រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងអគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតសុវណ្ណ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ បានឯកភាពគ្នាបង្កើតក្រុមការងារមួយ ដើម្បីជួយសម្រួលឲ្យកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១២ ខាងមុខនេះ ឲ្យបានជោគជ័យ។
ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានអាស៊ាន និងក្រសួងការបរទេសកម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំសំខាន់ៗនៅកម្ពុជា មានដូចជា កិច្ចប្រជុំកំពូលអាស៊ាន នៅខែមេសា ឆ្នាំ២០១២។ កិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០១២ រវាងអាស៊ាន និងប្រទេសដៃគូចំនួន ១៨ និងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន នៅខែកក្កដា ឆ្នាំ២០១២ ព្រមទាំងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខសេដ្ឋកិច្ច និងវប្បធម៌ជាដើមរបស់អាស៊ាន។
កន្លងមកមេដឹកនាំនៃរដ្ឋសមាជិកអាស៊ានចំនួន ១០ បានសន្យាថា គេនឹងបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ដូចជាសហគមន៍អឺរ៉ុបដែរ។ រដ្ឋសមាជិកចំនួន ១០នោះមានដូចជា កម្ពុជា (Cambodia) ថៃ (Thailand) ឡាវ (Lao) វៀតណាម (Vietnam) មីម៉ានម៉ា ឬភូមា (Myanmar/Burma) ហ្វីលីពីន (Philippines) ឥណ្ឌូនេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) សិង្ហបុរី (Singapore) និងប្រទេសប្រ៊ុយណេ (Brunei)។
ឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯក្រសួងការបរទេសថា កម្ពុជាធានាថា នឹងដឹកនាំអាស៊ាននៅឆ្នាំ២០១២ ឲ្យបានជោគជ័យ៖ «ធ្វើឲ្យសមាហរណកម្មអាស៊ានឲ្យបាន ដើម្បីកសាងសហគមន៍អាស៊ាន នៅឆ្នាំ២០១៥។ ធ្វើយ៉ាងណាការតភ្ជាប់អាស៊ានលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងខាងស្ថាប័ន ទាំងប្រជាជន ផ្លាស់ប្ដូរគ្នាឲ្យបានជោគជ័យ»។
លោក ស៊ូរិន ពិតសុវណ្ណ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា យើងមកពិភាក្សាថា តើអគ្គលេខាធិការដ្ឋានអាស៊ាន អាចគាំទ្រ និងសហការជាមួយប្រធានថ្មីរបស់អាស៊ានយ៉ាងណានៅឆ្នាំ២០១២ ដើម្បីទទួលបាននូវការជោគជ័យ។
លោក ស៊ូរិន ពិតសុវណ្ណ៖ «យើងនៅសល់តែរយៈពេល ៣ឆ្នាំទៀត ត្រូវបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ហើយសហគមន៍ភាគច្រើននៅលើពិភពលោក កំពុងតែសម្លឹងមើលមកយើង នៅគ្រាដែលកម្ពុជា ជាប្រធានថ្មីរបស់អាស៊ាន។ តើយើងនឹងដំណើរការការងារយើងដោយរបៀបណា នៅគ្រាដែលយើងឈានឆ្ពោះទៅបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥»។
លោកបន្តថា រដ្ឋសមាជិកទាំងអស់របស់អាស៊ាន និងប្រទេសដៃគូទាំងអស់របស់អាស៊ាន មានជំនឿថា កម្ពុជានឹងដឹកនាំអាស៊ានប្រកបដោយជោគជ័យ ហើយពួកគេទាំងនោះបានសន្យាតាមរយៈលោកថា ពួកគេនឹងសហការ និងគាំទ្រយ៉ាងពេញលេញជាមួយកម្ពុជា ជាប្រធានអាស៊ាន នៅឆ្នាំ២០១២ ពីព្រោះគេដឹងថា អាស៊ានជាអង្គការមួយទទួលបាននូវការជោគជ័យកន្លងមកនៅលើពិភពលោក។
ប្រទេសកម្ពុជា ធ្លាប់ធ្វើជាប្រធានអាស៊ាន ម្ដងហើយ នៅឆ្នាំ២០០២ កន្លងទៅ៕