អាជ្ញាធរខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានចេញបញ្ជាហាមឃាត់ លែងឲ្យភ្ញៀវបរទេសជួលម៉ូតូបើកនៅតំបន់ឆ្នេរដោយខ្លួនឯងទៀតហើយ ក្រោយពីក្រុមម៉ូតូឌុប និងអ្នករត់រ៉ឺម៉កជាច្រើននាក់ បាននាំគ្នាដង្ហែញត្តិប្រឆាំងនិងបញ្ហានេះ។
អភិបាលរងខេត្តព្រះសីហនុ លោក ទេព ផន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃពុធ ទី១៥ ធ្នូ ថាថ្វីបើគ្មានច្បាប់ណាបានហាមឃាត់ជនបរទេស ដែលមានលិខិតបើកបរត្រឹមត្រូវទៅហើយនោះក៏ដោយ។ ប៉ុន្តែយោងតាមតម្រូវការនៃស្ថានភាពនៅតំបន់នោះ គេបានអនុម័តដូច្នេះ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ៖ "កន្លងមក នេះដោយសារយើងឃើញបងប្អូនទេសចរណ៍ហ្នឹងខ្លះក៏ចេះជិះ ខ្លះក៏អត់ចេះជិះ ហើយក៏បង្កឲ្យមានបញ្ហាអានាធិបតេយ្យ និងគ្រោះថ្នាក់"។
កាលពីថ្ងៃទី១០ ធ្នូ កន្លងមកនេះ អ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កម៉ូតូ ប្រហែល ១ពាន់នាក់ នៅខេត្តព្រះសីហនុបាននាំគ្នាដង្ហែញត្តិមួយទៅសាលាខេត្ត ដើម្បីទាមទារឲ្យក្រុមហ៊ុនរថយន្តឈ្នួលទាំងអស់ ឈប់ចូលដឹកភ្ញៀវទេសចរណ៍នៅតាមផ្ទះសំណាក់ និងសណ្ឋាគារនានា ហើយទាមទារឈប់ឲ្យមានការជួលម៉ូតូទៅដល់ភ្ញៀវទេសចរណ៍ទាំងអស់ ឲ្យធ្វើការបើកបរដោយខ្លួនឯង។
ការទាមទារដូច្នេះ ធ្វើឡើងក្រោយពីអ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កទាំងអស់ បានប្រឈមមុខនិងការបាត់បង់ប្រាក់ចំណូលពីការរត់រ៉ឺម៉ក និងម៉ូតូទាំងដោយសារតែការបើកឲ្យមានការដឹកភ្ញៀវដោយសេរីនោះ។
តំណាងសមាគមសេដ្ឋកិច្ចនៅក្រៅប្រព័ន្ធ លោក សុជាតិ មានប្រសាសន៍ថា អ្នករត់ម៉ូតូ និងអ្នករត់រ៉ឺម៉ក មានជីវភាពធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការដណ្ដើមយកមុខរបរតូចតាចនេះ ៖ "អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អត់មានអីដឹកអត់មានមុខរបរ ស្ទើរតែគ្មានបាយហូបតាំងពីព្រឹករហូតមក ដល់ថ្ងៃត្រង់ រហូតដល់ពេលយប់យកអស់ទៀត។ កាលពីមុន យើងអាច យើងធ្លាប់តវ៉ាម្ដងរួចទៅហើយ គាត់បានសំណើសុំឲ្យម៉ូតូក៏បិទ ក្រុមហ៊ុនក៏បិទ"។
អ្នករត់ម៉ូតូឌុបម្នាក់ទៀត បានបន្ថែមថា ជីវភាពរបស់អ្នករត់ម៉ូតូឌុបម្នាក់ៗ កំពុងតែប្រឈមមុខធ្ងន់ធ្ងរនាប៉ុន្មានឆ្នាំចុងក្រោយនេះ ៖ "ឥឡូវនេះ រកបានមួយថ្ងៃ ១០ដុល្លារ ហើយជួនកាលធ្លាក់ចុះ នៅសល់ ៧ដុល្លារ អ៊ីចឹងហើយបានជាខ្ញុំសុំឲ្យចៅហ្វាយក្រុងបិទម៉ូតូជួល"។
មានក្រុមហ៊ុនរថយន្តដឹកភ្ញៀវចំនួន ៦ក្រុមហ៊ុន ត្រូវគេសង្កេតឃើញថា បានធ្វើការដឹកភ្ញៀវទេសចរណ៍នៅតាមផ្ទះសំណាក់ និងសណ្ឋាគារនៅក្រុងព្រះសីហនុ ដើម្បីសម្រួលសេវាកម្មដល់ភ្ញៀវទេសចរណ៍ ហើយនិងមានកន្លែងជួលម៉ូតូរាប់រយកន្លែង សម្រាប់ជួលដល់ភ្ញៀវដែលចង់បើកម៉ូតូដោយខ្លួនឯង ក្នុងអំឡុងពេលកម្សាន្តនៅក្នុងតំបន់ឆ្នេរ។
ការទាមទារមួយចំនួនរបស់ក្រុមអ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កត្រូវបានអាជ្ញាធរខេត្តច្រានចោល ដោយអះអាងថា គេមិនអាចរារាំងដល់ការប្រកួតប្រជែងក្នុងការរកស៊ីដោយសេរីរបស់ពលរដ្ឋឡើយ៕