ថៃ​គ្រោង​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​រវាង​ថ្ងៃ​១៣​ដល់​ថ្ងៃ​១៥ កុម្ភៈ

មន្ត្រី​ខ្មែរ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ភ្លាមៗ​តប​នឹង​គម្រោង​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ដែល​ប្រកាស​គ្រោង​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ រវាង​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០០៩​នោះ​នៅ​ឡើយ​ទេ។

ការ​មិន​ទាន់​សម្រេច​ចិត្ត​តប​ជា​ផ្លូវការ​នេះ​គឺ​ដោយសារ​តែ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ទើបតែ​ថ្លែង​ឲ្យ​ក្រុម​អ្នក​កាសែត​នៅ​ឯ​ក្រុង​បាងកក​ដឹង​អំពី​កាលបរិច្ឆេទ​ថ្មី​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបទេស​ខ្មែរ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ចាំ​មើល​បន្តិច​ទៀត យើង​បញ្ជាក់​មន្ត្រី​នៅ​ក្រសួង​ឲ្យ​ច្បាស់​បន្តិច»

ចំណែក​ឯ​មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ខ្មែរ គឺ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា ភ្លាមៗ​នេះ​លោក​ក៏​មិន​ទាន់​អាច​ឆ្លើយតប​ជា​ផ្លូវការ​បាន​នៅ​ឡើយ​ទេ។

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ក៏​អត់​ទាន់​បាន​ការណែនាំ​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​ខ្ញុំ​អត់​អាច​មាន​មតិ​បាន»

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែង​បន្ត​ថា ទំនង​ជា​គ្មាន​ប្រទេស​ណា​មួយ​ជំទាស់​ឡើយ ក៏​ប៉ុន្តែ​តាម​លោក​ដឹង​ប្រទេស​សិង្ហបុរី​ចង់​ឲ្យ​ថៃ​ពន្យារ​កិច្ច​ប្រជុំ​បន្ត​ទៀត ដរាប​ណា​ប្រទេស​ថៃ​មាន​សន្តិសុខ ស្ថិរភាព​គ្រប់គ្រាន់។

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា ៖ «សាំងហ្គាពួរ​គេ​ចង់​ពន្យឺត​ឲ្យ​យឺត ឲ្យ​លើក​បន្តិច​សិន​ទៅ​ណា៎ ឲ្យ​ធានា​សុវត្ថិភាព​ធានា​អី​បាន»

កិច្ចប្រជុំ​កំពូល​លើក​ទី​១៤​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ហៅ​កាត់​ថា សមាគម​អាស៊ាន គឺ​បាន​គ្រោង​បើក​កិច្ចប្រជុំ​ជា​លើក​ដំបូង​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​នេះ​ដោយ​ធ្វើ​ឯ​ឈៀងម៉ៃ ខេត្ត​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ ក៏​ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​លើក​ពេល​វិញ​ដោយសារ​តែ​វិបត្តិ​នយោបាយ​វឹកវរ​នៅ​ប្រទេស​ថៃ។

ការលើក​ពេល​កិច្ចប្រជុំ​នោះ​ក៏​ត្រូវ​បាន​រិះគន់​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន ជា​ពិសេស​ប្រទេស​សិង្ហបុរី ហើយ​ថែម​ទាំង​ស្នើ​ឲ្យ​ធ្វើ​កិច្ចប្រជុំ​នោះ​ធ្វើ​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ​ក្នុង​ករណី​ដែល​ថៃ​នៅតែ​បន្ត​មាន​វិបត្តិ​នយោបាយ​នោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អនុ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថៃ​បាន​ឲ្យ​អ្នក​កាសែត​ដឹង​ថា គម្រោង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថ្មី​នេះ គឺ​សម្រេច​គ្រោង​ធ្វើ​នៅ​ក្នុង​ទីក្រុង​បាងកក ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​ច្បាស់លាស់​អំពី​ទីតាំង​នៅ​ឡើយ​ទេ។

ចំណែក​ឯ​មន្ត្រី​នៅ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ថ្លែង​ដែរ​ថា ថៃ​កំពុង​រង់ចាំ​ចម្លើយ​តប​ពី​ប្រទេស​ចិន​និង​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ដែល​គេ​រំពឹង​ថា​កាលបរិច្ឆេទ​កិច្ចប្រជុំ​ថ្មី​នេះ​នឹង​ត្រូវ​សម្រេច​ជា​ផ្លូវការ​នៅ​ក្នុង​សប្តាហ៍​នេះ។

យោង​តាម​របៀបវារៈ​កិច្ចប្រជុំ​គឺ​គេ​រំពឹង​ថា​នឹង​មាន​តំណាង​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា និង​តំណាង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ចូលរួម​ផងដែរ។

យោង​តាម​ឯកសារ​អាស៊ាន ប្រទេស​ថៃ​បច្ចុប្បន្ន​គឺ​ត្រូវ​ទទួល​វេន​ជា​ប្រធាន​សមាគម​អាស៊ាន​ក្នុង​អាណត្តិ​មួយ​ឆ្នាំ​កន្លះ គឺ​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០០៨​នេះ រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០០៩។

នៅ​ក្នុង​អាណត្តិ​របស់​ខ្លួន ប្រទេស​ថៃ​ត្រូវ​រៀបចំ​កិច្ចប្រជុំ​ធំៗ​បី​លើក​គឺ​នៅ​ឆ្នាំ​ដំបូង​ចំនួន​មួយ​លើក និង​នៅ​ឆ្នាំ​២០០៩​ត្រូវ​រៀបចំ​កិច្ចប្រជុំ​ចំនួន​ពីរ​លើក៕