ទាហាន​ថៃ​នៅតែ​បន្ត​ការដើរ​ល្បាត​មក​តំបន់​ប្រាសាទ​តាក្របី

កង​ការពារ​ព្រំដែន​ខ្មែរ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ស្រុក​បន្ទាយអំពិល ខែត្រ​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​នៅតែ​បន្ត​ការដើរ​ល្បាត​មក​តំបន់​ប្រាសាទ​តាក្របី​ជា​ញឹកញាប់​បើទោះ​ជា​កម្លាំង​ធំ​របស់​គេ​បាន​ដក​ចេញ​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​តំបន់​ប្រាសាទ​តាម​ការព្រមព្រៀង​ជាមួយ​យោធា​ខ្មែរ​ឲ្យ​ដកថយ​រៀង​ខ្លួន​កន្លង​មក​ដោយ។

0:00 / 0:00

មេបញ្ជាការ​រង​កង​ការពារ​ព្រំដែន​លេខ​៤០២ នៃ​កង​យោធពល​ខេមរភូមិន្ទ​ប្រចាំ​តំបន់​ប្រាសាទ​តាក្របី លោក ហូ ប៊ុនធី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កញ្ញា ថា ទាហាន​ឈុត​ខ្មៅ​ថៃ​នៅតែ​មាន​ចល័ត​កម្លាំង​ចូល​មក​តំបន់​ប្រាសាទ​តាក្របី​ស្ទើរតែ​រៀងរាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​កង​រក្សា​ព្រំដែន​ខ្មែរ​មាន​ការព្រួយបារម្ភ​ចំពោះ​ការចរចា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ចេះតែ​អូស​បន្លាយ​ពេល​វេលា​យូរ​ទៅ​ទៀត​នោះ។

លោក ហូ ប៊ុនធី បាន​ឲ្យ​ដឹង​ថា ៖ «វា​នៅ​មាន​ការចល័ត​ទៅ​មកៗ​ដែរ មួយ​ថ្ងៃ​វា​មាន ថ្ងៃ​ណា​៣​នាក់ ថ្ងៃ​ណា​រហូត​ដល់​៥​នាក់​ទៅ ហើយ​យើង​ក៏​ចល័ត​ដែរ។ ស្ថានភាព​ហ្នឹង​គឺ​ខ្សែ​ព្រំដែន​ហ្នឹង​មិន​ដឹង​ថា​ថ្មើរ​ណា​យើង​ដោះស្រាយ​បាន។ បញ្ហា​ដែល​មិន​ទាន់​ដោះស្រាយ​បាន​ហ្នឹង​វា​បង្ក​ការលំបាក​ឲ្យ​យើង»

តាម​កង​រក្សា​ព្រំដែន​ខ្មែរ​និយាយ​ថា ពេល​បច្ចុប្បន្ន​កង​ទាហាន​ខ្មែរ​កំពុងតែ​ចាប់ផ្ដើម​ធ្វើ​ផ្លូវ​ដើម្បី​ឲ្យ​ងាយស្រួល​ចូល​ទៅ​កាន់​ប្រាសាទ​តាក្របី ហើយ​កងទ័ព​ខ្មែរ​ជា​ច្រើន​បាន​រាយ​បណ្ដាក់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​តំបន់​នោះ ខណៈ​ពេល​ដែល​ទាហាន​ថៃ​នៅតែ​ព្យាយាម​ចង់​កាន់កាប់​ប្រាសាទ​តាក្របី​នោះ។

ចំណែក​នៅ​ឯ​តំបន់​មុំ​បី​នៃ​ស្រុក​ជាំក្សាន្ត ខែត្រ​ព្រះវិហារ ជាប់​ព្រំដែន​កម្ពុជា លាវ និង​ថៃ ឯណោះ​វិញ មាន​សេចក្តី​រាយការណ៍​ថា កង​ទាហាន​ថៃ​មួយ​ក្រុម​បាន​ជំរុល​ចូល​មក​ក្នុង​បន្ទាត់​ព្រំដែន​ដែល​មិន​ទាន់​ដាច់ស្រេច​នៃ​ទឹក​ដី​ខ្មែរ​ចម្ងាយ​១០០​ម៉ែត្រ​កាលពី​ពេល​ថ្មីៗ​នេះ។

តាម​មេបញ្ជាការ​ប៉ូលិស​ព្រំដែន​លេខ​១០៥ ដែល​ប្រចាំការ​នៅ​តំបន់​នោះ លោក​វរសេនីយ៍​ត្រី សេង គឹមទៀង បាន​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃ​ទី​១៩ កញ្ញា មាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រមាណ​១៥​នាក់​បាន​ជំរុល​ចូល​មក​ក្នុង​ព្រំដែន​ខ្មែរ​ហើយ​បោះ​ជំរំ​មិន​ទាន់​ចាកចេញ​នៅ​ឡើយ​ទេ។

លោក​វរសេនីយ៍​ត្រី សេង គឹមទៀង បាន​ឲ្យ​ដឹង​ថា ៖ «ថ្ងៃ​ទី​១៩ ចូល​មក​ប្រហែល​ជា​ពី​១០​ទៅ​១៥​នាក់ ហើយ​វា​នៅ​ទល់​មុខ​យើង​តែម្ដង...។ អា​ហ្នឹង​វា​ជា​ដី​ខ្មែរ អា​ហ្នឹង​ដូច​ថា​តំបន់​ស​មិន​ទាន់​វាស់វែង»

សូម​រំឭក​ថា ចាប់តាំង​តែ​ពី​ថ្ងៃ​១៥ ខែ​កក្កដា ដែល​កង​ទាហាន​ថៃ​រាប់​រយ​នាក់​បាន​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​មក កងទ័ព​ថៃ​បាន​ចូល​លុកលុយ​ទឹក​ដី​ខ្មែរ​ជា​បន្តបន្ទាប់​នៅ​ប្រាសាទ​តាមាន់ តំបន់​ជប់ត្រឡោក តំបន់​ជប់គគីរ ចៃឆ្កែ និង​ប្រាសាទ​តាក្របី នៅ​ស្រុក​បន្ទាយអំពិល ខែត្រ​ឧត្ដរមានជ័យ។

រដ្ឋាភិបាល​ខ្មែរ​ធ្លាប់​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​ថា នឹង​ប្រឹងប្រែង​រក​កិច្ច​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ថៃ​បន្ត​ទៅ​ទៀត​ស្ដីពី​បញ្ហា​ព្រំដែន​បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​បាន​បង្កើត​ឡើង​ហើយ៕