មន្ត្រីសាលាខេត្តសៀមរាប ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យកុមារអង្គរនៃអង្គការមិត្តគ្មានព្រំដែន តារាចម្រៀង តារាសម្ដែងខ្មែរ និងប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់ បានចូលរួមធ្វើពិធីរាត្រីសមោសរសិល្បៈនៅខេត្តសៀមរាប កាលពីរាត្រីថ្ងៃសៅរ៍ ទី១០ ខែកក្កដា ដើម្បីស្វែងរកថវិកាពីសប្បុរសជននានា យកទៅផ្គត់ផ្គង់មន្ទីរពេទ្យសម្រាប់ធ្វើសកម្មភាពមនុស្សធម៌ ជួយកុមារខ្មែររាប់ម៉ឺននាក់ដែលត្រូវការព្យាបាលដោយមិនបង់ថ្លៃនៅថ្ងៃខាងមុខ។
លោក បៀល ហោសស៊្វត (Bill Houseworth) ប្រធានមន្ទីរពេទ្យកុមារអង្គរ បានថ្លែងទៅកាន់មហាជន ក្នុងរាត្រីសមោសរដើម្បីស្វែងរកថវិកាសប្បុរសធម៌ កាលពីរាត្រីថ្ងៃសៅរ៍ ១០ កក្កដា ថា ក្នុងរយៈពេល ១០ឆ្នាំមកនេះ មន្ទីរពេទ្យកុមារអង្គរនៃអង្គការមិត្តគ្មានព្រំដែន បានព្យាបាលកុមារខ្មែរមកពីគ្រប់ទិសទីចំនួនរាប់សែននាក់ ដោយសកម្មភាពមនុស្សធម៌មិនយកកម្រៃ។
លោក បៀល បានមានប្រសាសន៍ទៀតថា តាមកិច្ចព្រមព្រៀងលើអនុស្សរណៈជាមួយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នឹងបន្តសកម្មភាពមនុស្សធម៌ ៥០ឆ្នាំទៅមុខទៀត ជួយព្យាបាលកុមារខ្មែរដោយឥតគិតថ្លៃ ដូច្នេះមន្ទីរពេទ្យនេះត្រូវការការជួយជ្រោមជ្រែងថវិកាពីសប្បុរសជននានា ដើម្បីបន្តនិរន្តរភាពរបស់ខ្លួន។
លោក បៀល ហោសស៊្វត មានប្រសាសន៍ដូច្នេះ ៖ "យើងពឹងផ្អែកទាំងស្រុងចំពោះវិភាគទាន និងការជួយឧបត្ថម្ភពីសំណាក់សប្បុរសជនទាំងអស់។ យើងពុំបានយកកម្រៃសេវាព្យាបាលពីអ្នកជំងឺណាមួយឡើយ ហើយយើងមិនបានទទួលថវិកាពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែរ។ ជំនួយ និងការជួយឧបត្ថម្ភពីអស់លោកអ្នក នឹងជួយឲ្យមន្ទីរពេទ្យយើងទទួលបាននូវនិរន្តរភាព និងដំណើរការជាស្ថិរភាពតទៅអនាគត"។
លោក ម៉ៅ វុទ្ធី អភិបាលរងខេត្តសៀមរាប បានអំពាវនាវឲ្យមានការជួយជ្រោមជ្រែងផ្នែកថវិកាសប្បុរសធម៌ដល់មន្ទីរពេទ្យកុមារអង្គរមិត្តគ្មានព្រំដែននេះ ប្រយោជន៍ជួយដល់កុមារខ្មែររាប់ម៉ឺននាក់ ក្នុង១ឆ្នាំៗ។
លោក ម៉ៅ វុទ្ធី មានប្រសាសន៍ថា ៖ «កុមារគឺជាទំពាំងស្នងឫស្សី ដែលពួកគេនឹងក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់អនាគតនៃប្រទេសជាតិយើង។ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ មេត្តាបន្តជួយផ្តល់ការឧបត្ថម្ភគាំទ្រទៅតាមលទ្ធភាព ជាសម្ភារៈ ជាថវិកា ឬក៏ជាស្មារតី ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាការរួមចំណែកជាមួយនឹងមន្ទីរពេទ្យកុមារអង្គរនៅក្នុងការជួយសង្គ្រោះជីវិតកុមារឲ្យបានកាន់តែច្រើន»។
ឪពុកម្ដាយកុមារខ្មែរជាច្រើនរស់នៅតាមទីជនបទដាច់ស្រយាលនៃប្រទេសកម្ពុជា បាននិយាយថា គេពិតជាត្រូវការមន្ទីរពេទ្យកុមារអង្គរឲ្យបន្តបេសកកម្មនៅខេត្តសៀមរាប សម្រាប់អនាគតទៅមុខទៀត ក្នុងការជួយព្យាបាលកូនៗរបស់គេដោយឥតគិតថ្លៃ។
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបរបស់អង្គការមិត្តគ្មានព្រំដែន បានបង្កើតឡើងដោយអ្នកថតរូបជនជាតិជប៉ុនម្នាក់ ឈ្មោះលោក កេនរ៉ូ អ៊ិហ្សុ (Kenro Izu) តាំងពីឆ្នាំ១៩៩៩ ដើម្បីព្យាបាលកុមារខ្មែរដែលមិនប្រកាន់និន្នាការ និងរើសអើងពណ៌សម្បុរ។
អ្នកគ្រប់គ្រងអង្គការមិត្តគ្មានព្រំដែន បានឲ្យដឹងថា ចាប់តាំងពីបើកសម្ពោធឲ្យប្រើប្រាស់មក មន្ទីរពេទ្យនេះបានទទួលពិនិត្យ និងព្យាបាលកុមារខ្មែរដោយមិនបង់ប្រាក់ប្រមាណពី ៤០០ ទៅ ៦០០នាក់ក្នុង១ថ្ងៃៗ ហើយរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យបានទទួលពិនិត្យ និងព្យាបាលកុមារខ្មែរប្រមាណ ១លាននាក់។
មន្ទីរពេទ្យនេះ កំពុងត្រូវការជំនួយសប្បុរសធម៌ពីសប្បុរសជនក្នុងប្រទេសខ្មែរ ស្របពេលដែលគេព្រួយបារម្ភចំពោះជំនួយពីបរទេស ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចនេះ៕