គោល​បំណង​នៃ​ការ​បង្កើត​សមាគម អាស៊ាន

ប្រទេស​ជា​ច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន ១០ បាន​បង្កើត​ជា​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា អាស៊ាន ក្នុង​គោល​បំណង​ទទួល​បាន​ទាំង​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ។

0:00 / 0:00

ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ប្រទេស​សមាជិក​អាស៊ាន កាល​ពី​ឆ្នាំ ១៩៩៩ ដោយ​សម្លឹង​ឃើញ​អត្ថ​ប្រយោជន៍​ទាំង​នោះ រួម​ទាំង​លក្ខខណ្ឌ​ប្រសើរ​នានា ជា​ច្រើន ដូច​ជា មិន​ជ្រៀត​ជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​រវាង​ប្រទេស​ជា​សមាជិក ការ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​បង្កើត​តំបន់​មួយ ប្រកប​ដោយ​សន្តិភាព និង​ជា​វេទិកា​មួយ សម្រប​សម្រួល​ការ​ខ្វែង​គំនិត​គ្នា​នៅ​តំបន់​អាស៊ាន។ ការ​សម្រេច​នានា ត្រូវ​ធ្វើ​ឡើង​ដោយ​ ការ​ព្រមព្រៀង​រវាង​ប្រទេស​សមាជិក​ទាំង​អស់។ ប៉ុន្តែ​​កត្តា​នេះ ផ្ដល់​ទាំង​ផល​អវិជ្ជមាន និង​វិជ្ជមាន​ដល់​អាស៊ាន។

គោល​បំណង​នៃ​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន គឺ​ចង់​បង្កើត​ជា​សហគមន៍​តែ​មួយ​នៅ​ពេល​ខាង​មុខ រវាង​ប្រទេស​ទាំង​អស់​នៅ​អាស៊ីអាគ្នេយ៍។ គំនិត​នេះ ផ្ដួច​ផ្ដើម​ពី​ប្រទេស​ចំនួន ៥ ដំបូង កាល​ពី​ឆ្នាំ ១៩៦៧ ដែល​ចង់​ឲ្យ​ប្រទេស​ទាំង ១០ នៅ​អាស៊ីអាគ្នេយ៍​ក្លាយ​ជា​តំបន់​តែ​មួយ។ ការ​បង្កើត​ជា​តំបន់​នេះ គឺ​មាន​សារៈសំខាន់ ដើម្បី​ប្រែ​ក្លាយ​ជា​​តំបន់​មួយ ដែល​ខ្លាំង​ ដែល​កត្តា​នេះ ធ្វើ​ឱ្យ​ប្រទេស​នានា នៅ​អាស៊ីអាគ្នេយ៍ បាន​ចាប់​អារម្មណ៍​ចូល​ជា​សមាជិក នៅ​ក្នុង​សមាគម និង​រហូត​មក​ដល់​ពេល​នេះ ប្រទេស​សមាជិក​អាស៊ាន​ចំនួន ១០ ដែល​ប្រទេស​កម្ពុជា​ក្លាយ​ជា​សមាជិក​ចុង​ក្រោយ​គេ នៅ​ឆ្នាំ ១៩៩៩។

សេចក្ដី​ថ្លែង​ការ​ក្រុង​បាងកក បាន​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​​​ប្រឹង​ប្រែង​​​ ដើម្បី​ជំរុញ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ដើម្បី​សុខុមាលភាព​របស់​ប្រជាជន​នៅ​ក្នុង​តំបន់។

របាយការណ៍​ដែល​ចង​ក្រង​ដោយ​បណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី បាន​ឲ្យ​ដឹង​ថា ប្រទេស​អាស៊ាន បាន​ឯកភាព​គ្នា​ប្រកាន់​ខ្ជាប់​នូវ​គោល​ដៅ​សំខាន់ ៣ ដូច​ជា ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​នៅ​ក្នុង​តំបន់ តាម​រយៈ​កម្មវិធី​សហប្រតិបត្តិការ។ គោលដៅ​សំខាន់​ទី ២ ការពារ​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ទល់​នឹង​គូ​ប្រជែង​មហាអំណាច​ធំៗ និង​គោលដៅ​សំខាន់​ចុង​ក្រោយ គឺ​សម្រាប់​បម្រើ​ជា​វេទិកា​មួយ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ខ្វែង​យោបល់​គ្នា នៅ​រង្វង់​តំបន់​អាស៊ីអាគ្នេយ៍។

