មានប្រសាសន៍ក្នុងកិច្ចប្រជុំអន្តរខេត្តពោធិ៍សាត់ កំពង់ឆ្នាំងនិងបាត់ដំបង រវាងតំណាងប្រជានេសាទ អង្គការសមាជិកបណ្ដាញនិងអ្នកពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៣ មីនា នៅមន្ទីរបរិស្ថានខេត្ត ប្រធានសហគមន៍នេសាទឃុំកំពង់ពោធិ៍ គឺលោក អូត ឡុង បានសម្ដែងពីការព្រួយបារម្ភចំពោះការកាប់ព្រៃលិចទឹកដើម្បីទន្ទ្រានយកដីកាន់កាប់ពីសំណាក់ជនមិនស្គាល់មុខដែលកំពុងរីករាលដាលកាន់តែខ្លាំងឡើងក្នុងភូមិសាស្ត្រតំបន់ព្រៃលិចទឹកក្នុងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក អូត ឡុង បានឲ្យដឹងដូច្នេះ ៖ «សកម្មភាពការកាប់បំផ្លាញព្រៃលិចទឹកនៅដែនសហគមន៍នេសាទយើងខ្ញុំហ្នឹងកាប់បំផ្លាញ ដុតភ្លើងឆេះហុយៗ។ កាលពីឆ្នាំ២០០៧ ដូចជាកាប់តិចប្រហែលជាចំនួនជិត៥ហិកតារ ដល់ពេលចូលដល់២០០៨-២០០៩នេះ ហាក់ដូចជាគាត់ងប់នឹងសិទ្ធិអំណាច កាប់ទូលំទូលាយតែម្ដង»។
ប្រភពពីសហគមន៍នេសាទជុំវិញបឹងទន្លេសាបបានឲ្យដឹងថា ព្រៃលិចទឹករាប់ពាន់ហិកតារត្រូវបានកាប់ទន្ទ្រានដើម្បីយកដីធ្វើជាកម្មសិទ្ធិ បើទោះបីជាមានការហាមឃាត់ដោយច្បាប់ក៏ដោយ។ អាជ្ញាធរបានធ្វើព្រងើយកន្តើយចំពោះបញ្ហានេះ។
ប្រធានសហគមន៍នេសាទខេត្តបាត់ដំបង និងជាប្រធានសហគមន៍នេសាទថ្នាក់ជាតិ គឺលោក ឡុង សុចែត បញ្ជាក់បន្ថែមថា បញ្ហានេះបានកើតឡើងស្ទើរគ្រប់ខេត្តដែលនៅជុំវិញបឹងទន្លេសាប។ លោកបន្តថា ប្រសិនបើពុំមានការទប់ស្កាត់ឲ្យខ្លាំងក្លានិងជាបន្ទាន់ទេនោះ ព្រៃលិចទឹកនៅកម្ពុជានឹងត្រូវវិនាសអន្តរាយអស់ជាពុំខាន។
លោក ឡុង សុចែត មានប្រសាសន៍ថា ៖ «ជុំវិញបឹងទន្លេសាបដែលមាន៥ខេត្តហ្នឹង យើងឃើញថា ការកាប់រានព្រៃជាបញ្ហាសំខាន់ណាស់ ជាបញ្ហាចម្បង ហើយអត់ទាន់មានកន្លែងណាដែលថា ដោះស្រាយបានល្អប្រសើរនៅឡើយទេ»។
អភិបាលរងស្រុកក្រគរ គឺលោក ពិន មួន បានអះអាងថា អាជ្ញាធរស្រុកបានធ្វើការទប់ស្កាត់ការកាប់ព្រៃក្នុងភូមិសាស្ត្រតំបន់ព្រៃលិចទឹកក្នុងឃុំកំពង់ពោធិ៍ បានជាស្ថាពរហើយ។ លោកបន្តថា អាជ្ញាធរយល់ច្បាស់ពីក្ដីកង្វល់របស់សហគមន៍។ លោកសំណូមពរសុំឲ្យសហគមន៍សហការឲ្យបានជាប្រចាំជាមួយអាជ្ញាធរក្នុងការទប់ស្កាត់នេះទើបសង្ឃឹមថាមានប្រសិទ្ធភាពល្អ។
លោក ពិន មួន បានអះអាងដូច្នេះ ៖ «ខ្ញុំបានទៅធ្វើវិធានការទប់ស្កាត់បានទាន់ពេលវេលា ហើយនៅគ្រប់កន្លែងដែលខ្ញុំចុះទៅ ក៏ខ្ញុំអាចធ្វើទៅបាន គឺខ្ញុំទៅដល់គោលដៅ កន្លែងដែលកើតមានគឺទៅដល់ទីតាំងទាំងអស់»។
មន្ត្រីសម្របសម្រួលនៃសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល លោក អ៊ូច ម៉ារ៉ា មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍នេសាទ អាជ្ញាធរ អង្គការដៃគូនិងស្ថាប័នជំនាញកម្រិតអន្តរខេត្តក្នុងវិស័យជលផលនិងបរិស្ថាន ស្វែងយល់ពីបញ្ហាដែលកើតមានក្នុងមូលដ្ឋានដើម្បីនាំយកទៅដាក់បញ្ចូលនិងពិភាក្សានៅកម្រិតថ្នាក់ជាតិ ដើម្បីទប់ស្កាត់សកម្មភាពល្មើសឲ្យមានប្រសិទ្ធភាព៕