នាយក​រដ្ឋមន្ត្រី​ថៃ​នឹង​មិន​លាលែង​ពី​តំណែង​តាម​ការទាមទារ​របស់​ក្រុម​អ្នក​តវ៉ា

នាយក​រដ្ឋមន្ត្រី​ថៃ លោក សាម៉ាក់ ស៊ុនថរ៉ៈវេត នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​បង្ហាញ​ជំហរ​នយោបាយ​របស់​លោក​សា​ជា​ថ្មី​ថា លោក​នឹង​មិន​លាលែង​ពី​មុខតំណែង​តាម​ការទាមទារ​របស់​ក្រុម​សម្ព័ន្ធភាព​ដើម្បី​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក សាម៉ាក់ បាន​ថ្លែង​ថា​លោក​នឹង​នៅ​បន្ត​ភារកិច្ច​ជា​នាយក​រដ្ឋមន្រ្តី​ដើម្បី​បុព្វហេតុ​ជាតិ ព្រោះ​ថា​លោក​ជា​នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់ ។ លោក​បន្ត​ថា លោក​នឹង​មិន​លាលែង​តំណែង​ដោយសារ​ការគំរាម​កំហែង​ដោយ​ការតវ៉ា​នោះ​ទេ ដោយ​លោក​បន្ថែម​ថា​ប្រសិនបើ​លោក​ត្រូវ​លាឈប់​ក៏​លាឈប់​ទៅ​តាម​ច្បាប់​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សាម៉ាក់ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ជួប​ព្រះ​មហាក្សត្រ​ថៃ ភូមិបុល អាឌុល យ៉ាដេត កាលពី​រសៀល​ម៉ោង​៥​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ទូលថ្វាយ​ព្រះអង្គ​អំពី​សភាពការណ៍​នយោបាយ និង​សុំ​ព្រះរាជ​យោបល់​ព្រះអង្គ​លើ​ដំណោះស្រាយ​ជម្លោះ​នោះ។

នៅ​ស្រប​ពេល​ជាមួយ​គ្នា​នេះ មេ​ដឹកនាំ​គណបក្ស​ដៃគូរ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​អំណាច​ពលរដ្ឋ​របស់​លោក សាម៉ាក់ គឺ​មេដឹកនាំ​គណបក្ស​ឆាត​ថៃ គណបក្ស​ប្រជារាស្រ្ត គណបក្ស​ភឿផែនឌិន និង​គណបក្ស​ពីរ​ផ្សេង​ទៀត បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ជាមួយ លោក សាម៉ាក់ ដោយ​សម្រេច​ស្នើសុំ​ឲ្យ​មាន​កិច្ចប្រជុំ​រដ្ឋសភា​បន្ទាន់​មួយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ភាព​វឹកវរ​ក្នុង​ប្រទេស​ដែល​កំពុង​កើតឡើង​ដោយ​ការប្រឈមុខ​ដាក់​គ្នា​រវាង​រដ្ឋាភិបាល​និង​ក្រុម​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ។

ក្រុម​អ្នក​តវ៉ា​រាប់ម៉ឺន​នាក់​នៃ​សម្ព័ន្ធភាព​ប្រជាជន​ប្រជាធិបតេយ្យ​កំពុង​កាន់កាប់​អគារ​រដ្ឋាភិបាល និង​នៅ​ស្ពាន​ម៉ាក់ខាវ៉ាន់រ៉ាំងសាន់ ខាង​ក្រៅ​អគារ​អង្គការ​សហប្រជាជាតិ ដើម្បី​ទាមទារ​ឲ្យ​លោក សាម៉ាក់ ចុះ​ចេញ​ពី​តំណែង ខណៈ​ដែល​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​បាន​បញ្ឈប់​សកម្មភាព​បំបែក​ហ្វូង​បាតុកម្ម បន្ទាប់ពី​តុលាការ​ស៊ីវិល​ថៃ​បាន​ដក​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មេដឹកនាំ​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​៩​រូប ដោយ​សំអាង​ថា​ប៉ូលិស​បាន​ប្រើ​អំពើ​ហិង្សា​បង្រ្កាប​ហ្វូង​បាតុករ​បណ្តាល​ឲ្យ​របួស​ជា​ច្រើន​នាក់​កាលពី​ល្ងាច​ថ្ងៃ​សុក្រ៕