ករណីនេះបណ្ដាញសង្គមស៊ីវិលអាស៊ានចាត់ទុកករណីនេះថា ជាសកម្មភាពនៃការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជាឧបសគ្គនៃការបង្កើតសហគមន៍អាស៊ាន និងប្រែក្លាយអាស៊ានទៅជាសហគមន៍ដែលយកប្រជាពលរដ្ឋជាធំ។ ពួកគេគ្រោងនឹងដាក់បញ្ចូលបញ្ហានេះទៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ដើម្បីដាក់ទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន។
កិច្ចពិភាក្សាបញ្ហាធំៗចំនួន៤ ត្រូវរារាំងមិនអោយដំណើរការដែលភាគច្រើននៃកិច្ចពិភាក្សានោះមានប្រធានបទទាក់ទងនឹងបញ្ហាដីធ្លី ការជម្លៀសចេញពីលំនៅឋាន និងបញ្ហាក្នុងប្រទេសភូមា។
គណៈកម្មការរៀបចំវេទិកាប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន និងជានាយកប្រតិបត្តិវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត។ លោកមានប្រសាសន៍ថា កិច្ចពិភាក្សាទាំង៤ នោះ រួមមាន សិទ្ធិដីធ្លី ការជម្លៀសចេញដោយបង្ខំ ផលប៉ះពាល់នៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ច សិទ្ធិជនជាតិដើមភាគតិច និងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសភូមា។ លោកថា ម្ចាស់សណ្ឋាគារមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ពីការរាំរាំងនេះទេ។
លោក ឈិត សំអាត បន្តថា ការរារាំងនេះ គឺការបំបិទសិទ្ធិដែលជាបញ្ហារួមរបស់អាស៊ានដែលចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរ។
តំណាងជនជាតិដើមភាគតិចនៅ ១៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា លោក អ៊ុំ ម៉ិច។ លោកខកចិត្តនៅពេលដែលបញ្ហារបស់ជនជាតិដើមភាគតិចមិនត្រូវផ្ដល់ឱកាសអោយមានការពិភាក្សា។
តំណាងសង្គមស៊ីវិលមកពីប្រទេសភូមា អ្នកស្រី ឃីន អូម៉ារ ជាអ្នកសម្របសម្រួលអង្គការភាពជាដៃគូភូមា។ អ្នកស្រីអោយដឹងថា នេះជាបទពិសោធន៍ថ្មីសម្រាប់សង្គមស៊ីវិលអាស៊ាន ហើយករណីនេះ មិនគួរអោយកើតឡើងនោះទេ ពីព្រោះនៅមានកិច្ចប្រជុំកំពូលអាស៊ាននៅលើកក្រោយទៀត ជាពិសេសគឺនៅពេលភូមាធ្វើជាម្ចាស់ផ្ទះអាស៊ាននៅឆ្នាំក្រោយ។
តំណាងសង្គមស៊ីវិលបានអះអាងទៀតថា បញ្ហានេះនឹងត្រូវដាក់បញ្ចូលក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ដើម្បីសុំដំណោះស្រាយពីថ្នាក់ដឹកនាំអាស៊ាន។
វិទ្យុអាស៊ីសេរីបានទាក់ទងរកការបំភ្លឺពីអ្នកគ្រប់គ្រងសណ្ឋាគារឡាក់គី ស្តារ ប៉ុន្តែត្រូវអ្នកទទួលភ្ញៀវសណ្ឋាគារនេះបដិសេធផ្ដល់ប្រភព។
ចៅសង្កាត់ផ្សារដើមគរ លោក គង់ សុផាន់ បានបដិសេធការចោទប្រកាន់ ដោយសំអាងថា អាជ្ញាធរមិនបានដឹងថា មានការពិភាក្សារបស់ក្រុមសង្គមស៊ីវិលនៅក្នុងសណ្ឋាគារឡាក់គី ស្តារ នោះឡើយ។
នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន។ លោកថា ការរារាំងបែបនេះគឺរំលោភលើសេចក្ដីថ្លែងការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ។
លោក សុក សំអឿន បានអំពាវនាវអោយរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ដល់បញ្ហានេះ ដើម្បីមុខមាត់ប្រធានអាស៊ាន។
វេទិកាប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ានត្រូវដឹងថា មានពីរក្រុម។ ក្រុមដែលស្និទ្ធនឹងរដ្ឋាភិបាលចាប់ផ្តើមការប្រជុំកាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា នៅសាលសន្និសីទចតុមុខ និងមួយក្រុមទៀតដែលមានជំហរកណ្ដាលបានចាប់ផ្ដើមកាលពីថ្ងៃទី២៩ ខែមីនា និងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ នៅសណ្ឋាគារ ឡាក់គី ស្តារ ជិតផ្សារដើមគរ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមគម្រោងតំណាងអង្គការសង្គមស៊ីវិល និងប្រជាជនអាស៊ាន អាចនឹងជួបជាមួយនឹងមេដឹកនាំអាស៊ាន នារសៀលថ្ងៃទី៣ មេសា ឆ្នាំ២០១២ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។