ក្រសួង​សុខាភិបាល​ព្រមាន​ពី​ការ​គំរាមកំហែង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី

ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​​​​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​២៩ មករា ដោយ​ព្រមាន​ថា ជំងឺ​ផ្ដាសាយ​បក្សី​នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឡើយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​ថា មាន​កុមារី​​ពីរ​នាក់​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​​កំពត បាន​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី ត្រឹម​អំឡុង​​ខែ​មករា ដើម​​ឆ្នាំ​២០១៣ នេះ។

មន្ត្រី​នៃ​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​​គេ​កំពុង​​ជំរុញ​​ការ​អប់រំ​នៅ​តាម​មណ្ឌល​សុខភាព និង​នៅ​តាម​សហគមន៍​មូលដ្ឋាន​ឲ្យ​ដឹង​ពី​រោគ​សញ្ញា និង​ពី​វិធី​ការពារ​នៃ​ជំងឺ​ផ្ដាសាយ​បក្សី ប្រភេទ H5N1 ដែល​ជំងឺ​នេះ​កំពុង​រីក​រាលដាល។

លោក លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ មករា ថា ក្រោយ​ពី​រក​ឃើញ​មាន​អ្នក​ស្លាប់ និង​ឆ្លង​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N1 នេះ បាន​កើន​ឡើង​ប្រមាណ ៥​ករណី ក្នុង​ខេត្ត​ក្រុង​ចំនួន ៤ ដូចជា​ខេត្ត​កំពង់ស្ពឺ កំពត តាកែវ និង​រាជធានី​ភ្នំពេញ។

លោក​បន្ត​ថា នៅ​ពេល​នេះ ក្រសួង​បាន​ចេញ​គោលការណ៍​ឲ្យ​មន្ត្រី​ជំនាញ​នៅ​តាម​មន្ទីរ​សុខាភិបាល មណ្ឌល​សុខភាព ត្រូវ​ពង្រឹង​ការ​តាមដាន​ឲ្យ​បាន​ដិត​ដល់ និង​ពិនិត្យ​រោគសញ្ញា​ណា​ដែល​មាន​ការ​សង្ស័យ​ត្រូវ​បញ្ជូន​មក​មណ្ឌល​សុខភាព ដើម្បី​សង្គ្រោះ​បន្ទាន់។

លោក លី សូវ៉ាន់៖ «ហើយ​ចំពោះ​មូលដ្ឋាន​វិញ គឺ​យើង​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​កុំ​ឲ្យ​យក មាន់ ទា ឈឺ​ងាប់​ហ្នឹង​យក​មក​រៀបចំ​ជា​អាហារ និង​ទី​ពីរ គឺ​ឲ្យ​មន្ត្រី​របស់​យើង​ហ្នឹង​រុករក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ ឬ​មួយ​ក៏​​រស់នៅ​ក្នុង​ភូមិ​ហ្នឹង ដើម្បី​យក​វត្ថុធាតុ​យក​មក​ពិនិត្យ​មើល។ បើ​សិន​ជា​គាត់​មាន​វិជ្ជមាន យើង​ត្រូវ​ព្យាបាល​គាត់​ជា​បន្ទាន់​បាទ!»

លោក លី សូវ៉ាន់ ឲ្យ​ដឹង​ថា ការ​បន្ត​វាយលុក​នៃ​ជំងឺ​ផ្ដាសាយ​បក្សី ប្រភេទ H5N1 នេះ បាន​បង្កើន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ផ្នែក​នេះ។ បើ​តាម​លោក លី សូវ៉ាន់ ចំនួន​អ្នក​ស្លាប់ ២​នាក់​បន្ថែម​ទៀត ដោយ​ជំងឺ​នេះ​ក្នុង​​ខេត្ត​កំពត និង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៨ មករា បាន​បណ្ដាល​ឲ្យ​អ្នក​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី H5N1នេះ កើន​ឡើង​រហូត​ដល់ ៤​នាក់ ខណៈ​ទារក​អាយុ ៨​ខែ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។

អនុ​ប្រធាន​នាយកដ្ឋាន​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​លោក លី សូវ៉ាន់ មាន​ប្រសាសន៍​ថា រោគ​សញ្ញា​នៃ​ការ​ឆ្លង​ប្រភេទ​ជំងឺ​ផ្ដាសាយ​បក្សី​នេះ ត្រូវ​គេ​រក​ឃើញ​ថា កើត​ឡើង​ទៅ​លើ​កុមារ​ដែល​ប៉ះពាល់ មាន់ ឬ ទា កំពុង​មាន​ជំងឺ ឬ ស្លាប់។

លោក​បន្ត​ថា អាការរោគ​ដែល​សង្ស័យ​ថា ជា​ប្រភេទ​ជំងឺ​ផ្ដាសាយ​បក្សី​នេះ គឺ​អ្នក​ជំងឺ​មាន​អាការៈ ក្អក ឈឺ​ក ហត់ គ្រុនក្ដៅ​ឡើង​លើស ៣៨​អង្សា និង​ធ្លាប់​មាន​ប្រវត្តិ​ប៉ះពាល់​បក្សី​ក្នុង​អំឡុង​ពេល ៧​ថ្ងៃ​មុន នឹង​ត្រូវ​មាន​រោគ​សង្ស័យ​នេះ​កើត​ឡើង។

លោក​បន្ត​ថា៖ «ដូច​ខ្ញុំ​និយាយ​អម្បាញ់មិញ ប្រភព​ចម្លង​គឺ​ចេញ​មក​ពី​សត្វ​បក្សី។ ដូច្នេះ​មាន​តែ​វិធី​ទី​មួយ គឺ មាន់ ទា ឈឺ ដែល​ខុស​ធម្មតា សូម​ឲ្យ​គាត់​រាយការណ៍​ជា​បន្ទាន់​ដល់​អ្នក​ស្ម័គ្រ​ភូមិ ឬ​មួយ​អាជ្ញាធរ​ដែន​ដី​ដើម្បី​យើង​ចាត់​វិធានការ​កម្ទេច​ចោល ដើម្បី​កុំ​ឲ្យ​រីក​រាលដាល​ដល់​បក្សី​ដទៃ​ទៀត»

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (World Health Organization) ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២៩ មករា ឲ្យ​ដឹង​ថា ការ​ស្លាប់​កុមារី​អាយុ ៩​ឆ្នាំ នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២៨ មករា គឺ​ជា​ករណី​ទី​២៦ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី និង​ជា​មនុស្ស​ទី​៥ ក្នុង​ឆ្នាំ​២០១៣ នេះ ហើយ​ក៏​ជា​ករណី​ទី​២៣ ដែល​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ១៧​ករណី ក្នុង​ចំណោម​ករណី​ផ្ដាសាយ​បក្សី​ទាំង ២៦ ដែល​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា គឺ​កើត​លើ​កុមារ​អាយុ​ក្រោម ១៤​ឆ្នាំ និង ១៧​ករណី​ក្នុង​ចំណោម​ជំងឺ​ផ្ដាសាយ​បក្សី​ទាំង ២៦​ករណី គឺ​ជា​នារី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។