ម៉្យាង​វិញ​ទៀត ក្រៅ​ពី​មាន​ភាព​ខ្លាំង​ខាង​សេដ្ឋកិច្ច ក៏​ការ​ចូល​ជា​សមាជិក​អាស៊ាន​នេះ មាន​លក្ខខណ្ឌ​ប្រសើរ​​នានា ដែល​បង្ក​ឲ្យ​ប្រទេស​ជា​ច្រើន ដាក់​ពាក្យ​ចូល​ជា​សមាជិក​អាស៊ាន ដែល​លក្ខខណ្ឌ​ទាំង​នោះ មាន​ដូច​ជា ការ​សម្រេច​កិច្ចការ​អ្វី​មួយ ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ព្រមព្រៀង​ពី​ប្រទេស​សមាជិក​ទាំង​អស់ និង​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​សមាជិក​អាស៊ាន​ណា​មួយ​នោះ​ទេ។ លក្ខខណ្ឌ​ផ្សេង​ទៀត គឺ​ប្រទេស​សមាជិក​ទាំង​អស់ ត្រូវ​ចូលរួម​នៅ​ក្នុង​សន្ធិសញ្ញា មិន​ប្រើ​កម្លាំង ឬ​គំរាម​កំហែង​គ្នា​ទៅ​វិញ​ទៅ​មក។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ពន្យល់​ថា ប្រទេស​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩ មក គឺ​ដោយ​សារ​តែ​សមាគម​អាស៊ាន មាន​ចំណុច​ល្អ​ជា​ច្រើន ដែល​ប្រទេស​កម្ពុជា​ចាំ​បាច់​​ត្រូវ​តែ​ចូល​ជា​សមាជិក និង​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ ដែល​ស្ថិត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

លោក ហោ ណាំហុង៖ «យើង​ចូល​ក្នុង​សមាគម​អាស៊ាន គឺ​ដោយសារ​តែ​លក្ខខណ្ឌ​របស់​អាស៊ាន ដែល​គួរ​ឲ្យ​យើង​ចូល​រួម​ដែរ គឺ​ដោយ​សារ​កុងសង់ស៊ីស ឬ​ហៅ​ថា ការ​យល់​ស្រប​ទាំង​អស់​គ្នា។ ការ​សម្រេច​អ្វី​​មិន​មែន​ប្រទេស​ចាស់ អាស៊ាន​ចាស់ មិន​មែន​ប្រទេស​ធំ​ក្នុង​អាស៊ាន តម្រូវ​ឲ្យ​អ្នក​ដទៃ​ទៀត​ទទួល។ គឺ​ថា ឲ្យ​មាន​ការ​យល់ព្រម​ទាំង​អស់​គ្នា បាន​ធ្វើ​ការ​សម្រេច​បាន គឺ​ថា​មាន​ភាព​ស្មើ​ភាព​គ្នា»។

ក្រៅ​ពី​នេះ ប្រទេស​អាស៊ាន​ទាំង​អស់ មាន​សក្ដានុពល​ក្នុង​ធ្វើ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​អាស៊ាន​ផង​ដែរ ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង មាន​ប្រសាសន៍​ថា ដៃគូ​សំខាន់​បំផុត​របស់​ប្រទេស​អាស៊ាន មាន​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ទាក់​ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​បី​នេះ​ជា​មួយ​អាស៊ាន​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។ លោក​មាន​ប្រសាសន៍​បន្ត​ថា ក្រៅ​ពី​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​បី​នេះ ប្រទេស​អាស៊ាន ក៏​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​អូស្ត្រាលី សហភាព​អឺរ៉ុប រុស្សី និង​សហរដ្ឋ​អាមេរិក​ផង។

យ៉ាង​ណា​ក៏​ដោយ សាស្ត្រាចារ្យ ឡេង ធារិទ្ធ មាន​ប្រសាសន៍​ថា ក្រៅ​ពី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ការ​បង្កើត​អាស៊ាន គឺ​ក្នុង​គោល​បំណង​ជៀស​វាង​ជម្លោះ រវាង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ដើម្បី​មាន​ការ​ការពារ​ការ​ឈ្លាន​ពាន​ពី​ខាង​ក្រៅ​ផង​ដែរ។

សាស្ត្រាចារ្យ ឡេង ធារិទ្ធ៖ «ព្រោះ​អាស៊ាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​សំខាន់​បំផុត គឺ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ជម្លោះ​គ្នា​ឯង​ហ្នឹង​ហើយ។ តាំង​ពី​ដំបូង រវាង​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដល់​អញ្ចឹង​ហើយ​វា​មាន​វប្បធម៌​កកើត​រហូត​ដល់​ឥឡូវ»។

