បក្ស​សមរង្ស៊ី​នៅ​ព្រៃវែង​ចោទ​ថា​បក្ស​កាន់​អំណាច​ព្យាយាម​បំបិទ​សំឡេង​បក្ស​ដទៃ

សកម្មជន​គណបក្ស​សមរង្សី លោក មុំ រដ្ឋា ជំទប់​ទី​១​ឃុំ​ថ្កូវ ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង បាន​អះអាង​ឲ្យ​ដឹង​ថា​គណបក្ស​កាន់​អំណាច​បាន​ព្យាយាម​បំបិទ​សំឡេង​ឃោសនា​របស់​គណបក្ស​ដទៃ​ទៀត តាំងពី​ថ្ងៃ​បើក​រហូត​ដល់​ថ្ងៃ​ពុធ​នេះ ដោយ​ប្រើ​ថវិកា​យ៉ាង​ច្រើន​ជួល​ឧបករណ៍​បំពង​សំឡេង​ផ្ដាច់មុខ​ទាំង​១២​គ្រឿង​ក្នុង​ឃុំ ។

0:00 / 0:00

លោក មុំ រដ្ឋា បាន​បន្ថែម​ថា​សូម្បីតែ​មេក្រូ​ដែល​លោក​បាន​ខ្ចី​ពី​វត្ត​ក៏​ត្រូវ​លោក​មេ​ប៉ុស្តិ៍​ដែល​មាន​ជំហរ​គាំទ្រ​បក្ស​កាន់​អំណាច​តាម​យាយី​ដល់​វត្ត​ដែរ ។

លោក មុំ រដ្ឋា បាន​ឲ្យ​ដឹង​ថា ៖ «យើង​ជួល​អ្នក​ក្រៅ​មិន​បាន​យើង​ទៅ​ខ្ចី​លោក ។ ដល់​ខ្ចី​យក​មក​ចាក់​ឃោសនា​បាន​៥​ថ្ងៃ រហូត​ដល់​គេ​តាមដាន​ដឹង​គេ​ទៅ​គំរាម​កំហែង​លោក​ថា តេជគុណ​មាន​មេក្រូ​មក​ពី​ណា​ជួល​ទៅ​ឲ្យ​អា​គណបក្ស​ប្រឆាំង​ដែល​ចាក់​ជេរ​សម្ដេច​នាយក»

ព្រះតេជព្រះគុណ ផាត់ អ៊ី ព្រះចៅ​អធិការ​វត្ត​ពោធិវង្ស ឃុំ​ថ្កូវ បាន​មាន​ដីកា​បំភ្លឺ​ថា ៖ «ថ្ងៃ​២​ប្រធាន​ប៉ុស្តិ៍​គាត់​មក​សួរ​តើ​មេក្រូ​ហ្នឹង​លោកតា​ជួល​ឬ​យ៉ាង​ម៉េច ? អាត្មា​ថា អាត្មា​មិន​ជួល​ទេ បាសក​គាត់​ខ្ចី តែ​ត្រង់​ខ្ចី​ទៅ​ធ្វើ​អី ? អាត្មា​មិន​ដឹង​ទេ​ណា៎ ។ ប្រធាន​ប៉ុស្តិ៍ គង់ ហឿន ថា​អាត្មា​ហ្នឹង​ឲ្យ​មេក្រូ​ទៅ​ឲ្យ​គណបក្ស​ដើម្បី​នឹង​ផ្សព្វផ្សាយ ដូច​ជា​អាត្មា​ហ្នឹង​ដើរ​ទៅ​ជួយ​ផ្សព្វផ្សាយ​ដែរ បាន​ប្រាប់​អាត្មា​ថា​លែង​ឲ្យ»

លោក គង់ ហឿន មេ​ប៉ុស្តិ៍​ឃុំ​ថ្កូវ​ដែល​រង​ការចោទ​ប្រកាន់​បាន​បកស្រាយ​ថា លោក​បាន​សាកសួរ​និង​ទាមទារ​ឲ្យព្រះចៅ​អធិការ​វត្ត​យក​មេក្រូ​មក​ទុក​វត្ត​វិញ តាមរយៈ​ការស្នើ​របស់​ម្ចាស់​មេក្រូ​ដែល​នៅ​ភ្នំ​ពេញ​ប៉ុណ្ណោះ ។

