ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងអនុសំវច្ឆរមហាសន្និបាតសង្ឃ ឬសន្និបាតសង្ឃប្រចាំឆ្នាំលើកទី២០ នៅទីក្រុងភ្នំពេញ កាលពីពេលថ្មីៗនេះ។ ដោយហេតុថា ការដុត ឬអាំងសត្វគោ ឬចៀមលក់ទាំងមូលនោះ ហាក់ដូចជាបង្ហាញការប្រើហិង្សា និងអមនុស្សធម៌ខ្លាំងពេក ដែលមិនសមស្របទៅនឹងសង្គមជាតិខ្មែរបច្ចុប្បន្នជាអ្នកគោរពព្រះពុទ្ធសាសនា។
អនុសំវច្ឆរមហាសន្និបាតសង្ឃប្រចាំឆ្នាំលើកទី២០ ដែលបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ អស់រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២០ និងទី២១ ខែធ្នូ ឆ្នាំ២០១១ ថ្មីៗនេះ បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនដែលទាក់ទងនឹងកិច្ចការរបស់សង្គមសង្ឃក្នុងព្រះពុទ្ធសាសនា ហើយនិងបញ្ហាក្នុងសង្គមជាតិ។
អ្នកចូលរួមក្នុងអនុសំវច្ឆរមហាសន្និបាតសង្ឃជាង ១.០០០រូប ដែលភាគច្រើនជាមន្ត្រីសង្ឃជារាជាគណៈ ព្រះមេគណខេត្ត អនុគណស្រុក ព្រមទាំងមន្ត្រីក្រសួង និងមន្ទីរធម្មការ និងសាសនាខេត្ត ក្រុង បានលើកយកមកពិភាក្សាដោះស្រាយពីកិច្ចការសាសនានោះ រួមមានដូចជា ការពង្រឹងផ្នែកពុទ្ធិកសិក្សាភាសាបាលីសម្រាប់ការសិក្សារបស់សមណសិស្ស និស្សិត បញ្ហាការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់វត្តអារាម និងបញ្ហាការពារគរុភណ្ឌ ឬទ្រព្យសម្បត្តិរបស់វត្តជាដើម។
ចំណែកឯបញ្ហាសង្គមជាតិវិញ គឺគេបញ្ជាក់អំពីចំណុចនៃការសម្លាប់សត្វធ្វើអាជីវកម្មដែលមិនសមរម្យ ដូចការសម្លាប់សត្វគោ ហើយដុត ឬអាំងទាំងមូលយកទៅលក់នៅតាមដងផ្លូវសាធារណៈ និងទីផ្សេងៗដែលគ្មានកន្លែងបិតបាំង។
ក្នុងចំណោមអ្នកចូលរួមអនុសំវច្ឆរមហាសន្និបាតសង្ឃលើកទី២០ ព្រះតេជព្រះគុណព្រះធម្មចរិយាវង្សាបណ្ឌិត ញ៉ែម គឹមតេង បានមានព្រះថេរដីកាបញ្ជាក់អំពីមូលហេតុដែលអង្គសន្និបាតលើកឡើងពីបញ្ហានេះថា ការលក់សម្ញែងគោដុតទាំងមូលនៅតាមដងផ្លូវសាធារណៈនោះ គឺជាការខ្វះសីលធម៌ ធ្វើឲ្យប៉ះពាល់ខ្លាំងសម្រាប់ពលរដ្ឋកម្ពុជា ដែលគោរពព្រះពុទ្ធសាសនា និងប្រកាន់យកនូវធម៌សន្ដោសអាណិតអាសូរសព្វសត្វផងគ្នា។
ព្រះតេជព្រះគុណព្រះធម្មចរិយាវង្សាបណ្ឌិត ញ៉ែម គឹមតេង៖ «ពីព្រោះស្រុក ប្រទេសគេដទៃៗក៏គេមិនដែលធ្វើអ៊ីចឹងដែរទេ ហើយយើងយកគោទៅដុតទាំងមូលនៅតាមផ្លូវ នៅតាមទីសាធារណៈ មុខហាងគ្រប់កន្លែង។ ដល់អ៊ីចឹងវាដូចជាបង្ហាញនូវភាពហិង្សា។ យើងក្នុងនាមអ្នកពុទ្ធសាសនាហ្នឹងដែលប្រកាន់ធម៌អហិង្សា»។
