គណៈ​មេធាវី​ប្រតិកម្ម​​ទៅ​នឹង​ការ​រិះគន់​របស់​អង្គការ​សិទ្ធិ​មនុស្ស

គណៈ​មេធាវី​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ សំដែង​ការ​សោកស្ដាយ​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​បាន​លើក​ឡើង​ថា សេចក្ដី​ណែនាំ​គណៈ​មេធាវី​ឲ្យ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ សុំ​ការ​អនុញ្ញាត​ពី​គណៈ​មេធាវី​ជា​មុន មុន​នឹង​ធ្វើ​ចូល​រួម​កម្មវិធី​បក​ស្រាយ​ច្បាប់​នោះ ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញ​មតិ​របស់​មេធាវី។

0:00 / 0:00

សេចក្ដី​ថ្លែងការណ៍​របស់​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ បាន​អះអាង​ថា អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch មិន​យល់​ពី​ខ្លឹមសារ​ណែនាំ​របស់​គណៈ​មេធាវី។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា គណៈ​មេធាវី​ជា​ស្ថាប័ន​ឯករាជ្យ ដែល​មាន​តួនាទី​ធានា និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ គណៈ​មេធាវី​មិន​ស្ថិត​នៅ​ក្រោម​និន្នាការ​នយោបាយ ឬ​ឥទ្ធិពល​អង្គការ​សាសនា ឬ​អង្គការ​ណា​មួយ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មេធាវី​ជា​សមាជិក​គណៈ​មេធាវី​មួយ​ចំនួន បាន​សំដែង​ការ​សោកស្ដាយ​នឹង​សេចក្ដី​ណែនាំ​របស់​គណៈ​មេធាវី។ មេធាវី​ទាំង​នោះ​ចាត់​ទុក​ថា សេចក្ដី​សម្រេច​គណៈ​មេធាវី​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញ​មតិ​របស់​មេធាវី។

កាល​ពី​ថ្ងៃ​អង្គារ ទី​១២ កុម្ភៈ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែដ អាដាម (Brad Adams) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន គឺ​ជា​ការ​ព្យាយាម​បំបិទ​មាត់​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល៖ «ខ្ញុំ​គិត​ថា សេចក្ដី​ណែនាំ​នេះ​មាន​គោលបំណង​មួយ​ទៀត ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់។ អ្នក​ដឹង​ទេ នៅ​កម្ពុជា​មាន​អង្គការ​សិទ្ធិ​មនុស្ស​ច្រើន​ណាស់។ អង្គការ​ទាំង​នោះ​មាន​បុគ្គលិក​ជា​មេធាវី ឬ​អ្នក​ច្បាប់ ហើយ​មេធាវី​ទាំង​នោះ​តែង​ឡើង​បញ្ចេញ​មតិ​យោបល់​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា តាម​កញ្ចក់​ទូរទស្សន៍ ឬ​វិទ្យុ។ ការ​តម្រូវ​ឲ្យ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទៅ​សុំ​ការ​អនុញ្ញាត​ពី​គណៈ​មេធាវី ដើម្បី​ឲ្យ​បាន​មេធាវី​មក​ពន្យល់ ឬ​អប់រំ​អំពី​ច្បាប់​នេះ គឺ​ជា​ការ​ប៉ុនប៉ង​មិន​ឲ្យ​មេធាវី​ដែល​មាន​ថ្វី​មាត់​មួយ​ចំនួន ហ៊ាន​និយាយ​ស្តី​ត​ទៅ​ទៀត។ កិច្ចការ​របស់​អង្គការ​សិទ្ធិ​មនុស្ស គឺ​និយាយ​លាត​ត្រដាង​អំពី​ការ​ពិត ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ពួក​គេ​បាន​អង្កេត​រក​ឃើញ និង​ពន្យល់​អំពី​ថា តើ​ច្បាប់​ណា​មួយ​វា​មាន​លក្ខណៈ​យ៉ាង​ម៉េច ហើយ​ថា​តើ​រដ្ឋាភិបាល​មាន​បាន​បំពាន​ច្បាប់​ដែរ​ឬទេ?»

សូម​ស្ដាប់​បទសម្ភាសន៍​ពិស្ដារ​របស់​លោក ជី វីតា ជាមួយ​លោក ប្រែដ អាដាម អំពី​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។