​ដុល្លារ៖ «បាទ! ហ្នឹង​ដោយ​សារ​យើង​ទិញ​ថែម​សម្ភារៈ ដូច​ជា​អេកូ ៩ម៉ឺន ប្រដាប់​មើល​បេះដូង​ជាង ១០​ម៉ឺន អីវ៉ាន់​ធ្ងន់ៗ។ យើង​ត្រូវ​ប្ដូរ​សម្ភារៈ​ដែល​គេ​ឱ្យ​យើង​ពី​មុន​មក ព្រោះ​ឧបករណ៍​ទាំង​នោះ​ប្រើ​បាន​តែ ៥​ឆ្នាំ​ទេ គេ​ឱ្យ​យើង​ជាង ១០​ឆ្នាំ​ហើយ គេ​ឱ្យ​យើង​អា​ចាស់ៗ​មក​ហ្នឹង។ គ្រាន់​តែ​សំណូម​ពរ​ទៅ​ខាង​អាមេរិក បើ​អាច​ជួយ​បាន ស្រុក​បារាំង ក៏​ដោយ ឱ្យ​ជួយ​ដាក់​លុយ​ហ្នឹង​ផ្ញើ​ដាយរិក (Direct) មក​កុង​របស់​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​តែ​ម្តង​ទៅ កុំ​បាច់​តាម​រយៈ​អ្នក​ទី២ ទី៣​ទៀត ព្រោះ​យើង​នៅ​ទីនេះ យើង​ដឹង​តែ​ជួយ​មើល​ផ្ទាល់​ដល់​អ្នក​ក្រ គ្មាន​គិត​អ្នក​ណា​អី​ទេ ដឹង​តែ​ជំងឺ គឺ​ជំងឺ​ហើយ»

នៅ​ពេល​បច្ចុប្បន្ន​នេះ មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ក្រុង​ភ្នំពេញ គឺ​ជា​ស្ថាប័ន​ស្វយ័ត ចាប់​ផ្ដើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​២០០១ ក្រោម​ជំនួយ​របស់​អង្គការ​ឡាឆេន ដឺឡេះស្ព័រ (La Chaîne de l'Espoir) ហើយ​និង​មូលនិធិ​វេជ្ជសាស្ត្រ​កម្ពុជា ដែល​ជា​ព្រះរាជ​តម្រិះ​ផ្ដួច​ផ្ដើម​របស់​អតីត​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។ សម្រាប់​ដំណើរ​ការ​ប្រចាំ​ឆ្នាំ លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ហេង តៃគ្រី អតីត​នាយក​គ្រប់គ្រង​មន្ទីរពេទ្យ​កាល់ម៉ែត្រ ដែល​បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ ឱ្យ​ដឹង​ថា មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ក្រុង​ភ្នំពេញ ត្រូវ​ការ​ថវិកា​ចំនួន​ប្រមាណ​ជា ៣​លាន​ដុល្លារ​អាមេរិក ក្នុង ១ឆ្នាំៗ៖ «កាល​មុន​គេ​យក​កូន​ខ្មែរ​ទៅ​ស្រុក​បារាំង។ ដល់​ក្រោយ​មក បាន​គេ​មក​បង្កើត​នៅ​ស្រុក​ខ្មែរ គេ​ចេញ​លុយ​អស់​ជាង ១លាន ២០០១ គេ​បើក​សម្ពោធ​ហ្នឹង។ បាទ នៅ​កាច់​ជ្រុង​កាល់ម៉ែត្រ ជាប់​ស្ថានទូត​បារាំង តាម​រយៈ​ឡាឆេន ដឺឡេះស្ព័រ ស្រុក​បារាំង និង​មូលនិធិ​វេជ្ជសាស្ត្រ​កម្ពុជា ព្រះករុណា​សម្ដេចឪ​ជា​ប្រធាន កាល​ហ្នឹង​លោក​មាន​អ៊ីនីសៀតទីវ (initiative) ចង់​បង្កើត​ក៏​ហៅ​បារាំង មក​ជួយ។ ឥឡូវ​ខ្មែរ​យើង​កាន់​កាប់​ទេ។ ដំបូង កាល​បារាំង គេ​ធ្វើ គេ ១​លាន ៤សែន ហើយ​ចាប់​ផ្ដើម​វះ​កូន​ក្មេង​២៥ (នាក់) គេ​ជួយ​ទាំង​អស់។ ឥឡូវ ប្រហែល​ពី ២​លាន ទៅ ២លាន ៥សែន​ហើយ ព្រោះ​ពី​មុន​ជំងឺ​វា​តិច ឥឡូវ​ដល់​គេ​ដឹង​ថា​យើង​ដំណើរ​ការ​បាន​ហើយ ជំងឺ​មក​កាន់​តែ​ច្រើន»