អ្នកចូលរួមក្នុងអនុសំវច្ឆរមហាសន្និបាតសង្ឃប្រចាំឆ្នាំលើកទី២០ បានបញ្ជាក់ទៀតដែរថា ទាក់ទងទៅនឹងការធ្វើអាជីវកម្មគោដុតនេះថា តាមពិតទៅសត្វគោគឺជាសត្វមួយប្រភេទដែលមានជីវិតរស់នៅយ៉ាងជិតស្និទ្ធជាមួយមនុស្សក្នុងសង្គមខ្មែរតាំងតែពីសម័យដូនតាតៗរៀងមករហូតដល់សព្វថ្ងៃ។ ហើយសត្វគោទាំងឡាយនោះដែលគេយកមកចិញ្ចឹម គឺបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនក្នុងការងារកសិកម្មរបស់ប្រជាកសិករខ្មែរ ដូចជាជួយអូសទាញនង្គ័លភ្ជួរ រាស់ដាស់ដី សាបព្រោះ ដកស្ទូង និងជួយអូសរទេះដឹកកណ្ដាប់ស្រូវយកទៅបោកបែនជាដើម។
អ្នកចូលរួមមហាសន្និបាតសង្ឃបានបន្ដថា បើគេវិភាគទៅលើគុណបំណាច់របស់សត្វគោដូចបានបញ្ជាក់មកនេះ គឺគេពុំគប្បីធ្វើទារុណកម្មសម្លាប់សត្វគោហើយយកទៅដុតចងឆ្កាងលក់ទាំងមូលយ៉ាងដូច្នោះឡើយ។
ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន ព្រះមេគណខេត្តកំពង់ស្ពឺ ដែលបានចូលរួមនៅក្នុងអនុសំវច្ឆរមហាសន្និបាតសង្ឃលើកទី២០ បានមានព្រះថេរដីកាថា ការលើកឡើងរបស់អនុសំវច្ឆរមហាសន្និបាតសង្ឃត្រង់ចំណុចការធ្វើអាជីវកម្មលក់គោដុតទាំងមូលនេះ គឺចង់ជួយដាស់ស្មារតីអ្នកលក់ដូរឲ្យមានចិត្តក្រែងរអែង និងមានមនុស្សធម៌ខ្លះៗដល់សត្វ។
ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន៖ «តែក្នុងហាងបិទជិតអីនោះ អាហ្នឹងវាជារឿងសម្រាប់អាជីវកម្មរបស់គេទេ។ ក៏ប៉ុន្តែតាមផ្លូវតាមអីអ៊ីចឹងវាមើលទៅស្ដែងៗពេក អ៊ីចឹងទៅមហាជន ជាសាធារណៈគេមើលទៅដូចជាខ្វះភាពសមរម្យ។ យើងបង្ហាញតែភាពហិង្សាហ្នឹងខ្លាំងពេកទៅលើសត្វដែលមានឧបការគុណ ដែលជាកម្លាំងអូសទាញសំខាន់សម្រាប់ប្រជាពលរដ្ឋ កសិករប្រទេសកម្ពុជា យើងតាំងពីសម័យបុរាណមករហូតមកទល់ពេលហ្នឹង»។
ទាក់ទងនឹងការធ្វើអាជីវកម្មលក់គោដុតទាំងមូលដែលគេឃើញមាននៅតាមដងផ្លូវសាធារណៈតាមទីផ្សារ តាមហាងអាហារដ្ឋាន និងភោជនីយដ្ឋាននៅទីក្រុងភ្នំពេញ សព្វថ្ងៃនេះក៏ត្រូវបានមហាជនមួយចំនួនធ្លាប់បានរិះគន់ជាបន្តបន្ទាប់មកដែរកន្លងមក ក្នុងនោះមានមន្ត្រីរាជការ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋមួយចំនួនទៀត។
ការរិះគន់នោះមានដូចជាថា អ្នកលក់ធ្វើអំពើបាបអាក្រក់ក្រៃលែង មិនអាណិតអាសូរសត្វ ធ្វើទារុណកម្មសត្វតាំងពីសម្លាប់ហើយយកសាច់មកលក់ នៅតែចងដៃចងជើងដោតឆ្កាងពន្លះសាច់ ដោតកាំបិតជាប់នៅឆ្អឹងខ្នង ។ល។