លោក​មាន​ប្រសាសន៍​បន្ត​ថា ការ​សម្រេច​ចិត្ត​នានា ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​ព្រមព្រៀង​ពី​ប្រទេស​សមាជិក​ទាំង​អស់ ដែល​កត្តា​នេះ​​ប្រទេស​អាស៊ាន អាច​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​សម្រេច​កិច្ច​ការ​បច្ចុប្បន្ន​ភាព​អ្វី​មួយ។ ប៉ុន្តែ​ការ​សម្រេច​នេះ អាច​​ផ្ដល់​ប្រយោជន៍​ចំពោះ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ដែល​មាន​ការ​អភិវឌ្ឍ​ទាប ក្នុង​ការ​កាត់​បន្ថយ​ការ​គាបសង្កត់​ពី​ប្រទេស​សមាជិក​អាស៊ាន ដែល​មាន​ការ​អភិវឌ្ឍ​ខ្ពស់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បង្កើត​សមាគម​អាស៊ាន មាន​ន័យ​ថា គឺ​ជា​ការ​រៀបចំ​ឲ្យ​មាន​ផល​ប្រយោជន៍​រួម និង​ត្រូវ​មាន​គោល​នយោបាយ​រួម និង​អ្វីៗ ត្រូវ​សម្រេច​ដោយ​មាន​ការ​ព្រមព្រៀង​រួម​គ្នា​ពី​សមាជិក។

អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​បង្កើត​ឲ្យ​មាន​ជា​កុងសង់ស៊ីស ឬ​ការ​ព្រមព្រៀង​គ្នា​នេះ គឺ​មាន​សារៈសំខាន់ ព្រោះ​អាស៊ាន​ចង់​បាន​តំបន់​មួយ ដែល​គ្មាន​ការ​ឈ្លានពាន​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​លោក កែម ឡី បញ្ជាក់​ថា ប្រទេស​អាស៊ាន​អាច​នឹង​បរាជ័យ បើ​សិន​ជា​គ្មាន​​គោលដៅ​រួម ឬ​ចំណុច​រួម​ណា​មួយ ដែល​ត្រូវ​ធ្វើ​ការ​ព្រមព្រៀង ដើម្បី​ផល​ប្រយោជន៍​ដល់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់។

លោក​មាន​ប្រសាសន៍​បន្ត​ថា ភាព​ជោគជ័យ លុះ​ត្រា​តែ​មាន​ការ​សម្រប​សម្រួល​រវាង​ប្រទេស​អាស៊ាន ដែល​មាន​ចំណូល​ខ្ពស់ និង​សមាជិក​ដែល​មាន​ចំណូល​ទាប។

លោក កែម ឡី៖ «ទាល់​តែ​ប្រទេស​នីមួយៗ ហ្នឹង ចេះ​សម្រប​សម្រួល។ ប្រសិន​បើ​គោល​បំណង​យើង​វា​វែង​ឆ្ងាយ​ពេក វា​ខ្ពស់​ពេក យើង​ត្រូវ​តែ​រក​ចំណុច​រួម សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​អភិវឌ្ឍ។ ហើយ​យើង​មាន GDP ខុស​គ្នា​ឆ្ងាយ​ណាស់»។

ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ មាន​កម្រិត​ជីវភាព​ខុស​គ្នា​យ៉ាង​ខ្លាំង ដែល​ចំណូល​របស់​មនុស្ស​ម្នាក់​របស់​ប្រទេស​សមាជិក​អាស៊ាន ដែល​អាច​រក​ចំណូល​បាន​​ក្នុង​មួយ​ឆ្នាំ មាន​ចន្លោះ​ពី ៩០០ ដុល្លារ​ ទៅ​ជាង ៥​ម៉ឺន​ដុល្លារ​អាមេរិក។

យ៉ាង​ណា​ក៏​ដោយ នៅ​លើ​សកល​លោក មាន​ប្រទេស​ជា​ច្រើន​បាន​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ដូច​សមាគម​អាស៊ាន​ប្រមាណ​ជាង ៧០ តំបន់។ អ្នក​វិភាគ​នានា បាន​លើក​ឡើង​ថា ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​មួយ​ជោគ​ជ័យ​ទៅ​បាន លុះ​ត្រា​តែ​ប្រទេស​សមាជិក ដែល​បង្កើត​តំបន់​នោះ មាន​កម្រិត​ជីវភាព​ដូច​គ្នា អនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ដូច​គ្នា តួ​យ៉ាង​ដូច​ជា​សហគមន៍​អឺរ៉ុប​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។