ក្រៅ​ពី​ជំនួយ​ថវិកា​ផ្តល់​ដោយ​អង្គការ​មនុស្សធម៌​នានា មជ្ឈមណ្ឌល​ក៏​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ចំនួន ៣០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​១ឆ្នាំៗ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ផង​ដែរ ដោយ​ផ្តល់​តាម​រយៈ​ក្រសួង​សុខាភិបាល។ រីឯ​ជំនួយ​ពី​មូលនិធិ​ឡាឆេន ដឺឡេះស្ព័រ ដែល​មាន​ន័យ​ថា​បង្គោល​នៃ​ក្តី​សង្ឃឹម នោះ​វិញ អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ និង​ជា​ទីប្រឹក្សា​អម​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី និង​ព្រះវរបិតា គឺ​សម្ដេច​ព្រះ​នរោត្តម សីហនុ តែង​ប្រោស​ប្រទាន​ព្រះរាជ​អំណោយ ដើម្បី​ជួយ​ដល់​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ក្រុង​ភ្នំពេញ ជា​រៀង​រាល់​ឆ្នាំ៖ «ខ្ញុំ​ដឹង​ថា ព្រះករុណា​លោក​ឧស្សាហ៍​ទទួល​សវនាការ ហើយ​នៅ​ពេល​លោក​ទទួល​ម្តងៗ លោក​តែង​ប្រទាន​ព្រះរាជ​ទ្រព្យ។ ឆ្នាំ​មុន ខាង​មូលនិធិ​ឡាឆេន ដឺឡេះស្ព័រ ហ្នឹង​ចូល​ថ្វាយ​បង្គំ​គាល់​ព្រះករុណា ក្នុង​ឱកាស​នោះ​លោក​បាន​ប្រទាន​ព្រះរាជ​ទ្រព្យ​ប្រហែល​ជា ២​ម៉ឺន​ដុល្លារ​អាមេរិក ២០១១ ប្រហែល​ខែ​១ ឬ​ខែ​២។ ថវិកា​ដែល​លោក​ប្រទាន​ហ្នឹង គឺ​គេ​បញ្ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង ១០០%»

ចំពោះ​ផ្នែក​បច្ចេកទេស​វះ​កាត់​វិញ គឺ​មាន​ការ​ចូល​រួម​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ពី​ប្រទេស​បារាំង សហរដ្ឋ​អាមេរិក ស៊ុយអែត និង​ប្រទេស​កូរ៉េខាងត្បូង សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ខ្មែរ។ ក្រៅ​ពី​ការ​វះ​កាត់​ព្យាបាល មាន​អ្នក​ជំងឺ​បេះដូង​ប្រមាណ​ជិត ២ម៉ឺន​នាក់ បាន​មក​ពិគ្រោះ​យោបល់​នៅ​មជ្ឈមណ្ឌល​ក្នុង​មួយ​ឆ្នាំៗ។

ឯកសារ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ​២០១១ របស់​អង្គការ​សកម្មភាព​ចំណី​អាហារ​កុមារ​អន្តរជាតិ (International Baby Food Action Network = IBFA) បង្ហាញ​ថា នៅ​កម្ពុជា មាន​ទារក​កើត​ប្រមាណ​ជិត ៣​សែន ៧​ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំៗ។ ចំណែក​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ​២០១១ របស់​មជ្ឈមណ្ឌល​ស្ដីពី​ស្ថានភាព​ជំងឺ​បេះដូង​កុមារ​ក្នុង​ប្រទេស​កម្ពុជា បង្ហាញ​ថា ក្នុង​ចំណោម​ទារក​ដែល​ទើប​នឹង​កើត ១ពាន់​នាក់ មាន ៨នាក់ មាន​បញ្ហា​ជំងឺ​បេះដូង​ពី​កំណើត (របាយការណ៍)។