ក្នុងចំណោមអ្នករិះគន់ទាំងនោះ ប្រជាពលរដ្ឋមួយរូបឈ្មោះ ប៊ុន ជី នៅខេត្តបាត់ដំបង ដែលបានធ្វើដំណើរមកទីក្រុងភ្នំពេញ ហើយបានឃើញទិដ្ឋភាពលក់គោដុតទាំងមូលនោះ បានមានប្រសាសន៍ថា គាត់មានការសង្វេគនៅពេលដែលឃើញការលក់ដូរបែបនេះ៖ «អាណិតគោហ្នឹងសែនមហាអាណិត។ សូម្បីតែខាងមូស្លីម ឬក៏ខាងឥស្លាមសាសនា ដែលថា សាសនាគេមិនហាមប្រាមរឿងសម្លាប់ ក៏គេមិនធ្វើអាក្រក់ដូចនៅកម្ពុជាយើង ដែលថា ជាអ្នកកាន់ព្រះពុទ្ធសាសនា ៩០% នោះដែរ។ ធ្វើហ្នឹងវាហួសសម្លាប់គ្នាហើយ សាច់ឆ្អិនហើយ ទុកគោទាំងមូល។ បើថា បានជាធ្វើឃាតគ្នាហើយ អាំងគ្នាហើយដាក់ជាកញ្ចប់ ដាក់ជាស្អីឲ្យវាមើលទៅឲ្យសមភ្នែក»។
ដោយហេតុបានឃើញយ៉ាងដូច្នោះហើយ ទាំងប្រជាពលរដ្ឋ និងនៅក្នុងមហាសន្និបាតសង្ឃលើកទី២០ បានធ្វើសំណូមពរសុំដល់រាជរដ្ឋាភិបាល ជួយធ្វើអន្តរាគមន៍ឲ្យបញ្ឈប់ការធ្វើអាជីវកម្មលក់គោដុតទាំងមូលនៅតាមទីសាធារណៈ ឬលក់តាមដងផ្លូវនានាល្ហល្ហេវ។
ទាក់ទងនឹងការសម្លាប់ជីវិតសត្វនេះដែរ នៅក្នុងអនុសំវច្ឆរមហាសន្និបាតសង្ឃ ក៏បានស្នើសុំដល់រាជរដ្ឋាភិបាល ជួយកុំឲ្យមានសកម្មភាពនេសាទ ឬបរបាញ់សត្វនៅក្នុងទន្លេ ឬតាមដងទន្លេ ត្រង់ចំណុចខាងមុខព្រះបរមរាជវាំងទីក្រុងភ្នំពេញ។
ការស្នើសុំនោះ ពីព្រោះតែយល់ឃើញថា នៅខាងមុខព្រះបរមរាជវាំងគឺមានកន្លែងសក្ការបូជា។ ម្យ៉ាងវិញទៀត គេចង់ឲ្យកន្លែងនៅត្រង់ចំណុចនោះក្លាយទៅជាកន្លែងមួយដែលមានសុខសន្តិភាពសម្រាប់សត្វទូទៅទាំងអស់ ឬដែលគេហៅថា ជាកន្លែងអភ័យភូមិ (ឬជាកន្លែងផុតចាកភ័យ)។
ព្រះតេជព្រះគុណ ព្រះធម្មចរិយាវង្សាបណ្ឌិត ញ៉ែម គឹមតេង ដែលបានចូលរួមក្នុងអនុសំវច្ឆរមហាសន្និបាតសង្ឃប្រចាំឆ្នាំលើកទី២០ បានមានព្រះថេរដីកាថា ការស្នើសុំផ្ដល់ទីកន្លែងអភ័យភូមិសម្រាប់សត្វនេះ ក៏ដើម្បីជាប្រយោជន៍ជាតិសាសនា និងព្រះមហាក្សត្រ៖ «យើងដឹងហើយថា បាវចនា (ពាក្យគោលចារឹក) របស់ជាតិយើងនេះ គឺមាន ជាតិ សាសនា ព្រះមហាក្សត្រ។ ទាំងបីនេះហើយដែលយើងគោរព។ អ៊ីចឹងហើយមុខតំបន់នេះ យើងមិនចង់ឲ្យឃើញមានការសម្លាប់ ឬក៏ការនេសាទ ការធ្វើអាជីវកម្មសត្វមានជីវិតអីអ៊ីចឹងទេ។ យើងចង់ថា ឲ្យតំបន់ហ្នឹងទៅជាតំបន់ផ្ដល់អភ័យឲ្យសព្វសត្វ។ សត្វត្រី សត្វស្លាបអីវាមកកន្លែងហ្នឹងទៅវាមានសេរីភាព វាមានសន្តិភាព អត់ភ័យ អត់ខ្លាចអីទេ ជាតំបន់ផុតចាកភ័យ»។
នូវរាល់ការស្នើសុំទាំងអម្បាលមាណនេះ គេឃើញមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល គឺអ្នកស្រី ម៉ែន សំអន ដែលតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទៅចូលរួមបិទអនុសំវច្ឆរមហាសន្និបាតសង្ឃលើកទី២០ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ បានបញ្ជាក់ថា អ្នកស្រីមិនទាន់ហ៊ានសម្រេចថា យ៉ាងណាឡើយ គឺត្រូវយកសំណើនោះទៅដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យសិន។ រីឯលទ្ធផលយ៉ាងណានោះគឺមិនទាន់ដឹងប្រាកដទេ៕