យោងតាមអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ក្រុមបាតុករដែលទាមទារទម្លាក់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ស៊ុមឆាយ វ៉ុងសាវ៉ាត់ ដែលគេចោទថា ជាអាយ៉ងរបស់លោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ិន ឈិនណាវ៉ាត់នោះ បានប្តេជ្ញាបន្តការបិទព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ និងព្រលានយន្តហោះចាស់ដនមឿង តទៅទៀត។
ខាងក្រោមនេះ ជាសេចក្ដីរាយការណ៍របស់លោក ពង្ស ខេមរៈ អំពីស្ថានការណ៍ចុងក្រោយនៅក្រុងបាងកក ដែលមានសេចក្តីដូចតទៅ ៖
សាន សុវិទ្យ ៖ លោក ខេមរៈ តើស្ថានការណ៍នៅក្រុងបាងកកមកទល់នឹងពេលនេះ តើវាយ៉ាងណាទៅហើយ?
ពង្ស ខេមរៈ ៖ នៅពេលនេះ ក្រុមបាតុករនៃសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ចំឡង ស្រីមួង មេដឹកនាំនោះបានប្ដេជ្ញាថា នឹងកាន់កាប់ព្រលានយន្តហោះបន្តទៅទៀត។ ហើយការប្ដេជ្ញានេះគឺកើតឡើងបន្ទាប់ពីមានការផ្ទុះគ្រាប់កាលពីវេលាអធ្រាត្រនិងរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យនេះនៅវិមានរដ្ឋាភិបាល ទីដែលបាតុករកំពុងកាន់កាប់និងនៅស្ថានីយទូរទស្សន៍ ASTV ដែលជាស្ថានីយទូរទស្សន៍របស់ក្រុមសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យហ្នឹងផងដែរ និងការផ្ទុះគ្រាប់នៅព្រលានយន្តហោះដនមឿង។
ខ្ញុំសូមជម្រាបថា យ៉ាងហោចណាស់បាតុករប្រឆាំងរដ្ឋាភិបាលប្រហែល ៥០នាក់ បានរងរបួសក្នុងបរិវេណអគាររដ្ឋាភិបាលថៃ ក្នុងក្រុងបាងកក ដោយសារការវាយប្រហារដោយគ្រាប់ M79 ដែលក្រុមបាតុករបាននិយាយកាលពីយប់ប្រហែលម៉ោង ១១ និង៥៥នាទីថ្ងៃសៅរ៍ មនុស្ស ៤៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រ៉ាម៉ាធិបឌី ហើយពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រ៉ាមង្ឃុត និងម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យវ៉ាជីរ៉ា។
សាន សុវិទ្យ ៖ តើគេដឹងទេថា នរណាជាអ្នកវាយប្រហារ?
ពង្ស ខេមរៈ ៖ រហូតមកទល់ពេលនេះ សមត្ថកិច្ចប៉ូលិសនៅមិនទាន់អាចបង្ហាញអត្តសញ្ញាណនៃអ្នកវាយប្រហារដោយគ្រាប់បែកនិងគ្រាប់កាំភ្លើងនោះទេ។ ហើយខ្ញុំសូមបញ្ជាក់ផងដែរថា នៅព្រលានយន្តហោះដនមឿង ប្រហែលជាម៉ោងជិត ៤ទៀបភ្លឺ ព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីការផ្ទុះគ្រាប់នៅអគាររដ្ឋាភិបាលថៃចំនួន ២០នាទីមក គឺមានការផ្ទុះគ្រាប់នៅក្បែរស្ថានីយទូរទស្សន៍ ASTV របស់ក្រុមសម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យនោះ គឺស្ថិតនៅផ្លូវប្រាធីត ក្នុងក្រុងបាងកក។
សាក្សីនិយាយថា ស្នូរគ្រាប់ដែលផ្ទុះនោះ គឺជាគ្រាប់កាំភ្លើងដែលគេបាញ់ ឮប្រហែលជា ១០នាទី និងថា ពុំមានការរងរបួសទេ។ ហើយបន្តិចក្រោយមកទៀត នៅវេលាម៉ោងជិត ៤ទៀបភ្លឺនេះ នៅព្រលានយន្តហោះដនមឿង ដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកំពុងកាន់កាប់នោះ មានផ្ទុះគ្រាប់មួយគ្រាប់ ប៉ុន្តែពុំមានអ្នករងរបួសដែរ។
ហើយមុននឹងការផ្ទុះគ្រាប់នៅកន្លែងអ្នកធ្វើដំណើររង់ចាំនោះ ក៏មានឮស្នូរការបាញ់គ្រាប់កាំភ្លើងចំនួន ៧គ្រាប់ផងដែរ។ ហើយដូចខ្ញុំបានជម្រាបអម្បាញ់មិញអ៊ីចឹង គឺថា រហូតមកទល់ពេលនេះ ប៉ូលិសថៃនៅមិនទាន់អាចបង្ហាញអត្តសញ្ញាណនៃអ្នកវាយប្រហារគ្រាប់បែក និងគ្រាប់កាំភ្លើងនោះនៅឡើយទេ៕