មន្រ្តីជាន់ខ្ពស់នៃនគរបាលក្រុងភ្នំពេញបានអះអាងឲ្យដឹងថា សមត្ថកិច្ចនគរបាលក្រុងភ្នំពេញកំពុងតែបង្កើនការតាមដានមើលយ៉ាងដិតដល់នៅក្លឹបកម្សាន្តនានានៅក្នុងទីក្រុងភ្នំពេញដើម្បីទប់ស្កាត់នូវអំពើអនាចារដោយបានព្រមានទុកជាមុនថា សមត្ថកិច្ចនឹងបិទក្លឹបកម្សាន្តណានៅពេលដែលសមត្ថកិច្ចរកឃើញថាមានសកម្មភាពរាំស្រាតឬរាំសិចនិងមានអំពើអនាចារនៅទីនោះ។
វិធានការបង្កើនការតាមដានមើលខាងលើនេះនៅគ្រាដែលកម្ពុជា ជាពិសេសនៅក្នុងទីក្រុងភ្នំពេញមានយុវវ័យប្រុសស្រីជាច្រើនកំពុងតែចាប់ផ្តើមសប្បាយអបអរសាទរនូវបុណ្យចូលឆ្នាំសាកល ឆ្នាំ២០០៩ កំពុងតែឈានមកដល់នៅពេលបច្ចុប្បន្ននេះនៅតាមក្លឹបកម្សាន្តនានានៅក្នុងទីក្រុងភ្នំពេញដែលប្រភពបានអះអាងថា មានការរាំស្រាតឬរាំសិចនៅទីនោះ។
លោក ទូច ណារ៉ុថ ស្នងការនគរបាលក្រុងភ្នំពេញ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានបញ្ជាឲ្យមានការពង្រាយកងកម្លាំងបង្កប់នៅតាមក្លឹបកម្សាន្តនានានៅក្នុងទីក្រុងភ្នំពេញដើម្បីឃ្លាំមើលនិងទប់ស្កាត់អំពើអនាចារនៅក្នុងអំឡុងពេលនៃបុណ្យចូលឆ្នាំសាកលនោះ។
លោកបានព្រមានទុកជាមុនថា សមត្ថកិច្ចរបស់លោកនឹងបញ្ជាឲ្យបិទក្លឹបកម្សាន្តនោះនៅពេលណាសមត្ថកិច្ចរកឃើញថាមានអំពើអនាចារពិតមែននៅទីនោះ ហើយសមត្ថកិច្ចរបស់លោកនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះម្ចាស់ក្លឹបកម្សាន្តដែលមានការពាក់ព័ន្ធនឹងអំពើអនាចារ។
លោកមិនបានប្រាប់ឲ្យដឹងថា តើមានក្លឹបកម្សាន្តចំនួនប៉ុន្មានទេនៅក្នុងទីក្រុងភ្នំពេញដែលមានការសង្ស័យពាក់ព័ន្ធនឹងអំពើអនាចារនោះ។
យុវជនខែ្មរម្នាក់ជាសាក្សីឃើញផ្ទាល់ភែ្នកនូវសកម្មភាពនៃអំពើអនាចាររាំស្រាតឬរាំសិចនៅក្នុងក្លឹបមួយនៅក្នុងទីក្រុងភ្នំពេញ កាលពីយប់ថៃ្ងពុធកន្លងទៅថ្មីៗនេះ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ៖ «យប់ថ្ងៃ២៤ ខ្ញុំបានទៅលេងនៅក្លឹប Orange គឺនៅក្បែរព្រះបរមរាជវាំង។ ក្នុងក្លឹបហ្នឹងគឺមានលក្ខណៈជាការលក់សំបុត្រ ក្នុងសំបុត្រមួយតម្លៃ៥ដុល្លារ ហើយអាចដូរបានជាស្រាបៀរ Anchor មួយកំប៉ុង។ កាលពីដំបូងឡើយពេលដែលខ្ញុំចូលទៅដល់គឺលក្ខណៈមួយធម្មតា សម្រាប់យើងគ្រប់គ្នាគឺយើងអង្គុយញ៉ាំបៀរ ហើយយើងរាំយើងច្រៀងធម្មតាទេ។ ប៉ុន្តែនៅវេលាម៉ោងប្រហែលជាម៉ោង១ បង្ហាញ Show ការរាំ គេហៅថារាំសិច មានបុរសនិងស្ត្រី បន្ទាប់មកទៀតគឺមានក្មេងស្រីមួយរូបទៀត ដោះខោអាវនៅសល់តែអាវក្នុង»។
មិនអាចទាក់ទងម្ចាស់ក្លឹបកម្សាន្តឈ្មោះ Orange បានភ្លាមៗទេ ចំពោះការចោទប្រកាន់ពីសាក្សីខាងលើនេះ។
លោក ស៊ុន ឆៃ តំណាងរាស្រ្តគណបក្សប្រឆាំងសមរង្ស៊ីនៅមណ្ឌលក្រុងភ្នំពេញ បានមានប្រសាសន៍ថា នៅក្នុងទីក្រុងភ្នំពេញមានក្លឹបកម្សាន្តបែបនេះមិនតិចជាង១០ទេដែលជាទីកន្លែងប្រើប្រាស់គ្រឿងញៀននឹងអំពើអនាចារ។
សូមរំឭកថា អាជ្ញាធរក្រុងភ្នំពេញកាលពីប៉ុន្មានខែកន្លងទៅនៅក្នុងឆ្នាំ២០០៨បានចាត់វិធានការបង្ក្រាបនិងបិទក្លឹបកម្សាន្តមួយនៅក្នុងទីក្រុងភ្នំពេញ ឈ្មោះ មីកាដូ ក្រោយពីអាជ្ញាធរបានរកឃើញថា មានអំពើអនាចាររាំស្រាតឬរាំសិច ហើយបានបង្ហោះវ៉ឹបសាយថ៍របស់ខ្លួនតាមប្រព័ន្ធ Internet ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកលេងកម្សាន្តនៅក្លឹបនោះ ហើយសមត្ថកិច្ចនគរបាលបានចាប់ខ្លួនមេការក្លឹបនោះបញ្ជូនទៅតុលាការក្រុងភ្នំពេញដើម្បីផ្តន្ទាទោសអំពីបទបើកឲ្យមានអំពើអនាចារនិងសញ្ចារកម្មជួញដូរផ្លូវភេទ៕