បេក្ខជនឈរឈ្មោះជាតំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក អ៊ុច សេរីយុទ្ធ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា រឿងហេតុនោះបានកើតកាលពីយប់ម្សិលមិញ ។
អ៊ុច សេរីយុទ្ធ ៖ ពីម្សិលមិញនាវេលាយប់មានជនមិនស្គាល់មុខបានយកឡាមមកឆ្កូតបដាគណបក្សសមរង្ស៊ីខ្ញុំ ដែលមានរូបលោកប្រធាននៅក្នុងបដា ដែលមានបណ្ដោយ២ម៉ែត្រនោះ ដែលលោកបានថតជាមួយកម្មកររោងចក្រ ។
ម៉ាយ៉ារិទ្ធិ ៖ តើលោកគិតថាការដែលឆូតនេះមានន័យយ៉ាងម៉េចដែរទៅ ?
អ៊ុច សេរីយុទ្ធ ៖ ការឆូតនេះគឺជាទង្វើមួយអមនុស្សធម៌ ជាទង្វើមួយមាក់ងាយដល់ថ្នាក់ដឹកនាំកំពូលរបស់បក្ស ជាពិសេសលោកប្រធានសមរង្ស៊ីខ្ញុំជាអ្នកដឹកនាំនៅក្នុងគណបក្សជំទាស់ដែលលោកមានប្រជាប្រិយភាព ដែលគណបក្សកាន់អំណាចសព្វថ្ងៃកំពុងតែព្រួយបារម្ភអំពីបញ្ហាគណបក្សសមរង្ស៊ីយើងខ្ញុំទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ។
មន្ត្រីអាជ្ញាធរនៅមិនទាន់មានប្រតិកម្មចំពោះរឿងដែលបានកើតនេះនៅឡើយទេ ។
មន្ត្រីដឹកនាំការឃោសនាគណបក្សសមរង្ស៊ីដដែលបានបញ្ជាក់ទៀតថា គណបក្សបានដាក់ពាក្យប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីការជួយតាមដានរកអ្នកប្រព្រឹត្តនោះហើយ ៕