អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​គ្រោង​បណ្ដេញ​ពលរដ្ឋ​ជាង​១០០​គ្រួសារ

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ បាន​រៀប​ផែនការ​បណ្ដេញ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ នៃ​ឃុំ​កូនក្រៀល ស្រុក​សំរោង ឲ្យ​ចាក​ចេញ​ពី​លំនៅ​ដើម្បី​យក​ដី​ជា​ច្រើន​ហិកតា​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន នៅ​អំឡុង​ពាក់កណ្ដាល​ខែ ឧសភា ខាង​មុខ​នេះ ។

0:00 / 0:00

ប្រជាពលរដ្ឋ​ដែល​នៅ​រស់​នៅ​ភូមិ​បូស្ស ក្នុង​ចំណោម​ភូមិ​៣​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ការបណ្ដេញ​ចេញ​បាន​និយាយ​កាល​ពី​រសៀល ថ្ងៃ​អង្គារ ទី​១៣ ខែ​ឧសភា ថា អភិបាលរង​ខេត្ត​ឧត្ដរមានជ័យ លោក សាន វណ្ណា បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ ទុក​រយៈពេល ១០​ថ្ងៃ ឲ្យ​អ្នក​ភូមិ​ទាំង​នោះ​ចាក​ចេញ ក៏ប៉ុន្តែ​ពួកគេ​បាន​បដិសេធ ដោយ​ថា ពួកគេ​មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​លើ​ដី​ទាំង​នោះ​ស្រប​ច្បាប់ ៖ «ខ្ញុំ​មាន​ប្លង់​កាន់​កាប់ ៥​ឆ្នាំ​មក​ហើយ ឥឡូវ​គេ​ដាក់​សេចក្ដី​ជូន​ដំណឹង​ដេញ​ប្រជាពលរដ្ឋ​ចាក​ចេញ​ពី​លំនៅ ខ្ញុំ​អត់​សុខ​ចិត្ត​ទេ មិន​ព្រម​ចាកចេញ​ទេ»

ទោះ​យ៉ាងណា​មិន​អាច​ស្វែង​រក​ការជួប​បំភ្លឺ​ពី​អភិបាល​រង ខេត្ត​ឧត្ដរមានជ័យ លោក សាន វណ្ណា បាន​ទេ ប៉ុន្តែ​អភិបាល​ខេត្ត​ឧត្ដរមានជ័យ លោក ប៉ិច សុឃិន បាន​បដិសេធ​ចោល​ចំពោះ​ការប្រើ​ពាក្យ​ថា អាជ្ញាធរ​បាន​បណ្ដេញ​អ្នកភូមិ​ទាំង​នោះ ។

លោក ប៉ិច សុឃិន បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ និង​មាន​ដំណាំ​លើ​ដី​ជា​យូរ​មក​ហើយ​នោះ​ទេ ប៉ុន្តែ​នឹង​បណ្ដេញ​ប្រជាពលរដ្ឋ​ជាង ៦០​គ្រួសារ ដែល​បាន​មក​ចាប់​យក​ដីព្រៃ​និង​ដី​សម្បទាន​របស់​ក្រុមហ៊ុន ៖ «អត់​មាន​ដេញ​ទេ ប្រជាជន​គេ​រស់​នៅ​មាន​ដើម​ស្វាយ​ដើម​ដូង អ្នក​ណា​ទៅ​ដេញ​ទៀត​នោះ បើ​ដេញ ដេញ​អ្នក​ទៅ​កាប់​ព្រៃ​យក​ដី​របស់​រដ្ឋ ជួនកាល​ប៉ះដី​ក្រុមហ៊ុន​អ៊ីចឹង»

មន្រ្តី​ដដែល​បញ្ជាក់​ថា ទោះ​យ៉ាងណា​ការបណ្ដេញ​នោះ មាន​គោលនយោបាយ​ទូទាត់​សំណង ដោយ​មាន​ដី​ផ្សេង​ឲ្យ​ទៅ​រស់​នៅ ។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​អភិបាលរង​ខេត្ត​ឧត្ដរមានជ័យ លោក សាន វណ្ណា ចុះ​ថ្ងៃ​ទី ៦ ខែ​ឧសភា ដែល​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ទទួល​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បូស្ស ភូមិ​តាំមាណ ភូមិ​គោកផ្លុក និង​ភូមិ​បាក់នឹម ត្រូវ​រុះរើ​លំនៅ​របស់​ខ្លួន​ចាក​ចេញ​ក្នុង​រយៈពេល ១០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ៧ រហូត​ដល់​ថ្ងៃ​ទី ១៧ ខែ​ឧសភា ដោយ​ចាត់​ទុក​ប្រជាពលរដ្ឋ​ទាំង​នោះ​ថា បាន​សង់​លំនៅ​នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់ ។

អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្ដរមានជ័យ លោក ស្រី ណារ៉េន បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការចាត់​វិធានការ​បណ្ដេញ​នោះ ដោយ​លោក​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្លះ​មាន​ប័ណ្ណ​កាន់កាប់​ដី​តាំង​តែ​ពី​ឆ្នាំ​២០០០ មក​ម៉្លេះ។

លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «រដ្ឋាភិបាល​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វា​ប៉ះពាល់ ហើយ​បើសិនណា​​ក្រុមហ៊ុន​មិន​ដោះស្រាយ​ទេ ធ្វើ​ឲ្យ​គាត់​បាត់​បង់​ស្រែ​ចម្ការ​របស់​គាត់ ហើយ​ក៏​បាត់​បង់​ជីវភាព​របស់​គាត់ កាន់​តែ​ធ្លាក់​ចុះ​ទៅ ។ សុំ​ឲ្យ​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ដោះស្រាយ​បាន​ទាន់​ពេល​វេលា ព្រោះ​រដូវ​គាត់​ធ្វើ​ស្រែ​ចម្ការ​មក​ដល់​ហើយ»

សូម​រំឭក​ថា ចាប់​តាំង​តែ​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​នេះ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ នៅ​ឃុំ​កូនក្រៀល បាន​លើក​គ្នា​តវ៉ា​ប្រឆាំង​ជាមួយ​អាជ្ញាធរ​ជា​ច្រើន​លើក​មក​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន Angkor Sugar បាន​ចាប់​ឈូសឆាយ​ចូល​ដី​ស្រែ​កសិករ​ដើម្បី​ពង្រីក​យក​ផ្ទៃ​ដី​ដាំ​អំពៅ និង​សង់​រោងចក្រ​ស្ករ​មក ៕