ទាហាន​ថៃ​ត្រៀម​នឹង​ដកថយ​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ

កង​ទាហាន​ថៃ​ដែល​បាន​ចូល​លុកលុយ​ទី​វត្ត​កែវសិក្ខាគិរីស្វារៈ​ក្បែរ​ប្រាសាទ​ព្រះវិហារ និង​នៅ​តាម​បន្ទាត់​ព្រំដែន​នា​ទឹក​ដី​ខ្មែរ ត្រៀម​នឹង​ដកថយ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ក៏ប៉ុន្តែ​ពេលវេលា​នៃ​ការដក​កងទ័ព​នោះ​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ច្បាស់លាស់​នៅ​ឡើយ​ទេ ។

0:00 / 0:00

តាម​កង​ទាហាន​ឈុត​ខ្មៅ​មួយ​រូប​ដែល​កំពុងតែ​ស្ថិត​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​សីហា ថា គេ​ត្រៀម​ខ្លួន​នឹង​វិល​ត្រឡប់​ទៅ​វិញ​ក៏ប៉ុន្តែ​មិន​បាន​ដឹង​ពី​ពេលវេលា​ច្បាស់លាស់​ទេ ដោយ​គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​តាម​វិទ្យុ​ទាក់ទង​ថា​គេ​រង់ចាំ​បញ្ជា​ពីថ្នាក់​លើ ហើយ​ទំនង​ជា​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឬ​ក៏​ថ្ងៃ​ទី​១៨ ។

ចំណែក​កង​ទាហាន​ខ្មែរ​ដែល​កំពុងតែ​ត្រៀម​ប្រយុទ្ធ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ដែរ​បាន​និយាយ​ថា គេ​មាន​អារម្មណ៍​ត្រេកអរ​ចំពោះ​គម្រោង​ដក​កងទ័ព​ចេញ​ពី​ការប្រឈម​មុខ​ដាក់​គ្នា​នេះ ពីព្រោះ​ពួកគេ​បាន​ស្ថិត​នៅ​ក្នុង​ខ្សែ​ត្រៀម​ជា​យូរ​មក​ហើយ ស៊ូទ្រាំ​ចំពោះ​ការលំបាក​គ្រប់​បែប​យ៉ាង ៖ «មាន​អារម្មណ៍​ចង់តែ​ដក​ដែរ លំបាក​នៅ​ក្នុង​ការដេក​យប់ ខ្វះខាត​អា​រឿង​ក្រណាត់​កៅស៊ូ​វា​តូច ភ្លៀង​ទៅ រលឹម​ទៅ វា​យ៉ាប់​ដែរ»

តាម​ការបង្ហើប​ឲ្យ​ដឹង​ពី​មេ​បញ្ជាការ​ទាហាន​ខ្មែរ​ជាន់​ទាប​ខ្លះ​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយចំនួន​ដែល​នៅ​ក្នុង​ទី​វត្ត​ខ្មែរ​អាច​នឹង​ដក​ចេញ​នៅ​ពេល​យប់​ថ្ងៃ​ទី​១៥ ខែ​សីហា ធ្វើ​​ឡើង​ស្ងាត់ៗ​ដើម្បី​បិទបាំង​ពី​ភ្នែក​អ្នកកាសែត ។

អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ដែល​បាន​មក​ដល់​ប្រាសាទ​ព្រះវិហារ លោក​ឧត្ដមសេនីយ៍ គន់ គីម មិន​បាន​អធិប្បាយ​បញ្ហា​នោះ​ទេ​កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ ។

ចំណែក​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អភិបាល​ខែត្រ​កំពង់ចាម លោក ហ៊ុន ណេង គ្រាន់តែ​មាន​ប្រសាសន៍​ថា ប្រាសាទ​ព្រះវិហារ​ជា​ទឹក​ដី​ខ្មែរ ហើយ​រដ្ឋាភិបាល​ប្រឹងប្រែង​ដោះស្រាយ​ដោយ​ការមិន​បង្ហូរ​ឈាម ។

លោក ហ៊ុន ណេង បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា ទឹក​ដី​នេះ​ជា​ទឹក​ដី​របស់​យើង មិន​មែន​ជា​ទឹកដី​អ្នក​ណា​ទេ ។ ការដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​រាជ​រដ្ឋាភិបាល បាន​ណែនាំ​បញ្ជា​ទៅ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ធ្វើ​យ៉ាង​ណា​ឲ្យ​អត់ធ្មត់​ខិតខំ​ដោះស្រាយ​ទៅ​តាម​សន្តិវិធី ព្រោះ​ជា​ទិដ្ឋភាព​នយោបាយ ក៏​ដូច​ជា​ទិដ្ឋភាព​ច្បាប់​គឺ​ទឹក​ដី​នេះ គឺ​យើង​ឈ្នះ​ទាំង​ស្រុង​ហើយ យើង​មិន​ចាំបាច់​បង្ក​ឲ្យ​កើត​សង្គ្រាម»

តាម​ការ​ឲ្យ​ដឹង​ពី​កង​ទាហាន​ខ្មែរ​ថា​នៅ​ក្នុង​បរិវេណ​វត្ត​កែវសិក្ខាគិរីស្វារៈ ទាំង​កងទ័ព​ខ្មែរ​និង​កងទ័ព​ថៃ​ត្រូវ​ដក​ចេញ​ទាំងអស់ ដោយ​ទុក​ឲ្យ​នៅ​ម្ខាង​ទាហាន​តែ​១០​នាក់ នៅ​ឯ​ខ្សែ​ត្រៀម​ជួរមុខ​ទុក​តែ​ទាហាន​ម្ខាងៗ​២០​នាក់​ប៉ុណ្ណោះ ។

សូម​រំឭក​ថា​ចាប់តាំង​តែ​ពី​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ ក្បែរ​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា​នេះ មាន​រយៈពេល​៣១​ថ្ងៃ​ហើយ ៕