ទាក់​ទង​នឹង​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ទារក​មាន​បញ្ហា​ជំងឺ​បេះដូង​ពី​កំណើត​នេះ លោក​វេជ្ជបណ្ឌិត លុយ លីដា អ្នក​ឯកទេស​ខាង​ជំងឺ​បេះដូង​កុមារ និង​ជំងឺ​ទូទៅ​របស់​កុមារ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្ត​សៀមរាប គូស​បញ្ជាក់​ថា មាន​កត្តា​ច្រើន​យ៉ាង ក្នុង​នោះ​រួម​មាន​ស្ត្រី​ជា​ម្តាយ នៅ​ពេល​មាន​ផ្ទៃពោះ​ពិសារ​បារី ប្រើ​ថ្នាំ​ញៀន និង​កើត​ជំងឺ​រាតត្បាត​ផ្សេងៗ​ជាដើម៖ «ទិន្នន័យ​នៅ​លើ​ពិភពលោក ទាំង​ស្រុក​អាមេរិក ទាំង​ស្រុក​អី​ក៏ដោយ អា​រឿង​ជំងឺ​បេះដូង​ពី​កំណើត​ហ្នឹង​មិន​ខុស​គ្នា​ទេ ដូច​ជា​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​កើត​ស្អូច កូន​នឹង​មាន​លក្ខណៈ​មិន​ធម្មតា​ច្រើន​ណាស់ ដូច​ជា​ភ្នែក​ឡើង​បាយ​ពី​កំណើត ត្រចៀក​ថ្លង់ គរ ខួរ​ក្បាល​មិន​ប្រក្រតី ហើយ​បេះដូង​ហ្នឹង គឺ​សឹង​តែ​ជាង ៩០% ទៅ​ហើយ ត្រូវ​តែ​មាន​បញ្ហា ហ្នឹង​គឺ​ទាក់​ទង​នឹង​ម្តាយ​ដែល​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ទីមួយ។ មួយ​ទៀត ស្ត្រី​ដែល​មាន​អាយុ​ច្រើន ហើយ​មាន​កូន​ទៅ កូន​នោះ​ហ្នឹង​មាន​បញ្ហា​បេះដូង​ដែរ ឬ​ក្រុម​ពូជ​អំបូរ តា​យាយ​មាន​ជំងឺ​បេះដូង នោះ​ក៏​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​មាន​ជំងឺ​បេះដូង​ដែរ»

ផ្អែក​លើ​ឯកសារ​សិក្សា​ស្រាវជ្រាវ និង​របាយការណ៍​ផ្នែក​វេជ្ជសាស្ត្រ​ទាំង​ឡាយ អត្រា​អ្នក​កើត​ជំងឺ​បេះដូង​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ជាពិសេស​ក្នុង​ចំណោម​ទារក។ ទន្ទឹម​នឹង​សេចក្តី​ត្រូវ​ការ​ផ្នែក​ថវិកា​សម្រាប់​ដំណើរ​ការ​ពិនិត្យ ព្យាបាល និង​វះ​កាត់ ប្រទេស​កម្ពុជា ក៏​ត្រូវ​ពង្រីក​បន្ថែម​ទៀត​នូវ​ទី​កន្លែង ឬ​មន្ទីរពេទ្យ​វះ​កាត់ ព្រម​ទាំង​គ្រូពេទ្យ​ជំនាញ​ផង​ដែរ។

បច្ចុប្បន្ន​នេះ មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ភ្នំពេញ គឺ​ជា​មជ្ឈមណ្ឌល​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា ដែល​ផ្តល់​ការ​ព្យាបាល​វះ​កាត់​ជំងឺ​បេះដូង​បាន​ប្រមាណ​ជាង ១ពាន់​ករណី ក្នុង​មួយ​ឆ្នាំៗ (PPHC)។

ចំណែក​មន្ទីរពេទ្យ​គន្ធបុប្ផា ឬ​មន្ទីរពេទ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ (របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១) និង​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខេត្ត​សៀមរាប គឺ​ផ្តល់​ការ​វះ​កាត់​ព្យាបាល​តែ​ចំពោះ​កុមារ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។