លោក ទួត សារ៉ន ជាប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ គណបក្ស សម រង្ស៊ី និងជាអតីតមេឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលអង្គការលើកលែងទោសអន្តរជាតិហៅគាត់ថា ជាអ្នកទោសមនសិការ ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨។ លោកត្រូវតុលាការខេត្តកំពង់ធំ កាត់ទោសថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៩ ពីបទបង្ខាំងមនុស្សខុសច្បាប់ ដោយកាត់ឲ្យជាប់ទោសចំនួន ៣ឆ្នាំ និងពិន័យជាប្រាប់ចំនួន ២.៥០០ដុល្លារកាលពីឆ្នាំ២០០៨ នៅពេលដែលសមាជិកគណបក្ស សម រង្ស៊ី ម្នាក់ផ្លាស់ប្ដូរភក្ដីភាពរបស់ខ្លួនពីគណបក្ស សម រង្ស៊ី ទៅគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការចេញសេចក្ដីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះ គឺជាការលើកទឹកចិត្តដល់អ្នកតស៊ូដើម្បីយុត្តិធម៌ ដើម្បីគោលការណ៍លទ្ធិប្រជាធិបតេយ្យតទៅទៀត ដោយសារការតស៊ូនេះនឹងមិនឯកោនោះទេ ហើយអន្តរជាតិគេនឹងវាយតម្លៃខ្ពស់ និងគោរពនូវវីរភាពរបស់អ្នកនយោបាយ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ដូច្នេះ ៖ «មិនអាចមានអង្គការក្រៅប្រទេសណាមួយ ដែលអាចមកដាក់ការគំរាមកំហែងលើរាជរដ្ឋាភិបាល ឬគំរាមកំហែងទៅលើតុលាការជាតិ ឬគំរាមកំហែងទៅលើស្ថាប័នដទៃទៀត ដូចជាតុលាការ ឬព្រះមហាក្សត្រ មិនអាចប៉ះពាល់បាន ព្រោះព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលសមាជិកអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសដែលមានអធិបតេយ្យ»។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ ដែលធ្លាប់បានជួបសួរសុខទុក្ខលោក ទួត សារ៉ន នៅក្នុងពន្ធនាគារក្នុងនាមអង្គការមនុស្សធម៌កាលពីពេលកន្លងមក បានគាំទ្រចំពោះការចេញសេចក្ដីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ដែលសុំឲ្យតុលាការប្រទេសកម្ពុជា ធ្វើការដោះលែងសកម្មជនបក្ស សម រង្ស៊ី រូបនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បានឲ្យដឹងទៀតថា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបញ្ជាក់ថា ការស៊ើបអង្កេតរបស់ខ្លួនក្នុងករណីនេះថា ការចាប់ខ្លួននេះមិនមានភស្តុតាងណាមួយដើម្បីគាំទ្រការចោទប្រកាន់ពីបទបង្ខាំង និងពង្រត់នេះទេ។ ការិយាល័យនេះក៏បានផ្ដល់ការរកឃើញរបស់ខ្លួនទៅតុលាការ និងមន្ត្រីពាក់ព័ន្ធនានាផងដែរ តែនៅពេលជំនុំជម្រះទោស គ្មានភស្តុតាងស៊ីសង្វាក់ និងបទល្មើសដែលបានចោទនោះទេ៕