លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ថា មិនមានសេចក្តីរាយការណ៍ណាមួយស្តីពីការបង្កើនកងទ័ពនៃភាគីទាំងពីរទេ ក្រោយពីមានការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំក្នុងស្រុកអារញ្ញប្រទេសថៃនាពេលកន្លងមក ប៉ុន្តែក៏មិនមានភាគីណាមួយដកថយឡើយ ។
លោក ផៃ ស៊ីផាន បានឲ្យដឹងថា ៖ «តំបន់វត្តហ្នឹងដូចជារាងស្រាកបន្តិចភាពចម្រូងចម្រាសហ្នឹងណា៎ ប៉ុន្តែវានៅតែដដែលត្រង់ហ្នុងឯង ។ ហើយទី២ គេឃើញមានការជីកលេណដ្ឋាននៅតំបន់ចម្រុះគ្នា ផ្លូវរបៀងដែលទ័ពថៃចល័តចុះឡើង... ហើយមានកងទ័ពយើងនិងកងទ័ពគេនៅជាប់គ្នាហ្នឹងឯង» ។
ស្ថានការណ៍យោធាបានចាប់ផ្តើមតានតឹងនៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហាររវាងខ្មែរនិងថៃ ក្រោយពេលដែលមានកងទ័ពថៃជាច្រើននាក់បានសម្រុកចូលក្នុងវត្តមួយជាប់នឹងប្រាសាទនោះ ដែលកម្ពុជាបានចាត់ទុកថាជាការឈ្លានពានទឹកដី ។
ចាប់តាំងពីដើមសប្តាហ៍នេះមកការចរចារវាងភាគីទាំងពីរជាបន្តបន្ទាប់ ប៉ុន្តែគេពុំឃើញមានការប្រកាសពីលទ្ធផលល្អឡើយ ហើយដែលធ្វើឲ្យភាគីកម្ពុជាបានស្នើសុំឲ្យមានការអន្តរាគមន៍ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
តាមសារព័ត៌មានបរទេសមួយចំនួនបានដកស្រង់សម្តីរបស់ឯកអគ្គរាជទូតថៃប្រចាំអង្គការសហប្រជាជាតិនិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីជម្លោះខ្មែរថៃនោះ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដានេះ ក្រោយពីមានសេចក្តីស្នើពីកម្ពុជា ។
នៅពេលជាមួយគ្នានេះដែរប្រទេសថៃដែលតែងតែទទូចចង់ឲ្យមានការចរចាតែទ្វេភាគីនោះ នៅថ្ងៃនេះលោកនាយករដ្ឋមន្រ្តីថៃ សាម៉ាក់ ស៊ុនថរាវ៉េទ បានថ្លែងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជាបានយកជម្លោះបញ្ហាប្រាសាទព្រះវិហារនេះ ដើម្បីឈ្នះក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យខាងមុខនេះតែប៉ុណ្ណោះ ។
លោក សាម៉ាក់ ត្រូវបានដកស្រង់សម្ដីដោយអ្នកកាសែតនិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើប្រាស់បញ្ហាជាតិនិយមនៅមុនពេលបោះឆ្នោតនាថ្ងៃអាទិត្យនេះ ដើម្បីឲ្យបានជ័យជម្នះសម្រាប់គណបក្សប្រជាជនកម្ពុជា ហើយលោកក៏សង្ឃឹមថា ការចរចានឹងមានភាពល្អប្រសើរនៅក្រោយការបោះឆ្នោតនៅប្រទេសកម្ពុជា ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បានបដិសេធសេចក្តីថ្លែងនោះថា ៖ «គាត់ចង់ឃើញឯកឧត្ដមនាយករដ្ឋមន្ត្រីថៃហ្នឹង ប្រើប្រាស់ពាក្យមួយដែលសមរម្យជាជាងការពង្រីកបរិយាកាសដែលកំពុងតែក្ដៅគគុកហ្នឹងឲ្យរីកធំ ។ ហើយគួរតែឯកឧត្ដមនាយករដ្ឋមន្ត្រីថៃហ្នឹង គិតគូរតែរឿងផ្ទៃក្នុងខ្លួនឯង» ។
គួរបញ្ជាក់ថាការប្រឈមមុខផ្នែកយោធាដែលកើតឡើងរវាងប្រទេសកម្ពុជានិងថៃនេះ គឺក្រោយពេលដែលប្រាសាទព្រះវិហារខ្មែរត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកដែលប្រទេសថៃតែងតែធ្វើការប្រឆាំងតវ៉ាជាយូរមកហើយ ៕