ព្រះ​មហាក្សត្រ, ព្រះ​បិតា, ព្រះ​មាតា នឹង​យាង​ទៅ​ចិន​នៅ​ថ្ងៃ​១ សីហា

ព្រះ​មហាក្សត្រ​កម្ពុជា ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ជាមួយ​ព្រះ​បិតា​និង​ព្រះ​មាតា នឹង​យាង​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១ សីហា ដើម្បី​ចូលរួម​ការបើក​កីឡា​អូឡាំពិក​ពិភពលោក​ផង និង​ពិនិត្យ​សុខភាព​ផង ។

លោក អ៊ុំ ដារាវុធ មន្រ្តី​ជាន់ខ្ពស់​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​កម្ពុជា​បាន​មាន​ប្រសាសន៏​នៅ​ថ្ងៃ​ទី​៣១ កក្កដា​នេះ ឲ្យ​ដឹង​ថា ៖ «ស្ដេច​ទៅ​ទាំង​៣​អង្គ ព្រះ​បិតា ព្រះ​មហាវីរក្សត្រ ព្រះ​មហាក្សត្រ និង​ព្រះរាជ​មាតា ។ ព្រះ​មហាក្សត្រ​លោក​យាង​ទៅ​ក្នុង​នាម ទី​១ ការយាង​សម្រាប់​ជា​គណៈប្រតិភូ​ចូល​ទៅ​សម្ពោធ​កីឡា​អូឡាំពិក ដូច​ជា​បណ្ដា​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មួយចំនួន ។ ទី២ លោក​យាង​ទៅ​សម្រាប់​ទៅ Check up (ពិនិត្យ) ព្រះរាជ​សុខភាព​របស់​លោក»

តាម​លោក អ៊ុំ ដារាវុធ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ព្រះ​មហាក្សត្រ​និង​ព្រះរាជ​បិតា​និង​ព្រះ​មាតា មាន​គម្រោង​ស្នាក់​នៅ​ប្រទេស​ចិន​ចំនួន​២​សប្តាហ៍​ទើប​យាង​មក​ប្រទេស​កម្ពុជា​វិញ ។

មន្រ្តី​ព្រះ​បរមរាជវាំង​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​ព្រះ​មហាក្សត្រ​នឹង​យាង​ចាកចេញ​នៅ​ម៉ោង​៩​ព្រឹក ដោយ​មាន​មន្រ្តី​ជាន់ខ្ពស់​មក​ពី​ច្រើន​គណបក្ស​នយោបាយ សុំ​ចូលរួម​ជូន​ព្រះរាជ​ដំណើរ​ផង ជា​ពិសេស​អ្នក​ដឹកនាំ​ជាន់ខ្ពស់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​បី​រូប​គឺ លោក ហេង សំរិន លោក ហ៊ុន សែន និង​លោក ជា ស៊ីម ។

ការយាង​ចាកចេញ​របស់​ព្រះ​មហាក្សត្រ​និង​ព្រះរាជវង្សានុវង្ស​ទៅ​ប្រទេស​ចិន​នេះ បាន​កើត​មាន​ឡើង​នៅ​ក្រោយ​ពេល​មាន​ការបោះ​ឆ្នោត​ជាតិ​រើស​សមាជិក​សភា​សម្រាប់​អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ​នេះ ទើបតែ​បញ្ចប់​ទៅ​ថ្មីៗ ហើយ​កំពុង​មាន​ការតវ៉ា​ថា​ការបោះ​ឆ្នោត​លើក​នេះ​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​មិន​អាច​បោះ​ឆ្នោត​បាន ហើយ​និង​មាន​សភាពការណ៍​មួយ​ទៀត​គឺ​ការឈ្លានពាន​របស់​កងទ័ព​ថៃ​ជា​ច្រើន​រយ​នាក់​មក​លើ​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​ដក​កងទ័ព​ចេញ​នៅ​ឡើយ​ទេ ។

តាម​ការបូក​សរុប​បណ្តោះអាសន្ន​របស់​អង្គការ​សង្កេតការណ៍​បោះ​ឆ្នោត​មួយ​ឈ្មោះ ខុមហ្រ្វែល បាន​ឲ្យ​ដឹង​ថា​ការបោះ​ឆ្នោត​លើក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ទទួល​បាន​សំឡេង​លើស​គេ ហើយ​បើ​គិត​ជា​កៅអី​បាន​ចំនួន​ប្រមាណ​៩០​កៅអី​ក្នុង​ចំណោម​កៅអី​សភា​ចំនួន​១២៣ ។

សូម​ជម្រាប​ថា​ប្រទេស​ចិន​ជា​ប្រទេស​មួយ​ដែល​មាន​ចំណង​ទាក់ទង​ពិសេស​ជាមួយ​ព្រះ​មហាក្សត្រ​ខ្មែរ​តាំងពី​យូរ​លង់​ណាស់​មក​ហើយ ៕