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា​មេក្រូ​ដែល​គណបក្ស​ប្រឆាំង​មិន​អាច​រក​បាន​នៅ​ក្នុង​ឃុំ អាច​មកពី​មេក្រូ​មាន​តិច​ត្រឹម​១០​គ្រឿង​ហើយ​សុទ្ធតែ​ជាប់​រវល់ ។

លោក គង់ ហឿន បាន​បញ្ជាក់​ថា ៖ «ជួន​អី​វា​ជាន់​គេ​ទៅ​ការ​អី បុណ្យ ឬ​ក៏​ខាង​គណបក្ស​នានា​គេ​ជួល​ផ្សេង​ដែរ គេ​ត្រូវការ​ទៅ​ឃោសនា​អី​អ៊ីចឹង​ទៅ ។ គេ​ជួល​អស់ វា​ត្រូវតែ​មាន​អត់​អ៊ីចឹង​ដែរ»

លោកស្រី មាស សូដា អនុ​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​ថ្កូវ​បាន​ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​មួយចំនួន​ក្នុង​ភូមិ​បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុង​ការរក​ជួល​មេក្រូ ដោយ​ចោទ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជួល​អស់ ។

លោកស្រី មាស សូដា បាន​មាន​ប្រសាសន៍​ថា ៖ «បើ​តាម​គណបក្ស​ផ្សេងៗ​ថា ទៅ​សួរ​សុទ្ធតែ​គ្មាន​ទាំងអស់​គណបក្ស​គាត់​យក​ទាំងអស់ គ្រប់​ភូមិ​ទាំងអស់ គឺ​មេក្រូ​ហ្នឹង​គាត់​ជួល​ទាំងអស់ មើល​ទៅ​ដូច​គ្មាន​អ្នកណា​នៅ​ទេ»

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ខុមហ្វ្រែល លោក គល់ បញ្ញា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការជួល​ផ្តាច់មុខ​នូវ​ឧបករណ៍​ផ្សព្វផ្សាយ​របស់​គណបក្ស​មួយ​ដោយ​មាន​ការព្រម​ព្រៀង​ជា​ករណី​ស្រប​ច្បាប់ តែ​កិច្ច​អន្តរាគម​ន៍​របស់​អាជ្ញាធរ​ដែន​ដី​ក្នុង​ករណី​ឃោសនា​របស់​គណបក្ស​នយោបាយ​ ដោយ​មាន​និន្នាការ​និយម​ម្ខាង​គឺ​ជា​ករណី​ល្មើស​ច្បាប់ ។

លោក គល់ បញ្ញា បាន​ណែនាំ​ថា ៖ «យក​ល្អ​វត្ត​គួរតែ​មាន​ចិត្ត​ទូលាយ​បន្តិច​ទៅ ហើយ​បើក​ចំហ​ឲ្យ​គ្រប់​គណបក្ស​ខ្ចី ហើយ​ប្រកាស​ប្រាប់​តែម្ដង​ថា ឥឡូវ​អ្នក​ណា​ចង់​មក​ខ្ចី​សូម​អញ្ជើញ​មក ហើយ​ឥឡូវ​ចាត់ចែង​ឲ្យ​ខ្ចី​អ៊ីចឹង​ទៅ ដើម្បី​ជា​សុទ្ធា​ចូលរួម​នៅ​ក្នុង​កិច្ចការ​សង្គម អា​ហ្នឹង​ល្អ​ណាស់»

តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​មាន​គណបក្ស​នយោបាយ​ចំនួន​៥​ដែល​កំពុងតែ​បើក​យុទ្ធនាការ​ឃោសនា​ក្នុង​ឃុំ​ថ្កូវ​ដែល​មាន​៧​ភូមិ​នេះ ។ ចំណែក​សកម្មជន​គណ​បក្ស​សមរង្ស៊ី​បាន​បញ្ជាក់​ថា​គណបក្ស​ប្រឆាំង​នេះ​មាន​មេក្រូ​ត្រឹម​២​គ្រឿង​ដើម្បី​ធ្វើការ​ឃោសនា ៕