អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំណត់​ថ្ងៃ​ប្រកាស​ទ្រព្យ​សម្បត្តិ​នៅ​ខែ​វិច្ឆិកា ២០១០

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្ងៃ​១៤ កក្កដា​នេះ បាន​ប្រកាស​ថា ខ្លួន​កំណត់​យក​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដើម្បី​ចាប់ផ្ដើម​នីតិ​វិធី និង​ដំណើរការ​ប្រកាស​ទ្រព្យ​សម្បត្តិ លុយ​កាក់ និង​បំណុល​ជាដើម ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នានា គឺ​ប្រគល់​ឯកសារ​រាយ​ឈ្មោះ​ទ្រព្យ​សម្បត្តិ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ដើម្បី​រក្សា​ទុក។

មុខ​សញ្ញា​ដែល​គេ​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ មាន​ចំនួន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​រួម​មាន​មន្រ្តី​រាជការ​ស៊ីវិល យោធា និង​មន្ត្រី​នគរបាល ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ និង​អនុ​ក្រឹត្យ តំណាង​រាស្ត្រ​ទាំង​អស់ សមាជិក​ទាំង​អស់​នៃ​ព្រឹទ្ធសភា មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នានា ក្រុមហ៊ុន​ឯកជន​ធំ​ៗ មន្ត្រី​ជាន់​ខ្ពស់ និង​មេ​ដឹកនាំ​រដ្ឋាភិបាល ព្រម​ទាំង​មន្ត្រី និង​សមាជិក​នៃ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ។

ការ​ប្រកាស​នេះ គេ​តម្រូវ​ឲ្យ​ធ្វើ​រៀងរាល់ ២​ឆ្នាំ​ម្ដង​ៗ ដោយ​លាយលក្ខណ៍អក្សរ និង​ឲ្យ​ប្រកាស​នៅ​មុន​ពេល​ចូល​កាន់​តំណែង និង​ក្រោយ​ពេល​ចេញ​ពី​តំណែង។ ប៉ុន្តែ​ការ​ប្រកាស​នោះ​គឺ​ឲ្យ​ធ្វើ​ដោយ​សម្ងាត់។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា​នេះ ថា លោក​សុំ​ឲ្យ​មាន​ការ​ចូលរួម​ពី​មហាជន​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ។

ឱម យ៉ិនទៀង ៣០៥
១៤-កក្កដា-២០១០: ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង (ស្ដាំ) នៅ​ក្នុង​សន្និសីទ​កាសែត នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​រាជធានី​ភ្នំពេញ។ (RFA/Sok Serey)

លោក ឱម យ៉ិនទៀង បាន​បញ្ជាក់​ថា ៖ «យើង​អាច​បែងចែក​ការ​ប្រកាស​ហ្នឹង មាន​ចំណុច​ពិសេស​ខុស​ៗ​គ្នា ៣​យ៉ាង។ ទី​១ ប្រកាស​លើក​ទី​១ ក្នុង​ពេល​ដែល​ច្បាប់​យើង​បាន​អនុម័ត​ហើយ។ ទី​២ ការ​ប្រកាស​លើក​ទី​១ នៅ​ពេល​ដែល​គាត់​ចូល​កាន់​ការងារ បាន​ន័យ​ថា អ្នក​ចូល និង​អ្នក​ចេញ​ពី​ការងារ ត្រូវ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដែរ»

លោក​បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ទទួល​ពាក្យ​បណ្ដឹង​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​រយៈ​ប្រអប់​សំបុត្រ ទូរស័ព្ទ​ប្រចាំការ ២៤​ម៉ោង ប្រព័ន្ធ​អ៊ីម៉េល និង​ទូរសារ​ជាដើម។

លោក​ស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ៖ «ប្រកាស​គឺ​ត្រូវតែ​ប្រកាស​ជា​ចំហ។ ប្រកាស​ជា​ចំហ គឺ​ដើម្បី​ឲ្យ​សាធារណ​ជន​លោក​ជ្រាប ហើយ​ឲ្យ​លោក​តាមដាន»

