ដើម្បីជំរុញឲ្យមានសេរីភាវូបនីយកម្មនៃទំនិញ ឬធនធាន ព្រមទាំងការបង្កើនពាណិជ្ជកម្មរវាងប្រទេសអាស៊ានទាំងអស់នោះប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺទាមទារការកសាង និងពង្រីកហេដ្ឋារចនាសម្ពន្ធទាំងនោះឲ្យបានច្រើន គឺជាកត្តាចាំបាច់បំផុត ជាពិសេសនៅពេលដែលប្រទេសនៅក្នុងតំបន់អាស៊ានធ្វើសមាហរណកម្មតំបន់នៅឆ្នាំ២០១៥ ខាងមុខនេះ។
សមាហរណកម្មតំបន់ គឺជាគោលដៅដែលប្រទេសទាំង ១០ នៅអាស៊ាន ត្រូវសម្រេចឲ្យបាននៅឆ្នាំ២០១៥ ប៉ុន្តែដើម្បីសម្រេចបានជោគជ័យនោះ អ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា ប្រទេសដែលជាសមាជិកអាស៊ានទាំងនោះត្រូវមានការតភ្ជាប់គ្នាទាំងផ្នែកហេដ្ឋារចនាសម្ពន្ធ ដូចជាផ្លូវថ្នល់ ទឹក និងផ្លូវអាកាស និងផ្នែកស្ថាប័នមានដូចជាច្បាប់ ដែលត្រូវអនុវត្តរវាងប្រទេសអាស៊ានទាំងនោះជាដើម។
ការតភ្ជាប់រវាងប្រទេសនៅក្នុងតំបន់ គឺជារឿងចាំបាច់បំផុតនៅពេលធ្វើសមាហរណកម្មតំបន់ ដែលជួយសម្រួលដល់លំហូរដោយសេរីគ្រប់ផ្នែកទាំងអស់ពីប្រទេសមួយទៅប្រទេសមួយទៀត នៅក្នុងតំបន់អាស៊ានទាំងអស់នេះ។
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ពន្ធ គឺមានសារសំខាន់ចំពោះការធ្វើសមាហរណកម្មអាស៊ានទាំង ១០ ក្នុងគោលបំណងឲ្យមានការតភ្ជាប់គ្រប់វិស័យទាំងអស់នៅក្នុងតំបន់។
បញ្ជាក់បន្ថែម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ចម ប្រសិទ្ធ មានប្រសាសន៍ថា ការធ្វើសមាហរណកម្មអាស៊ាន គឺត្រូវតែធ្វើយ៉ាងណាមានទំនាក់ទំនងចូលគ្នាតាមរយៈការកសាងផ្លូវគោក ទឹង និងអាកាស ដើម្បីឲ្យអាស៊ានកាន់តែការប្រទាក់ក្រឡាគ្នាក្នុងគោលបំណងចរាចរណ៍ទំនិញកាន់តែស្រួល និងមនុស្សចេញចូលក្នុងអាស៊ានកាន់តែងាយស្រួលដែរ។
របាយការណ៍របស់វិទ្យាស្ថានធនាគារអភិវឌ្ឍន៍អាស៊ីកន្លងទៅបានបង្ហាញថា នៅពេលដែលប្រទេសអាស៊ីទាំងអស់មានការខ្វះការតភ្ជាប់ហេដ្ឋារចនាសម្ពន្ធគ្រប់គ្រាន់ គឺជាកត្តារាំងស្ទះដល់កំណើនសេដ្ឋកិច្ច ឧបសគ្គចំពោះការប្រកួតប្រជែង និងការកាត់បន្ថយភាពក្រីក្រជាដើម។
របាយការណ៍ដដែលបានបង្ហាញថា ការពង្រីកបណ្ដាញហេដ្ឋារចនាសម្ពន្ធគឺជារឿងមួយសំខាន់ដែលប្រទេសនៅក្នុងតំបន់នឹងទទួលបានប្រយោជន៍ច្រើនតាមរយៈការបង្កើនពាណិជ្ជកម្ម ការចូលទីផ្សារនៅក្នុងតំបន់ និងកាត់បន្ថយថ្លៃដើមនៃការចរាចរទំនិញទាំងនោះ។ មានន័យថា ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនៅក្នុងតំបន់នឹងបង្កើតបាននូវលទ្ធផលជាវិជ្ជមានសម្រាប់ប្រទេសដែលចូលរួមទាំងអស់នោះ។
ឆ្លើយតបទៅនឹងការកសាងហេដ្ឋារចនាសម្ពន្ធនៅប្រទេសកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ទេសរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ពន្ធ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា មុននឹងធ្វើការតភ្ជាប់ទៅកាន់ប្រទេសដទៃក្នុងតំបន់ គឺកម្ពុជាត្រូវមានការតភ្ជាប់នៅក្នុងប្រទេសឲ្យបានល្អប្រសើរជាមុនសិន ដូចជាការសាងសង់ផ្លូវដើម្បីតភ្ជាប់ពីភូមិរហូតដល់ស្រុក និងទីរួមខេត្តជាដើម ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនេះឲ្យកាន់តែទូលំទូលាយ។
លោក ស៊ុន ចាន់ថុល បន្តថា បច្ចុប្បន្នកម្ពុជាកំពុងតែពង្រីកការបើកច្រកពាណិជ្ជកម្មមួយចំនួនទៀត ដើម្បីឈានទៅដល់ការតភ្ជាប់រវាងប្រទេសនៅក្នុងតំបន់។
លោក ស៊ុន ចាន់ថុល មានបន្ថែមទៀតថា ប្រទេសកម្ពុជាមានសក្ដានុពល ខាងផ្នែកផ្លូវទឹកជាច្រើន ប៉ុន្តែមិនបានប្រើផ្លូវទឹកទាំងអស់ឲ្យអស់លទ្ធភាពនៅឡើយទេ ដែលផ្លូវទឹកនេះ គឺអាចតភ្ជាប់ទៅក្នុងតំបន់បាន។
តែទោះយ៉ាងណាក៏ដោយការសាងសង់ផ្នែកហេដ្ឋារចនាសម្ពន្ធរវាងប្រទេសអាស៊ានទាំងអស់ ទាមទារឲ្យប្រទេសនីមួយៗ ត្រូវចំណាយថវិកាសម្រាប់គម្រោងហេដ្ឋារចនាសម្ពន្ធទាំងនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី៣០ មីនា ឆ្នាំ២០១២ ថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន កម្ពុជានឹងដំណើរការឲ្យមានមូលនិធិហេដ្ឋារចនាសម្ពន្ធអាស៊ាន និងកម្មវិធីធានាឥណទាន និងការវិនិយោគ។
របាយការណ៍របស់វិទ្យាស្ថានធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា ប្រទេសនៅអាស៊ីត្រូវការចំណាយថវិកាប្រមាណ ៨ពាន់លានដុល្លារនៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធក្នុងតំបន់ ក្នុងនោះមានគម្រោងជាអាទិភាពចំនួន ២១ ដែលត្រូវអនុវត្តឲ្យបាននៅក្នុងតំបន់នៅឆ្នាំ២០១៥ ដែលត្រូវការថវិកាប្រមាណ ១៥ពាន់លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានបង្ហាញទៀតថា តម្រូវការវិនិយោគសម្រាប់គម្រោងហេដ្ឋារចនាសម្ពន្ធនាពេលបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថា កម្ពុជាត្រូវការចំណាយថវិកាប្រមាណ ១៩០លានដុល្លារ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។