ស្នងការនគរបាលក្រុងភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថា អាជ្ញាធរក្រុងនឹងចាត់វិធានការមិនឲ្យមានអំពើហិង្សាណាមួយកើតឡើង នៅពេលមានការធ្វើបាតុកម្មប្រឆាំងនឹងស្ថានទូតថៃ ដូចបានកើតឡើងកាលពីខែមករា ឆ្នាំ២០០៣នោះឡើយ ។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថា ៖ «បើគាត់មានច្បាប់គាត់ធ្វើចុះខ្ញុំការពារជូន បើគាត់អត់ច្បាប់ទេគាត់ខុសច្បាប់ ខ្ញុំមិនអនុញ្ញាតឲ្យគាត់បង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ។ ជាពិសេសយើងដឹងហើយថា ទូតថៃ រដ្ឋាភិបាលធ្លាប់សងដោយសារអំពើអនាធិបតេយ្យនេះដែលដុតបំផ្លាញទូតថៃកន្លងមក គឺដោយសារអ្នកដែលធ្វើបាតុកម្មអត់ច្បាប់នេះឯង ។ ហើយរដ្ឋាភិបាលទទួលខុសត្រូវសងសំណងយ៉ាងច្រើនទៅដល់រដ្ឋាភិបាលថៃ» ។
គួរជម្រាបថានៅពេលថ្មីៗនេះមានដំណឹងលេចឮថា មានការត្រៀមធ្វើបាតុកម្មប្រឆាំងថៃឆាប់ៗនេះ បើសិនជាការចរចាដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទទួលបរាជ័យដោយសារមានការជំទាស់ពីភាគីថៃ ។ កិច្ចប្រជុំដើម្បីធ្វើការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបេតិកភណ្ឌពិភពលោកនឹងត្រូវធ្វើឡើងនៅទីក្រុងកេបិច ប្រទេសកាណាដា នាថ្ងៃពុធ ទី២ កក្កដានេះ ។
ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្លាប់បានអះអាងកាលពីសប្ដាហ៍មុនថា ស្ថានការណ៍រឿងព្រះវិហារនៅក្នុងប្រទេសកម្ពុជា គឺមានសភាពស្ងប់ស្ងាត់មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ។
រហូតមកទល់នឹងពេលនេះច្រកចូលប្រាសាទព្រះវិហារពីខាងទឹកដីថៃនៅតែត្រូវបានបិទនៅឡើយ បន្ទាប់ពីមានការប្រឆាំងតវ៉ារបស់ប្រជាពលរដ្ឋថៃ នៅទីក្រុងបាងកក និងនៅជិតប្រាសាទព្រះវិហារមក ។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ មានបាតុកម្មប្រឆាំងនឹងប្រទេសថៃនៅទល់មុខស្ថានទូតថៃនាទីក្រុងភ្នំពេញ បន្ទាប់ពីតារាភាពយន្តថៃមួយរូប ឈ្មោះនាង ស៊ុវ៉ាក់ណាន់ ឃុនយីង បាននិយាយថា ប្រាសាទអង្គរវត្តជារបស់ថៃ ។ បាតុករបាននាំគ្នាកម្ទេចស្ថានទូតថៃ និងអគារជំនួញថៃមួយចំនួននៅទីក្រុងភ្នំពេញ ។
នាពេលថ្មីៗនេះមន្ត្រីស្ថានទូតនិងអ្នកជំនួញថៃក្នុងប្រទេសកម្ពុជាបានសម្ដែងសេចក្ដីព្រួយបារម្ភខ្លាចក្រែងបាតុកម្មស្រដៀងគ្នានេះកើតមានទៀត ។
កាលពីថ្ងៃទី២៨ មិថុនា តុលាការរដ្ឋបាលថៃបានបញ្ជាឲ្យរដ្ឋាភិបាលនិងក្រសួងការបរទេសថៃ ពន្យាររាល់សកម្មភាពទាំងឡាយណាដែលជាការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។ ហើយនាពេលថ្មីៗនេះ ប្រជាពលរដ្ឋថៃប្រមាណ១៥០នាក់បាននាំគ្នាធ្វើបាតុកម្មនៅជិតប្រាសាទព្រះវិហារ ប្រឆាំងនឹងការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទៀតផង ហើយថាប្រាសាទព្រះវិហារជារបស់ប្រទេសថៃ ។
តុលាការយុត្តិធម៌អន្តរជាតិបានកាត់សេចក្ដីកាលពីថ្ងៃទី១៥ មិថុនា ១៩៦២ ថា ប្រាសាទព្រះវិហារជារបស់កម្ពុជា ៕