យុទ្ធនាការ​ហែ​ក្បួន​ប្រឆាំង​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខែត្រ​រតនគិរី

នេះ​គឺ​ជា​សំឡេង​ស្រែក​អាក្រោស​នៃ​មនុស្ស​ប្រមាណ​៤០០​នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី មន្ត្រី​មាន​សមត្ថកិច្ច​នានា​ក្នុង​ខេត្ត​រតនគិរី ចាត់​វិធានការ​ចំពោះ​បទល្មើស​ព្រៃ​ឈើ​និង​ការលក់​ដូរ​ដី​ធ្លី​ទ្រព្យ​សម្បត្តិ​រដ្ឋ​នៅ​ក្នុង​តំបន់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។

0:00 / 0:00

ជា​យុទ្ធនាការ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​បំផុត​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​ជា​បាន​អនុញ្ញាត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២២ តុលា ដោយ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។

ពិធី​នេះ​សម្រប​សម្រួល​ដោយ​សមាគម​អាដហុក​ខេត្ត​រតនគិរី មាន​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ទាំង​៩​ក្នុង​ខេត្ត​ចូលរួម ហើយ​គេ​សង្កេត​ឃើញ​មិន​មាន​មន្ត្រី​ថ្នាក់​ដឹកនាំ​ខេត្ត​និង​ស្ថាប័ន​មន្ទីរ​នានា​ក្នុង​ខេត្ត​ចូលរួម​ទេ ក៏ប៉ុន្តែ​សមត្ថកិច្ច​ប៉ូលិស​និង​កង​រាជអាវុធហត្ថ​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ផ្លូវ​សំខាន់ៗ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​និង​ការពារ​សុវត្ថិភាព​សន្តិសុខ​ដល់​ពិធី​ហែ​ក្បួន។

តំណាង​ប្រជាសហគមន៍​ជនជាតិ​ដើម​មក​ពី​បណ្តា​ស្រុក​នានា​បាន​ថ្លែង​ទាមទារ​ដូចៗ​គ្នា​ថា ៖ «ព្រៃ​ឈើ កាប់​ឈើ​ប្រណីត​ល្អៗ គេ​បំផ្លាញ​អស់​ហើយ សូម​អភិបាល​ស្រុក អភិបាល​ខេត្ត តុលាការ​ខេត្ត ស្នងការ​ខេត្ត ប៉ូលិស ទាហាន មេ​ព្រៃ សូម​ជួយ​បង្រ្កាប​ជា​បន្ទាន់។ អ្នក​ភូមិ អ្នក​ឃុំ អត់​ដោះស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​ទេ ពីព្រោះ​មាន​តែ​ផ្ទាល់​ខ្លួន ខ្លួន​ឯង។ សម្ដេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជួយ»

អ្នក​ចូលរួម​ពិធី​ហែ​ក្បួន​ប្រដាប់​ដោយ​ផ្ទាំង​បដា​ពាក្យ​ស្លោក​គាំទ្រ​គោលនយោបាយ​ប្រមុខ​រាជ​រដ្ឋាភិបាល​ប្រឆាំង​បុគ្គល​ជា​មន្ត្រី​ពុករលួយ​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​និង​សង្គម ស្រែក​ទាមទារ​តាម​ឧគ្ឃោសនសព្ទ​នាំ​មុខ​ដោយ​វង់​ឆៃយ៉ាំ​ច្រៀង​រិះគន់​ជន​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​អត្ថន័យ​លើក​កម្ពស់​តម្លៃ​ការពារ​ធនធាន​ធម្មជាតិ​និង​ទ្រព​សម្បតិ្ត​ជាតិ ដង្ហែ​ពី​មុខ​ស្នាក់ការ​សមាគម​អាដហុក​កាត់​តាម​ដង​ផ្លូវ​នៃ​សាលា​ខេត្ត មន្ទីរ​ស្ថាប័ន​សំខាន់ៗ​នានា ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​ទីស្នាក់ការ​សមាគម​អាដហុក​វិញ ក្រោម​ការឃ្លាំមើល​របស់​មន្រ្តី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា។

មេ​ឃុំ​តឺន លោក ចា ម៉ូវផាង ដែល​បាន​ចូលរួម​ពិធី​ហែ​ក្បួន​នេះ​បញ្ជាក់ ៖ «ដោយសារ​គេ​មាន​អំណាច មាន​លុយ​មាន​កាក់ មាន​ស័ក្តិ»។

ចំណែក​អតីត​អភិបាល​រង​ស្រុក​បរកែវ លោក ហ៊ូ លី មាន​ប្រសាសន៍​ដែរ​ថា ៖ «ចំណែក​នៃ​ការកាប់​បំផ្លាញ​រាត្រី និង​យក​ព្រៃ​ឈើ​នៃ​ប្រជាពលរដ្ឋ​ដោយ​បន្លំ​និង​កេង​ប្រវ័ញ្ច»

មន្ត្រី​សម្រប​សម្រួល​ពិធី​ហែ​ក្បួន លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «បើ​មិន​មាន​ការដោះស្រាយ​ជា​បន្ទាន់​ទេ យើង​ខ្ញុំ​នឹង​ទាមទារ​ធ្វើ​យុទ្ធនាការ​លើក​ទី​៤​បន្ត​ទៀត»

ពុំ​មាន​សកម្មភាព​អសណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ ឬ​បាតុភាព​អ្វី​កើត​មាន​ក្នុង​អំឡុង​យុទ្ធនាការ​ហែ​ក្បួន​នោះ​ទេ ក៏ប៉ុន្តែ​អ្នក​ភូមិ​និយាយ​ថា ប៉ូលិស​ចរាចរណ៍​បាន​រំខាន​ការធ្វើ​ដំណើរ​ដោយ​ធ្វើការ​ផាក​ពិន័យ​មធ្យោបាយ​យានយន្ត​របស់​អ្នក​ភូមិ ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយចំនួន​បង្ខំ​ចិត្ត​បោះបង់​ឱកាស​ហើយ​ត្រឡប់​ក្រោយ​ទៅ​កាន់​លំនៅឋាន​វិញ៕