ប្រធាន​ប្រតិបត្តិ​គម្រោង​អ្នក​ការពារ​ក្តី​កម្ពុជា លោក សុក សំអឿន ដែល​បាន​តាមដាន​ស្ថានការណ៍​ប្រឆាំង​អំពើ​ពុក​រលួយ​កន្លង​មក បាន​មាន​ប្រសាសន៍​ថា លោក​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ ប៉ុន្តែ​លោក​នៅ​មាន​ការ​មន្ទិល​អំពី​ប្រសិទ្ធភាព​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នេះ ៖ «រឿង​បញ្ហា​ទុក​ចិត្ត មិន​ទុក​ចិត្ត គឺ​ថា មិន​ទាន់​ថា​យ៉ាង​ម៉េច​ទេ! យើង​ចាំ​មើល​សិន​ណា៎!»

សភា​ជាតិ​កម្ពុជា​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ថៃ្ង​ទី​១០ និង​ទី​១១ ខែ​មីនា​កន្លង​ទៅ​នេះ គឺ​មាន ៥៧​មាត្រា និង ៩​ជំពូក។ ច្បាប់​នេះ​បាន​ចូល​ជា​ធរមាន​ហើយ ក្រោយ​ពី​ព្រះ​មហា​ក្សត្រ ព្រះបាទ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ត​លេខា​នៅ​ប៉ុន្មាន​ខែ​មុន​នេះ។ ច្បាប់​នេះ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​ពី ៧​ថៃ្ង ទៅ ៥​ឆ្នាំ សម្រាប់​អំពើ​ពុក​រលួយ​តិចតួច និង​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​ពី ៥​ឆ្នាំ ទៅ ១៧​ឆ្នាំ ឬ​មួយ​ជីវិត សម្រាប់​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។

មន្រ្តី​ស៊ើប​អង្កេត​ប្រឆាំង​អំពើ​ពុក​រលួយ​មក​ពី​ទីក្រុង​ហុងកុង ឈ្មោះ តូនី (Tony) ដែល​មាន​បទ​ពិសោធន៍ ១៧​ឆ្នាំ ហើយ​មក​បណ្ដុះ​បណ្ដាល​មន្រ្តី​ជំនាញ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទទួល​ជោគជ័យ​ទៅ​បាន គឺ​ដោយសារ​មាន​ការ​ចូលរួម​ពី​មហា​ជន និង​អ្នក​សារព័ត៌មាន ដែល​មើល​ឃើញ​មន្ត្រី​ណា​ម្នាក់​ជិះ​ឡាន​ទំនើប​ៗ និង​ថ្លៃ​ៗ និង​មាន​លុយ​ចាយ​សម្បើម រស់​នៅ​ហ៊ឺហា គេ​ត្រូវតែ​រាយ​ការណ៍​ព័ត៌មាន​នេះ​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​តាមដាន»

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក (USAID) បាន​បញ្ចប់​ការ​បណ្ដុះ​បណ្ដាល​ចំនួន ៥​វគ្គ ដល់​មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន ១០០​នាក់​កាល​ពី​ថ្មី​ៗ​នេះ ដែល​បាន​ផ្ដោត​លើ​ជំនាញ​ស្ទង់​មតិ​មហាជន រៀបចំ​បញ្ជី​ប្រកាស​ទ្រព្យ​សម្បត្តិ ជំនាញ​ស៊ើប​អង្កេត ជំនាញ​គ្រប់គ្រង រៀបចំ​ពាក្យ​បណ្ដឹង និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ។ គ្រូ​ដែល​មក​បណ្ដុះ​បណ្ដាល​នោះ​មក​ពី​ក្រុង​ហុងកុង សហរដ្ឋ​អាមេរិក និង​ប្រទេស​សិង្ហបុរី​ជាដើម៕