ជុំវិញ​គម្រោង​បញ្ជូន​ញត្តិ​ប្រឆាំង​អំពើ​ពុករលួយ​ដល់​រដ្ឋាភិបាល

សម្ព័ន្ធ​អង្គការ​សង្គមស៊ីវិល​កម្ពុជា​ប្រឆាំង​អំពើ​ពុករលួយ ដែល​មាន​អង្គការ​ជា​សមាជិក​ចំនួន​៤០ ពួកគេ​កំពុងតែ​រង់ចាំ​ការឆ្លើយតប​ពី​សភាជាតិ​និង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បើក​ផ្លូវ​ឲ្យ​តំណាង​អង្គការ​ទាំងនោះ ចូល​ជួប​និង​ប្រគល់ញត្តិ​ស្នាមផ្តិត​មេដៃ​របស់​ប្រជាពលរដ្ឋ​ជាង ១​លាន​នាក់ ដែល​ជំរុញ​ឲ្យ​ពន្លឿន​ការធ្វើ​សេចក្តីព្រាង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ឲ្យ​បាន​ឆាប់​តាម​តែអាច​ធ្វើ​ទៅបាន ។

0:00 / 0:00

ការរង់ចាំ​ចម្លើយ​ឆ្លើយតប​នោះ ក្រោយ​ពេល​ដែល​ពួកគេ​បាន​ផ្ញើ​លិខិត​ទៅ​ប្រមុខ​នៃ​ស្ថាប័ន​ទាំងពីរ​ខាងលើ​នៅមុន​ពេល​ចូលឆ្នាំ​ខែ្មរ ប៉ុន្តែ មកទល់​ពេល​នេះ ពួកគេ​នៅ​មិនទាន់​បាន​ទទួល​ចម្លើយ​ណាមួយ​នៅ​ឡើយ​ទេ ។ ហើយ​យុទ្ធនាការ​ប្រមូល​ស្នាម​ផ្តិតមេដៃ​មាន​រយៈពេល ៥​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០០៧ មកនោះ បាន​ឈាន​ដល់​ទីបញ្ចប់​ហើយ នៅថៃ្ង​ពុធ​នេះ ។

លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​នៅ​កម្ពុជា​នៅក្នុង​ចំណោម​អង្គការ​សំខាន់​ៗ ចំនួន​១១ ដែល​បាន​ចូលរួម​សកម្ម​ក្នុង​យុទ្ធនាការ​រយៈពេល ៥​ខែ​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «អ្វី​ដែល​យើង​ចង់​បាន​គឺ​ជួប​នៅ​ក្នុង​ដើម​ខែ ៥ នេះ បើសិនជា​ខាង​សភា​ឆ្លើយ​តប​មុន​ថា ឲ្យ​យើង​យក​ទៅ​ជូន​មុន យើង​នឹង​នាំ​យក​ទៅ​ជូន​សភា​មុន បើ​ខាង​រដ្ឋាភិបាល​ឆ្លើយ​តប​មុន យើង​យក​ទៅ​ជូន​រដ្ឋាភិបាល​មុន»

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្នាម​ផ្តិតមេដៃ​ដែល​ប្រមូល​បាន​ពី​ប្រជាពលរដ្ឋ​គឺ​មាន​ចំនួន​សរុប ១​លាន ៧​ម៉ឺន​នាក់ ដោយ​បាន​បូករួម​ជាមួយ​ស្នាមផ្តិតមេដៃ​៣​សែន​នាក់ ប្រមូល​បាន​កាលពី​ឆ្នាំ​២០០៦ កន្លង​ទៅ ។

មិន​អាច​ទាក់ទង​សុំ​សេចក្តី​ប្រតិកម្ម​បាន​ភ្លាមៗ​ទេ ពី​មន្រ្តី​តំណាង​ឲ្យ​សភាជាតិ​ជុំវិញ​គម្រោង​ដាក់​ញតិ្ត​នោះ ប៉ុន្តែ​លោក ខៀវ កាញារីទ្ធ មន្រ្តី​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «ពីព្រោះ​ឥឡូវ​ហ្នឹង​សភា​គេ​ចប់​ហើយ ហើយ​ទីពីរ​សេចក្ដីព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មាន​ហើយ តើ​មាន​បាន​ឲ្យ​យោបល់​ថា តើ​គួរ​កែ​កន្លែងណា​ទេ ? រួច​ឆ្នាំ​ទៅ​មិន​ក៏​មិន​ធ្វើ ម៉េច​ក៏​មក​ធ្វើ​ឆ្នាំ​ហ្នឹង ?»

ទាក់ទង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ផែ្អកតាម​ការស្រាវជ្រាវ​នានា​របស់​អង្គការ USAID អង្គការ CSD អង្គការ​តម្លាភាព​អន្តរជាតិ​និង​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា កាលពី​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០០៦ កន្លងទៅ អង្គការ​ទាំងនេះ​បាន​រកឃើញ​ថា នៅក្នុង​ប្រទេស​កម្ពុជា​បាន​បាត់បង់​ប្រាក់​ចំណូល​ចូល​ថវិកា​រដ្ឋ​ដោយសារ​អំពើ​ពុករលួយ មាន​ចំនួន​រវាង ៤០០ ទៅ ៥០០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ។

ប្រភពពី​តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​ប្រឆាំង​អំពើ​ពុករលួយ​នោះ បាន​ធ្វើការ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​ធ្វើ​សេចក្តីព្រាង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នោះ រយៈពេល ១៤​ឆ្នាំ​មកហើយ ចាប់តាំងពី​ឆ្នាំ​១៩៩៤ មកម្ល៉េះ ប៉ុន្តែ​សេចក្តីព្រាង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នោះ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​រដ្ឋាភិបាល​ជា​ដដែល រហូត​មកដល់​ពេលនេះ ។

សូមរំឭកថា យុទ្ធនាការ​ប្រមូល​ស្នាម​ផ្ដិត​មេដៃ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ប្រឆាំង​អំពើ​ពុករលួយ​នោះ​ឲ្យ​បាន​ឆាប់ ។ យុទ្ធនាការ​នោះ​ធ្លាប់​បាន​ចូលរួម​បើក​សម្ពោធ​ដោយ​លោក Joseph Mussomeli ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា នៅក្នុង​ខេត្ត​ក្រចេះ កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០០៨ កន្លង​ទៅនេះ ៕