អង្គការ​ប្រឆាំង​ជំងឺ​អេដស៍​ចែក​ស្រោម​អនាម័យ​ឥត​គិត​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​អុំទូក

ក្រុម​អង្គការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ បាន​បន្ត​យុទ្ធនាការ​របស់​ខ្លួន​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​ស្រោម​អនាម័យ កុំ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ដល់​ពលរដ្ឋ​ដែល​បាន​មក​លេង​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក​ក្នុង​រាជ​ធានី​ភ្នំពេញ។

0:00 / 0:00

បើ​តាម​មន្ត្រី​តស៊ូ​មតិ​នៃ​គណៈកម្មការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក ណូ មីហ្ស៊ី បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ មាន​អង្គការ​ចំនួន ១៩ ដែល​ជា​សមាជិក​របស់​គណៈកម្មការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​និង​អង្គការ​ជាង ១០ ផ្សេង​ទៀត កំពុង​តែ​ធ្វើការ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍។

ប្រធាន​ផ្នែក​ទំនាក់ទំនង​និង​ទីផ្សារ​សង្គម​នៃ​អង្គការ​អន្តរជាតិ​បម្រើ​សុខភាព​ប្រជាជន (PSI) លោក សួរ ឌីណា បាន​ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​បាន​ដាក់​បុគ្គលិក​អប់រំ​ផ្សព្វផ្សាយ​អំពី​មេរោគ​អេដស៍​ចំនួន ៦០០​នាក់​ក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​រយៈពេល​បី​ថ្ងៃ​នៃ​បុណ្យ​អុំទូក។

លោក សួរ ឌីណា បាន​ឲ្យ​ដឹង​ថា អង្គការ​លោក​និង​អង្គការ​ដទៃ​ទៀត​បាន​ផ្ដោត​យក​ថ្ងៃ​អុំទូក​ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ខ្លាំង​ក្លា​ពី​បញ្ហា​មេរោគ​អេដស៍ ក៏​ដោយសារ​តែ​ក្នុង​ឱកាស​បុណ្យ​អុំទូក មាន​ប្រជាជន​ច្រើន​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ក្រុង​នានា​មក​លេង​ទីក្រុង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ការពារ​ខ្លួន​នៅ​ពេល​រួមភេទ​ជាមួយ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ក៏​ដូចជា​ការពារ​ក្រុម​គ្រួសារ​ដែល​នៅ​ឯ​ស្រុក​ផង​ដែរ។

លោក សួរ ឌីណា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ធម្មតា យើង​មាន​ការអប់រំ​ហើយ​នៅ​តាម​ស្រុក​ភូមិ​របស់​គាត់ ប៉ុន្តែ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​មាន​មនុស្ស​មក​ច្រើន​បំផុត អ៊ីចឹង ក្រុម​គោលដៅ​យើង​មក​ច្រើន​ក្នុង​ថ្ងៃ​នេះ ដូច្នេះ​យើង​ឆ្លៀត​ឱកាស​ក្នុង​ពេល​នេះ​ដើម្បី​ធ្វើការ​អប់រំ»

លោក សួរ ឌីណា បាន​ឲ្យ​ដឹង​ផង​ដែរ​ថា រហូត​មក​ទល់​នឹង​ពេល​នេះ ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​អំពី​មេរោគ​អេដស៍​មាន​ការ​កើន​ឡើង តែ​ថា បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​មេរោគ​អេដស៍ គឺ​គូ​សង្សា​មាន​ការ​ទុក​ចិត្ត​គ្នា​ខ្លាំង​ពេក ហើយ​សម្រេច​រួម​ភេទ ដោយ​មិន​បាន​ប្រើប្រាស់​ស្រោម​អនាម័យ​និង​ភាព​អៀន​ខ្មាស់​មិន​ហ៊ាន​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​ដើម។

លោក សួរ ឌីណា បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុង​ឱកាស​បុណ្យ​អុំទូក អង្គការ PSI បាន​ចែក​ចាយ​ស្រោម​អនាម័យ​ដោយ​ឥត​គិត​ថ្លៃ ចំនួន ២៥​ម៉ឺន​ស្រោម ហើយ​លក់​ស្រោម​អនាម័យ​ក្នុង​មួយ​ប្រអប់ ៥០០​រៀល។ លោក​បាន​បន្ត​ថា ក្នុង​ថ្ងៃ​ទី​១ នៃ​បុណ្យ​អុំទូក អង្គការ PSI លក់​ដាច់​ស្រោម​អនាម័យ​ចំនួន​ប្រមាណ ២៥.០០០​ស្រោម ហើយ​ថា គម្រោង​លក់​ស្រោម​អនាម័យ​ក្នុង​រយៈពេល​បី​ថ្ងៃ​គឺ ៨​ម៉ឺន​ស្រោម។

ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​ឲ្យ​ដឹង​ថា ក្រុម​នគរបាល​របស់​លោក​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​រក​ស៊ី​ផ្លូវភេទ​ឡើយ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​អេដស៍។

បុរស​ម្នាក់​ដែល​បាន​មក​លេង​បុណ្យ​អុំទូក បាន​និយាយ​ថា លោក​បាន​ទិញ​ស្រោម​អនាម័យ​ដើម្បី​ទុក​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​អេដស៍ ៖ «ពេល​ណា​យើង​ចង់​បណ្ដោះ​អាសន្ន​ម្ដង​ម្កាល​អី យើង​ការពារ​ជំងឺ ជំងឺ​កាម​រោគ​គ្រប់​ប្រភេទ ជំងឺ​អេដស៍​ធ្ងន់​ជាង​គេ។ មិន​ខ្លាច​អេដស៍​យ៉ាង​ម៉េច​នឹង​កើត ស្លាប់​ទៅ​បាន​អ្នក​ណា​ចិញ្ចឹម​ប្រពន្ធ​កូន អនាគត​យើង​ទៅ​មុខ​ទៀត យើង​អាច​រក​ស៊ី​ដើម្បី​ជីវិត​ខ្លួន​យើង ដើម្បី​កូន​ប្រពន្ធ»

គួរ​ជម្រាប​ថា បើ​តាម​អង្គការ​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​ទប់ស្កាត់​មេរោគ​អេដស៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ជំងឺ​អេដស៍ ចំនួន ៦៧.២០០​នាក់ ដែល​ក្នុង​នោះ​មាន​មនុស្ស ២៥.៣៥៣​នាក់ កំពុង​ទទួល​បាន​សេវា​ផ្ដល់​ថ្នាំ​ពន្យារ៕