ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះអគ្គិភ័យ និងសេចក្តីណែនាំពីការថែរក្សាសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម កាលពីខែមករា កន្លងទៅ។
មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី៩ កុម្ភៈ ក្រើនរំលឹកឲ្យប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិន និងមានរៀបចំពិធីសែនព្រេនទាំងអស់ ត្រូវប្រុងប្រយ័ត្នគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ។ គ្រោះអគ្គិភ័យនៅដើមឆ្នាំ២០១៣ នេះ មានចំនួនកើនឡើងបើធៀបនឹងឆ្នាំចាស់។
មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីណែនាំចំនួន២ កាលពីខែមករា កន្លងទៅ។ សេចក្តីណែនាំទី១ និយាយស្ដីពីការរៀបចំសន្តិសុខ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម និងសេចក្តីណែនាំទី២ និយាយពីការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ។
លោកបន្តថា សេចក្តីណែនាំទាំងពីរបានផ្ដោតសំខាន់ទៅលើគ្រោះអគ្គិភ័យ ដោយហាមតាំងពីការដាក់លក់គ្រឿងផ្ទុះ ឬគ្រឿងដែលងាយបង្កអគ្គិភ័យ ដូចជា ផាវ កាំជ្រួច ការដុតក្រដាសសែន ភ្លើងទៀន ធូប ជាដើម។
លោក ឡុង ឌីម៉ង បញ្ជាក់ថា ប្រជាពលរដ្ឋណាដែលមិនស្តាប់សេចក្តីណែនាំ ឬបង្កអគ្គិភ័យនឹងត្រូវផ្ដន្ទាទោសតាមច្បាប់៖ «ធម្មតាយើងធ្វើបម្រាម បើគាត់ល្មើសបម្រាម យើងមានវិធានការការអុជផាវ កាំជ្រួច ធូប ទៀន អីហ្នឹង ឲ្យមានការប្រុងប្រយ័ត្ន បើសិនមិនប្រុងប្រយ័ត្នឲ្យឆាបឆេះអគ្គិភ័យហ្នឹង គាត់ជាអ្នកទទួលខុសត្រូវអ្វីដែលគាត់បានធ្វើហ្នឹង យើងនឹងពិនិត្យមើលតទៅទៀត»។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ស្ដីពីការរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម គេកត់សម្គាល់ចំណុចសំខាន់ៗចំនួន ៧ចំណុច រាប់ទាំងការនាំចូលផាវ កាំជ្រួច ឬតាំងលក់ ការអុជផាវ ដុតកាំជ្រួច និងការចាត់ចែងកម្លាំងគ្រប់អង្គភាព ថែរក្សាសន្តិសុខជាដើម។
ទោះយ៉ាងណាក្តី ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក នេត វន្ថា មានប្រសាសន៍ថា រាល់ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម នៅភ្នំពេញតែងកើតមានអគ្គិភ័យឆាបឆេះមិនដែលលោះឆ្នាំឡើយ។ លោកបន្តថា តាមរយៈបទពិសោធន៍នេះ កម្លាំងនគរបាលពន្លត់អគ្គិភ័យដាក់វេនគ្នាប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីត្រៀមជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ។
លោកបន្តថា អាជ្ញាធរក៏នឹងប្ដឹងអ្នកបង្កអគ្គិភ័យទៅតុលាការដែរ បើសិនរកឃើញថា អ្នកទាំងនោះមានចេតនាបង្កអគ្គិភ័យ ឬធ្វេសប្រហែសនោះ៖ «ពង្រឹងកម្លាំងអគ្គិភ័យ ១០០% បម្រុងរួចជាស្រេចហើយក្នុងអំឡុងបុណ្យនេះ។ យើងមានថ្មីៗនេះ សង្កាត់បឹងកេងកង៣ និងទំនប់ទឹក សំណុំរឿងនៅក្នុងដៃតុលាការ ។ តុលាការផ្តល់សិទ្ធិឲ្យយើងស៊ើបអង្កេតដោយឯករាជមួយផ្តល់សក្ខីកម្មដល់តុលាការ មានបឹងកេងកង ១ករណី និងទំនប់ទឹក ១ករណី»។
លោក នេត វន្ថា បញ្ជាក់ថា ប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះគ្រោះអគ្គិភ័យ ចៀសវាងខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងអាចមានទោសទៀតផង។
ទាក់ទងនឹងគ្រោះអគ្គិភ័យនេះ ក្រសួងមហាផ្ទៃចេញសេចក្តីណែនាំមួយ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ដែលកាសែតក្នុងស្រុកយកទៅផ្សាយជាសាធារណៈនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយការណែនាំចាត់តាំងអនុវត្តនូវវិធានការមួយចំនួន ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ។ ហើយក្រសួងក៏បានបញ្ជាឲ្យអាជ្ញាធរគ្រប់ជំនាញ គ្រប់ខេត្តក្រុងទាំងអស់ អប់រំផ្សព្វផ្សាយ និងចាត់វិធានការឲ្យមានប្រសិទ្ធភាពបំផុតក្នុងការបង្ការ បង្ក្រាប និងពន្លត់អគ្គិភ័យទូទាំងប្រទេសកម្ពុជា។ បើតាមសមត្ថកិច្ច ឲ្យដឹងថា គ្រោះអគ្គិភ័យនៅដើមឆ្នាំ២០១៣ នេះ កើតមានចំនួន ១១ករណី សម្លាប់មនុស្ស ៣នាក់ និងរបួស ៣នាក់ ខូចខាតផ្ទះរាប់សិបខ្នង ព្រមទាំងខាតទ្រព្យសម្បត្តិ បើគិតជាទឹកប្រាក់អស់រាប់សែនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។