កិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ បានពន្យារពេលចុះឡើងដោយសារតែស្ថានភាពវឹកវរក្នុងប្រទេសថៃដែលថៃជាម្ចាស់ផ្ទះមិនអាចរៀបចំបាន។
មន្ត្រីខ្មែរបានថ្លែងថា ស្ថានភាពវឹកវរនឹងការចេះតែផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីថៃកន្លងមកបានពន្យឺតការដោះស្រាយជម្លោះព្រំដែនកម្ពុជាជាមួយនឹងប្រទេសថៃ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាសិទ្ធភិរម្យយ៉ា ដែលជាអ្នកប្រឆាំងដ៏ខ្លាំងមួយចំពោះការដាក់ប្រាសាទព្រះវិហារខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានថ្លែងថា លោកត្រៀមនឹងដោះស្រាយជម្លោះព្រំដែនរវាងខ្មែរថៃ។
គេនៅមិនទាន់ដឹងច្បាស់ថា តើកិច្ចប្រជុំកំពូលអាស៊ានរវាងថ្ងៃទី១៣ ទៅ ១៥ កុម្ភៈ ក្នុងក្រុងបាងកកខាងមុខនេះនឹងមានការចរចារវាងជម្លោះខ្មែរនឹងថៃដែរឬយ៉ាងណានោះទេ៕